ជាតិ
ទឹកទន្លេមេគង្គនៅកំពង់ចាម ស្ទឹងត្រែង និងក្រចេះ នឹងហក់ឡើងនៅ ៤ ទៅ ៥ថ្ងៃទៀត
09, Aug 2022 , 2:31 pm        
រូបភាព
ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមហូរចូលព្រែកនានា។ រូបភាពពី Pen Khon ។
ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមហូរចូលព្រែកនានា។ រូបភាពពី Pen Khon ។
ដោយ ៖ ធន់ សេងហុង 

កម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេល ៤ ទៅ ថ្ងៃខាងមុខទៀត នៅតាមបណ្តាខេត្តមួយចំនួនជាប់តាមដងទន្លេមេគង្គដូចជា កំពង់ចាម ស្ទឹងត្រែង និងក្រចេះ។ ស្ថានភាពនេះ កើតឡើងដោយសារការប្រែប្រួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) ។

 
ស្ថានភាពខាងលើនេះ នឹងបណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ 
 
បើតាមសេចក្តីជូនដំណឹងដដែល កម្ពស់ទឹកក្នុងខេត្តស្ទឹងត្រែង នឹងអាចឡើងដល់កម្ពស់ ៨,៥ម៉ែត្រ ខណៈក្រចេះ អាចឡើងដល់កម្ពស់ ១៩ម៉ែត្រ ស្របពេលដែលកំពង់ចាម អាចឡើងដល់កម្ពស់ ១២ម៉ែត្រ។ 
 
ទន្ទឹមនេះ ទឹកទន្លេនៅតំបន់ភាគឦសានដែលរួមមាន ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់។ 
 
គួរបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ មិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕
 
 

Tag:
 ទឹកទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com