ជាតិ
ក្រសួងប្រាប់អ្នកបើកបរដាក់បណ្ណបើកបរ ឆៀក លិខិតសម្គាល់យានជំនិះ និងបណ្ណអាជីវកម្មតាមខ្លួន
08, Aug 2022 , 8:29 am        
រូបភាព
រូបភាពពី​ក្រសួង​សាធារណការ
រូបភាពពី​ក្រសួង​សាធារណការ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ឆ្លើយតបនឹងមតិពលរដ្ឋដែលលើកឡើងពាក់ព័ន្ធនឹង ឯកសារដែលត្រូវដាក់តាមខ្លួនពេលបើកបរ ក្រសួងសាធារណការ បានប្រាប់ដល់អ្នកបើកបរទាំងអស់ឲ្យដាក់ឯកសារ៤ប្រភេទតាមខ្លួន។ ឯកសារទាំង៤នេះ មានបណ្ណបើកបរច្បាប់ដើម បណ្ណសម្គាល់យានជំនិះ លិខិតប្រកបអាជីវកម្ម និងឆៀក។

 
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងស្ដីពី ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត ជាការឆ្លើយតបនឹងមតិពលរដ្ឋ។ ក្រសួងពន្យល់ថា ដើម្បីងាយស្រួលគ្រប់គ្រងយានយន្ត ក្រសួងបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) លិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ ហេតុដូចនេះ ក្រសួងណែនាំឲ្យអ្នកបើកយានយន្តទាំងអស់ ត្រូវភ្ជាប់ឯកសារសំខាន់ៗទាំង៤ខាងលើ តាមខ្លួន ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍។ 
 
លិខិតដដែល ចេញថ្ងៃទី៥សីហានេះ បានសរសេរបញ្ជាក់យ៉ាងដូច្នេះ៖ «ដូចនេះ ដើម្បីចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួងសូមធ្វើការណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍លើផ្លូវគោក ត្រូវមានឯកសារភ្ជាប់តាមខ្លួនរួមមាន៖ បណ្ណបើកបរយានយន្ត ច្បាប់ដើម, បណ្ណសម្គាល់យានជំនិះ ច្បាប់ថតចម្លងក្នុងករណីមិនមាន QR Code, ឆៀក ប្រើច្បាប់ថតចម្លង និង លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនជាច្បាប់ថតចម្លង»៕ 

© រក្សាសិទ្ធិដោយ thmeythmey.com