ជាតិ
ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត និងខេត្តស្វាយរៀង នឹងក្លាយជាខេត្តអស់មីន ក្នុងពេលឆាប់ៗនេះ
06, Aug 2022 , 8:29 pm        
រូបភាព
រូបភាពពីអាជ្ញាធរមីន
រូបភាពពីអាជ្ញាធរមីន
ដោយ៖ ញឹក សំអូន
 
អាជ្ញាធរមីន នឹងប្រកាសខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត និងខេត្តស្វាយរៀង ជាខេត្តអស់មីន ក្រោមគម្រោងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

 
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងស្តីពីការងារបោសសម្អាតមីន ក្នុងខេត្តចំនួន ៥ ខាងលើ ព្រមទាំងត្រូវប្រកាសជាខេត្តអស់មីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ ខេត្តទាំង ៥នោះ មានទំហំផ្ទៃដីសរុបចំនួន ៣០ ៩១២ ៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រក្រឡា)។
 
អាជ្ញាធរមីនរូបនេះ បានបញ្ជាក់ថា សកម្មភាពបោសសម្អាតមីននេះ នឹងចាប់ផ្តើមប្រតិបត្តិការចាប់ពីខែសីហានេះ ហើយនឹងគ្រោងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ គឺសម្រាប់ខេត្តតាកែវ ដែលមានផ្ទៃដីសរុប ៣ ៦២៦ ៨៥៦ ម៉ែត្រក្រឡា, កំពង់ចាម ផ្ទៃដីសរុប ៩៧៩ ៥៨៦ ម៉ែត្រក្រឡា និងខេត្តកំពង់ឆ្នាំង ផ្ទៃដីសរុប ៣ ២៧៧ ៦២៧ ម៉ែត្រក្រឡា។ ចំណែកខេត្តស្វាយរៀង មានផ្ទៃដីសរុប ១២ ៣៨៦ ៩២៧ ម៉ែត្រក្រឡា និងខេត្តកំពត ផ្ទៃដីសរុប ១០ ៦៤១ ៦៧៧ ម៉ែត្រក្រឡា នឹងគ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣។
 
ជាមួយគ្នានេះ លោក លី ធុជ បានថ្លែងអំណរគុណដល់សម្ដេច និងប្រជាពលរដ្ឋកម្ពុជាទាំង ៥ខេត្ត ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ កុម្ភៈ អាជ្ញាធរមីនបានប្រកាសខេត្តកែប ជាខេត្តដំបូង«អស់មីន» ខណៈខេត្តក្រុង ៧ទៀត ដូចជាព្រៃវែង កណ្តាល ភ្នំពេញ កំពង់ចាម ព្រះសីហនុ រតនគិរី និងតាកែវ គ្រោងនឹងប្រកាសបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។ គិតត្រឹមឆ្នាំ២០២១ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៧៨៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាដាក់គោលដៅបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com