អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
KCNA៖ លោកពូទីនប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង
15, Aug 2022 , 4:36 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចាប់ដៃជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងឆ្នាំ២០១៩។ រូបភាព៖ AFP
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចាប់ដៃជាមួយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្នុងឆ្នាំ២០១៩។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងប្រកបដោយការស្ថាបនា តាមរយៈកិច្ចខិតខំរួមគ្នា។ ចំណែកលោកគីម បានលើកឡើងថា​ ប្រទេសទាំងពីររឹតតែមានសាមគ្គីភាពគ្នា ខណៈដែលរងការគំរាមកំហែងពីកម្លាំងយោធារបស់សត្រូវ។

 
នៅក្នុងលិខិតផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន សម្រាប់ថ្ងៃរំលឹកដល់ការរំដោះប្រទេសកូរ៉េពីជប៉ុន ប្រធានាធីបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានលើកឡើងថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងក្លាយជាផល ប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ហើយជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ហើយតំបន់អាស៊ីភាគឦសានផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១៥ ខែសីហា។
 
ជាការឆ្លើយតប លោកគីមក៏បានផ្ញើលិខិតមួយត្រឡប់ទៅលោកពូទីនវិញ ដោយលើកឡើងថា ទំនាក់ទំនងមិត្តភាពរុស្ស៊ី-កូរ៉េខាងជើង ត្រូវបានបង្កើតឡើងកាលពីក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើជប៉ុន និងការកាន់កាប់ឧបទ្វីបកូរ៉េ។ 
 
មេដឹកនាំកូរ៉េខាងជើង បានបន្តថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការគាំទ្រគ្នា និងសាមគ្គីភាពរវាងប្រទេសទាំងពីរបានឈានដល់ កម្រិតថ្មីមួយ ចាប់តាំងពីពេលដែលភាគីទាំងពីរបានប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការគំរាម​កំហែង និងការបង្កអរិភាពពីសំណាក់កងកម្លាំងយោធាសត្រូវ។ បើទោះលោកគីម មិនបានសំដៅដល់ប្រទេសណាមួយ ប៉ុន្តែមេដឹកនាំរូបនេះ ទំនងសំដៅដល់អាម៉េរិក និងសម្ព័ន្ធមិត្ត។ 
 
ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានព្យាករណ៍ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងកើនឡើង ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ នៅពេលដែលលោកបានជួបជាមួយលោកពូទីនដោយផ្ទាល់។
 
កន្លងមក កូរ៉េខាងជើង បានឈរនៅខាងរុស្ស៊ី ហើយកាលពីខែកក្កដា ក្រុងព្យុងយ៉ាង បានទទួលស្គាល់តំបន់ផ្ដាច់ខ្លួននៅអ៊ុយក្រែនចំនួនពីរ។ បន្ថែមពីនេះ មន្ត្រីកូរ៉េខាជើង បានបញ្ជាក់ពីការបញ្ជូនកម្មករកូរ៉េខាងជើងមួយចំនួន​ ទៅតំបន់ទាំងនោះ ដើម្បីជួយក្នុងវិស័យសំណង់ និងការងារផ្សេងៗទៀត៕
 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com