ជាតិ
ស្ថានទូតជប៉ុន ផ្ដល់លិខិតសរសើរដល់បុគ្គលនិងក្រុមឆ្នើម លើសកម្មភាពរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន
07, Aug 2022 , 7:29 pm        
រូបភាព
ភ្នំពេញ៖ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេសជប៉ុន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន សម្រាប់ឆ្នាំនេះជូនចំពោះបុគ្គលឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់ នូវការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសនានា។


 
បុគ្គលឬក្រុមឆ្នើមដែលបានទទួលលិខិតសរសើរ សម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានដូចជាលោកស្រី អូនិ ហ៊ិហ្វូមិ ប្រធានវិទ្យាស្ថានវប្បធម៌ជប៉ុន-អន្តរជាតិ។ លោកស្រី អូនិ ហ៊ិហ្វូមិ បានចូលរួមចំណែកក្នុងការជំរុញការអប់រំភាសាជប៉ុន នៅប្រទេសកម្ពុជា ។
 
ក្នុងឆ្នាំ១៩៩៥ លោកស្រី អូនិ ហ៊ិហ្វូមិ បានបង្កើតសាលាភាសាជប៉ុនហ៊ិហ្វូមិ នៅក្នុងខេត្តសៀមរាប ហើយលោកស្រីបានធ្វើការងារ ពាក់ព័ន្ធនឹងការអប់រំភាសាជប៉ុន និងការផ្លាស់ប្ដូរវប្បធម៌សម្រាប់រយៈពេលជិត៣០ឆ្នាំ។ សាលានេះបានផ្ដល់មិនត្រឹមតែការអប់រំភាសាជប៉ុនប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រការស្វែងរកការងារ សម្រាប់យុវជនវ័យក្មេង ដែលពុំទទួលបានការអប់រំ ឬគ្មានការងារ។ ចំនួនសិស្សដែលបានចូលរៀន បានកើនឡើងជាលំដាប់ ហើយរហូតមកទល់ពេលនេះ មានជាង៣,០០០ នាក់ហើយ។ ភាគច្រើននៃសិស្សទាំងនោះ មានសកម្មភាពយ៉ាងរស់រវើក ក្នុងវិស័យនានាដូចជាទេសចរណ៍ គិលានុបដ្ឋាយិកា និងអប់រំផងដែរ។


 
លោក ហ្វូគូដា តុម៉ុហ៊ិកុ គ្រូបង្រៀនភាសាជប៉ុន។ លោក ហ្វូគូដា តុម៉ុហ៊ិកុ បានចូលរួមចំណែក ក្នុងការជំរុញការអប់រំភាសាជប៉ុន នៅប្រទេសកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ លោកត្រូវបានបញ្ជូនមកបំពេញការងារ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជាគ្រូបង្រៀនភាសាជប៉ុន តាមរយៈអ្នកស្ម័គ្រចិត្តសហប្រត្តិការ ក្រៅប្រទេសជប៉ុនរបស់ JICA (JOCV) ដែលនៅទីនោះហើយ លោកបានបំពេញការងារក្នុងការជំរុញ និងអភិវឌ្ឍការអប់រំភាសាជប៉ុនបន្ត ដែលបានផ្អាកចាប់តាំងពីឆ្នាំ១៩៧៤។ ក្រោយពីលោកបានបញ្ចប់បេសកកម្មជាអ្នកស្ម័គ្រចិត្ត លោកក៏នៅតែបន្តចូលរួមយ៉ាងសកម្ម ពាក់ព័ន្ធនឹងការអប់រំភាសាជប៉ុន នៅប្រទេសកម្ពុជា ក្នុងស្ថាប័នមួយចំនួន ក្នុងនោះរួមមាន ដេប៉ាដឺម៉ង់ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។
 


មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) វិទ្យាស្ថានជាតិកំចាក់មីន។ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានចូលរួមចំណែក ក្នុងការជំរុញសហប្រតិបត្តិការអន្តរជាតិ លើវិស័យសហប្រតិបត្តិការបច្ចេកទេស នៅប្រទេសកម្ពុជា។ 
 
CMAC ត្រូវបានបង្កើតឡើងជាអង្គការកំចាត់មីនក្នុងឆ្នាំ១៩៩២។ វាជាស្ថាប័នជាតិដ៏ធំបំផុតក្នុងប្រទេសកម្ពុជា។ នៅកម្ពុជាផ្ទៃដីចំនួន ២,៣០១ គីឡូម៉ែត្រការ៉េ នៃតំបន់ដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមត្រូវបានបោសសម្អាត ហើយ CMAC បានចូលរួមចំណែក ក្នុងការបោសសម្អាត និងរំដោះដីសរុបជាង៥៥ភាគរយ។ តាមរយៈការជួយជ្រោមជ្រែងពីរដ្ឋាភិបាល នៃប្រទេសជប៉ុន CMAC បានផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកជំនាញមកពីប្រទេសកូឡុំប៊ី-ខាងត្បូង។ 
 
ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗ ខាងមុខនេះ។ ស្ថានទូតជប៉ុនបានសម្ដែងនូវអំណរសាទរ និងថ្លែងអំណរគុណចំពោះបុគ្គល ឬក្រុមឆ្នើមដូចបានរៀបរាប់ខាងលើ ដែលបានចូលរួមចំណែក ដល់ការលើកស្ទួយទំនាក់ទំនងមិត្តភាពរវាងជប៉ុន-កម្ពុជា៕
 

Tag:
 ស្ថានទូតជប៉ុន
  លិខិតសរសើរ
  កម្ពុជា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com