ជាតិ
សិល្បះ
ក្រសួងវប្បធម៌ បានពិនិត្យរឿង“បុព្វេសន្និវាស​វគ្គ២” របស់ថៃហើយ ពុំមានចំណុចណាប៉ះពាល់កម្ពុជាទេ
12, Aug 2022 , 5:00 pm        
រូបភាព
ភ្នំពេញ​៖ សាធារណជន​ខ្មែរ មាន​ការ​មិន​ពេញ​ចិត្ត​ នៅ​ពេល​ឃើញឈុត​ផ្សព្វ​​ផ្សាយ​ខ្លី​នៃ​​រឿង “បុព្វេសន្និវាសវគ្គ​២” បាន​​​​បង្ហាញ​​ផែន​ទីពី​អតីតកាល​ ​រវាង​ប្រទេស​កម្ពុជា​​និង​ប្រទេស​ថៃ​​។ សាធារណជន​ខ្មែរ​មួយ​ចំនួន​​ ចាត់​ទុក​ការ​បង្ហាញ​ផែន​ទីនោះ ថៃ​មាន​ចេតនា​ចង់​បញ្ជាក់​ថា​ទឹក​ដី​នោះ ​​ជា​កម្ម​សិទ្ធ​របស់​ប្រទេស​ថៃ​។ ទោះ​ជា​យ៉ាង​ណា នាយកដ្ឋាន​ភាពយន្តបាន​បញ្ជាក់​ថា សាច់​រឿង​ពេញ​នៃ​រឿង “បុព្វេសន្និវាសវគ្គ២” មិន​មាន​បង្ហាញ​ពី​ផែន​ទី​នោះ​ឡើយ​។ ​​


សាធារណជន​ខ្មែរ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន ​ជុំ​វិញ​ការ​បង្ហាញ​ផែន​ទី​មួយ ​ក្នុង​ឈុត​ផ្សព្វ​ផ្សាយ​ខ្លីនៃ​រឿង​ “​បុព្វេសន្និវាស​វគ្គ២” ដែល​ផែន​ទី​នោះ បាន​បង្ហាញ​ថា ទឹក​ដី​មួយ​ចំនួននៃ​​ភាគ​ពាយ័ព្យ របស់​​ប្រទេស​កម្ពុជា​គឺ​ជា​របស់​ថៃ​។ សាធារណជន​ខ្មែរ យល់​​ឃើញ​ថាការ​បង្ហាញ​ផែន​ទី​បែប​នោះ​ នឹង​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​សាធារណជន​ជាតិ​ និង​អន្តរជាតិ​ ទាំង​ដែល​ផែន​ទី​នោះ​ គឺ​ជា​ផែន​ទី​កាល​​ពីអតីកាល​​។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសុំការអត្ថាប្បាយជុំវិញបញ្ហានេះ ប៉ុន្តែមិនមានអ្នកទទួល។
 
តែយ៉ាងណាលោក​ ប៉ុក បូរក្ស ប្រធាន​នាយក​ដ្ឋាន​ភាពយន្ត​ បាន​ផ្ដល់​​បទ​សម្ភាសដល់​សារព័ត៌​មានកម្ពុជាថ្មី​ថា មុន​ពេល​នាយក​ដ្ឋាន​ភាព​យន្ត​ផ្ដល់​ទិដ្ឋាការ ឱ្យ​ភាព​យន្ត​ណា​មួយ​​បញ្ចាំង​នៅ​ក្នុងប្រទេស​កម្ពុជា​ នាយក​ដ្ឋាន​បាន​ពិនិត្យ​មើល​​យ៉ាង​ល្អិត​ល្អ​ន់ ​ពី​ផល​ប៉ះ​ពាល់​នានា​នៃ​រឿង​នោះ​។ ជាក់​ស្ដែង​នាយក​ដ្ឋាន​របស់​លោក ​បាន​ពិនិត្យ​មើល​សាច់រឿង “បុព្វេសន្និវាសវគ្គ​២" ដែល​មាន​រយៈ​ពេល​ជិត​៣​ម៉ោង​នោះ​ហើយ​ គឺ​ពុំ​ឃើញ​មាន​ឈុត​ណា​មួយក្នុង​រឿង​​ បង្ហាញ​ពី​ផែន​ទីដូច​ការ​​បង្ហាញ​នៅ​ក្នុង​ឈុត​ផ្សព្វ​ផ្សាយ​ខ្លី​នោះ​ឡើយ។ 
 
បើតាម​​ប្រវត្តិសាស្ត្រ​​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ កាល​ពី​អតីតកាល នៅ​ក្នុង​អំឡុង​ឆ្នាំ​១៧៩៥ គឺ​ក្នុងសម័យ​ឧដុង្គ ខេត្ត​របស់​ប្រទេស​កម្ពុជានាភាគ​ពាយ័ព្យ​​ចំនួន​៣ គឺ​​ខេត្ត​បាត់​ដំ​បង មហានគរ(ជាខេត្ត​នៅ​សម័យ​មហានគរ ដែល​បច្ចុប្បន្ន​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប) និង​ចុងកាល់​ ត្រូវ​បាន​ព្រះ​រាជាខ្មែរ ព្រះ​នាម​ព្រះ​អង្គអេង ​កាត់​ឱ្យ​ទៅ​ប្រទេស​សៀម​​បណ្ដោះ​អាសន្ន​​។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ ព្រះ​រាជាខ្មែរត្រូវ​​បង្ខំ​ព្រះ​ទ័យ​កាត់​ទឹក​ដីទាំង​នោះ​​ឱ្យ​ទៅ​សៀម ក្រោយពី​មាន​​ការ​គម្រាម​ពី​ស្ដេច​ថៃព្រះ​ចៅ​រាមាទី១ ថាប្រទេស​ទាំង​ពីរ​នឹង​ក្លាយ​ជា​សត្រូវ ​​បើខ្មែរ​​មិន​ព្រម​កាត់ទឹក​​ដី​នោះ​ឱ្យ​ទៅ​សៀម​​។ 
 
ដោយ​សារ​តែ​ប្រទេស​ជា​តិកំពុង​ស្ថិត​ក្នុង​​ភាព​ទន់​ខ្សោយ​ ទាំង​វិស័យ​ការពារ​ជាតិ​ ហើយ​សេដ្ឋ​កិច្ច​ក៏​ធ្លាក់​ចុះ​ខ្លាំង​​ផងនោះ​ ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​នាម​ព្រះ​អង្គអេង បាន​យល់​ព្រម​កាត់​ទឹក​ដី​៣ខេត្ត​​ឱ្យ​ទៅ​សៀម ប៉ុន្តែ​ព្រះអង្គ​អេង បាន​បញ្ជាក់​ជា​មួយ​ស្ដេច​សៀម ថា​ឱ្យ​តែ​ក្នុង​រជ្ជកាល​ព្រះ​ចៅ​រាមាទី១​ប៉ុណ្ណោះ​​។ មាន​ន័យ​ថា កាល​ណា​ព្រះ​ចៅ​រាមាទី១​ សោយទិវង្គតទៅ​ ខ្មែរ​នឹង​យក​ទឹក​ដី​នោះ​មក​វិញ​។ 
 
វិល​មក​រឿង​ “បុព្វេសន្និវាសវគ្គ២”វិញ គេនៅ​​ពុំទាន់​​បាន​ដឹង​នៅឡើយ ​ពី​ចេតនា​របស់​ផលិតករ​ ឬ​ផលិត​កម្ម​ថៃ ដែល​​បញ្ចូល​​ផែន​ទីនោះ ទៅ​​ក្នុង​វិដេអូ​ផ្សព្វ​ផ្សាយ​ខ្លីថា​មាន​​បំណង​អ្វី​ ទាំង​ដែល​សាច់​រឿង​ទាំង​មូល​ពុំ​មាន​ឈុត​មួយ​ណា​ បាន​បង្ហាញ​ពី​ផែន​ទី​នោះ​សោះ​៕
 

Tag:
 ភាព​យន្ត​
  ថៃ​
  បុព្វេសន្និវាស
© រក្សាសិទ្ធិដោយ thmeythmey.com