ជាតិ
ជនជាតិដើមភាគតិច ក្នុងភូមិពូត្រំទីបី ខេត្តមណ្ឌលគិរី ទុកផ្លែប័រជ្រុះចោលព្រោះគ្មានទីផ្សារ
09, Aug 2022 , 9:59 pm        
រូបភាព
ប៊័រធម្មជាតិ របស់ជនជាតិដើម
ប៊័រធម្មជាតិ របស់ជនជាតិដើម
ដោយ:
មណ្ឌលគិរី៖ ដំណាំប័ររបស់ជនជាតិដើមភាគតិចក្នុងភូមិពូត្រំទីបីខេត្តមណ្ឌលគិរី ទទួលបានទិន្នផលធម្មតា ប៉ុន្ដែគ្មានទីផ្សារលក់ចេញព្រោះគ្មានឈ្មួញចុះមកទិញ។ ពលរដ្ឋក្នុងភូមិខ្លះ បានទុកឱ្យប័រជ្រុះចោលរីឯអ្នកខ្លះបាននាំយកលក់នៅផ្សារក្នុងតម្លៃទាប។ ប័រនៅចុងរដូវក្នុងឆ្នាំនេះអាចលក់បានចន្លោះពី១៣០០រៀល ទៅ២០០០រៀល ក្នុងមួយគីឡូក្រាម។ 



អ្នកស្រី ភារា ជាជនជាតិព្នងរស់នៅក្នុងភូមិពូត្រំទីបី សង្កាត់រម្យនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានThmeyThmey25 ឆ្នាំនេះប័ររបស់អ្នកស្រីនិងអ្នកនៅក្នុងភូមិគ្មានឈ្មួញចុះមកទិញឡើយ។ អ្នកស្រីបន្តថា ឆ្នាំមុនៗ នៅពេលដល់រដូវប្រមូលផលតែងមានឈ្មួញមកយកអស់ៗ ដោយឈ្មួញបានចុះមកកក់ទុកមុន តាំងពីប័រចាប់ផ្ដើមផ្កាឯណោះ។ផ្ទុយពីឆ្នាំមុន ឆ្នាំនេះ សូម្បីឈ្មួញម្នាក់ក៏គ្មានដែរ។ 
  

កញ្ញា មីកា ស្ពាយប៊័រលក់នៅផ្សា ក្នុងក្រុងសែនមនោរម្យ

អ្នកស្រីភារា លើកឡើងដូច្នេះ៖ «​ យើងអត់ដឹងទេថា ហេតុអ្វីឆ្នាំនេះប័រលក់មិនចេញ។ពេលយើងយកលក់នៅផ្សារ ក៏មិនសូវដាច់។ បច្ចុប្បន្នប័រចុងដៃ យើងអាចលក់បានចន្លោះ១៣០០រៀលទៅ២០០០រៀលប៉ុណ្ណោះ នៅក្នុងផ្សារទីរួមខេត្តមណ្ឌលគិរី»។ 
 
យុវតីម្នាក់កំពុងស្ពាយប័រលក់នៅក្នុងផ្សារសែនមនោរម្យ កញ្ញា មីកាបានប្រាប់ថា ប័រនៅក្នុងភូមិរបស់នាង លក់បានតម្លៃថោកនិងត្រូវបានគេបង្អាប់ថ្លៃនៅលើទីផ្សារ។ « ប័រពួកខ្ញុំធម្មជាតិតូចៗ និងមិនសូវល្អដូចប័រនាំចូលពីក្រៅ។អ្នកទិញភាគច្រើននិយាយថា ប័រជនជាតិដាំមិនល្អទេ តូចៗ កុំលក់ថ្លៃពេក។ខ្ញុំនេះលក់បានថោកហើយមិនសូវមានអ្នកទិញទៀត»។នេះជាការលើកឡើងរបស់កញ្ញា មីកា។ 
  

ប៊័ររបស់ជនជាតិព្នង លក់ក្នុងផ្សា ក្នុងក្រុងសែនមនោរម្យ

ជាមួយគ្នានេះ អ្នកភូមិរស់នៅភូមិពូត្រំទីបី សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ឆ្នាំនេះប័ររបស់អ្នកស្រី លក់ឡើយ។ ព្រោះលក់មិនដាច់ ស្រ្តីរូបនេះ​ យកប័រឱ្យជ្រូកស៊ី ព្រោះមិនដឹងយកទៅណាដែរ។ និយាយទាំងទឹកមុខស្រពោន អមដោយសម្តីមួយៗ អ្នកស្រីថារៀងរាល់ឆ្នាំអ្នកភូមិរំពឹងឈ្មួញ នៅពេលគេមិនចុះទិញគ្រប់គ្នាមិនដឹងយកទៅណាទេមានតែឱ្យជ្រូក គោ មាន់ ទាស៊ីប៉ុណ្ណោះ។ 
 
«លក់មិនចេញទេ ហើយក៏មិនដឹងយកទៅណា ក្រៅពីចោល និងរើសឱ្យជ្រូកស៊ី។ចង់លក់ដែរតែមិនយកទៅលក់ឯណា។ មួយវិញទៀតមុនគេទិញ គេបង្អាប់យើងចុះឡើងចុះឡើងបែបនេះទើបខ្ជិល ខ្ញុំសុខចិត្តទុកចោល»។ នេះជាការលើកឡើងរបស់បងស្រីរបស់មីកា៕
 

ភូមិពូត្រីទីបី

សកម្មភាព ស្ពាយប៊័លក់ ក្នុងខេត្តមណ្ឌលគិរី

 អ្នកស្រីភារា ជាអ្នកលក់ប៊័រ ក្នុងភូមិពូត្រំទីបី

Tag:
 មណ្ឌលគិរី
  ប័រ
  ជនជាតិដើមភាគ
© រក្សាសិទ្ធិដោយ thmeythmey.com