ជាតិ
សង្គមជាតិ
កម្ពុជាបន្តសុំជំនួយពីដៃគូរអភិវឌ្ឍន៍ ដើម្បីសម្រេចគោលដៅ«កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»
26, Aug 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យភាគីដែលជាដៃគូអភិវឌ្ឍ និងស្ថានទូតប្រចាំកម្ពុជា បន្តផ្តល់ជំនួយ ដើម្បីសម្រេចគោលដៅឆ្ពោះទៅ«កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។ កម្ពុជាបានស្នើសុំបែបនេះនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងលោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គទូតនានាប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

 
លោក លី ធុជ បានបង្ហាញពីសមិទ្ធផលការងារសម្រេចបានក្នុងការអនុវត្តផែនការបោសសំអាតមីន រយៈពេល៣ឆ្នាំកន្លងមកដល់ភាគីពាក់ព័ន្ធ។ ក្នុងនោះកម្ពុជាបានរំដោះផ្ទៃដី ដែលមានគ្រាប់មីនបាន៤២១គីឡូម៉ែត្រក្រឡា ឬស្មើនឹង៦៦ភាគរយ។ ក្នុងប្រតិបត្តិការនោះ កម្ពុជាបានរកឃើញ និងកម្ទេចគ្រាប់មីនជិត៥ម៉ឺនគ្រាប់,គ្រាប់មីនប្រឆាំងរថក្រោះ៩៥៦គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង២២ម៉ឺនគ្រាប់។ 
 
លោកអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានរៀបរាប់ដូច្នេះថា៖«ការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទជាប្រវត្តិសាស្ត្រ ចាប់ពីរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩ រហូតដល់ការបោសសម្អាតមីន ដើម្បីចូលរួមការអភិវឌ្ឍ និងផ្តល់ដីសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសជាច្រើនជុំវិញពិភពលោក»។ 


លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា។ រូបភាពពីអាជ្ញាធរមីន​ 

លោក លី ធុជ បានស្នើឲ្យភាគីអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី អង់គ្លេស ចិន អាល្លឺម៉ង់ ស្វីស នូវែលហ្សឺឡង់ កាណាដា ន័រវែស ហុងគ្រី បារាំង ឥណ្ឌា អៀរឡង់ អេស្ប៉ាញ ស៊ុយអ៊ែត ប៊ែលហ្សិក អូទ្រីស អង្គការUNDP អង្គការUNICEF និងគូដៃអភិវឌ្ឍផ្សេងៗទៀត បន្តផ្តល់ជាជំនួយដល់កម្ពុជា ដើម្បីស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកម្ពុជាសម្រេចបាននូវគោលដៅ«កម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។ 
 
បន្ថែមពីនេះ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា  បានលើកឡើងអំពីចក្ខុវិស័យ ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ និងចាត់ទុកការងារបោសសម្អាតមីនជាកិច្ចការងារដ៏សំខាន់ ដើម្បីធានាពលរដ្ឋកម្ពុជា មិនឲ្យគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្មានសំណល់ជាតិផ្ទុះនៅកម្ពុជា។ 


 
បើតាមលោក លី ធុជ គិតត្រឹមរយៈពេល៧ខែឆ្នាំ២០២១នេះ គ្រាប់មីនបានបង្កឲ្យមនុស្សចំនួន៣២នាក់រងគ្រោះ។ ចាប់ពីឆ្នាំ១៩៧៩ ដល់ ២០២០ កម្ពុជាមានប្រជាពលរដ្ឋជិត ២ម៉ឺននាក់បានស្លាប់ និងរងរបួសដោយពិការដាច់ដៃជើងជាង ៤,៥ម៉ឺននាក់ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ។
 
កម្ពុជាត្រូវបន្តបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ចំនួន១,៣១៦គីឡូម៉ែត្រការ៉េបន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ដើម្បីសម្រេចឱ្យបាន នូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិការបោះសម្អាតផ្ទៃដីមីនទាំងនេះ  គឺកម្ពុជាត្រូវការថវិកាជិត៤០០លានដុល្លារអាមេរិក៕
 
 


 
 
 
 

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com