អន្តរជាតិ
នាយករដ្ឋមន្រ្តីឥណ្ឌា ប្តេជ្ញាធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍន៍ មុនខួបឯករាជ្យ១០០ឆ្នាំ
15, Aug 2022 , 2:42 pm        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១៥ ខែសីហា បានប្តេជ្ញាធ្វើឱ្យឥណ្ឌា ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេល២៥ឆ្នាំមុខ មុនប្រារព្ធខួបឯករាជ្យ ១០០ឆ្នាំពីអាណានិគមរបស់អង់គ្លេស។

 
ឥណ្ឌា ត្រូវបានចាត់ថ្នាក់ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានចំនួនដ៏ច្រើនលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីចិន ដោយមានច្រើនជាង ១,២ពាន់លាននាក់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Business Standard ប្រជាជនឥណ្ឌាប្រមាណ ៦០ភាគរយ ឬ៨១២លាននាក់ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលមានចំនួន ៣,២ដុល្លារក្នុងថ្ងៃ។ 
 
បើទោះប្រជាជនជាច្រើនលាននាក់ កំពុងស្ថិតក្នុងភាពក្រីក្រក្តី នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី បានប្រកាសធ្វើឱ្យឥណ្ឌា ក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ 
 
«ឥណ្ឌា ត្រូវតែក្លាយជាប្រទេសអភិវឌ្ឍ មុនពេលបារព្ធខួប១០០ឆ្នាំ»។ នាយករដ្ឋមន្រ្តីឥណ្ឌា បានសង្កត់ធ្ងន់បែបនេះ។ ក្នុងពិធីដដែល លោកម៉ូឌី បានលើកឡើងពីបញ្ហាប្រឈមជាច្រើន ក្នុងនោះមានដូចជាអំពើពុករលួយ និងបក្សពួកនិយមជាដើម។ ត្រង់ចំណុចនេះ មេដឹកនាំឥណ្ឌា បានជំរុញឱ្យប្រជាជនចូលរួមជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាខាងលើ។ 
 
ក្នុងសុន្ទរកថាប្រមាណ ៩០នាទី ប្រមុខរដ្ឋាភិបាលឥណ្ឌា បានកំណត់គោលដៅអភិវឌ្ឍន៍ចំនួន ៥ធំៗក្នុងនោះមានដូចជា ការបង្រួបបង្រួម, គោលដៅនៃឥណ្ឌាជាប្រទេសអភិវឌ្ឍន៍, លុបបំបាត់ផ្នត់គំនិតសល់ពីសម័យអាណានិគម, មោទកភាពសម្រាប់ឥណ្ឌា និងការយល់ដឹងផ្នែកកាតព្វកិច្ចចំពោះប្រជាជនឥណ្ឌា៕ 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com