ជាតិ
ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមនៅកម្ពុជា ជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
16, Aug 2022 , 3:19 pm        
រូបភាព
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នាសន្និសីទសារព័ត៌មាន  នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបភាពក្រសួងព័ត៌មាន។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ រូបភាពក្រសួងព័ត៌មាន។
ភ្នំពេញ៖ ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពឱ្យបង្កើតវិទ្យស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ដែលមានដេប៉ាតឺម៉ង់សិក្សាវៀតណាមនៅ​ក្នុងនោះ។ ទន្ទឹមនឹង​វត្តមាននៃ​ការ​បង្កើត​ដេប៉ាតឺម៉ង់នេះ បាន​ធ្វើ​ឱ្យ​មហាជនមួយចំនួនរិះគន់ និងមិនពេញចិត្ត លើការសម្រេចបង្កើតនេះឡើយ។ ជុំវិញបញ្ហានេះ លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ថាវាជាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម។

 
​ក្នុង​សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំយុវជន  និងកីឡា» នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «(ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម) គោលបំណង គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់ តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្ដមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធ»។
 
បើតាម​លោក រស់ សុវាចា ប្រទេសកម្ពុជានិង ប្រទេសវៀតណាម បង្កើតកិច្ចសហប្រតិបត្តិការពង្រឹងវិស័យអប់រំថ្នាក់ឧត្ដមសិក្សានេះ ដូចទៅនឹងកិច្ចសហប្រតិបត្តិការដែលក្រសួងអប់រំ ធ្វើនឹងបណ្ដាប្រទេសដទៃទៀតដែរ។ ជាមួយគ្នានេះ អ្នកនាំពាក្យ អះអាងទៀតថា មិនមែនមានតែភាសាវៀតណាមឡើយ ដែលនឹងមាននៅកម្ពុជា បច្ចុប្បន្នមានដេប៉ាតឺម៉ង់ភាសាបរទេសដទៃកំពុងមានវត្តមាននៅតាមសកលវិទ្យាល័យនៅកម្ពុជា។ ភាសាបរទេសទាំងនោះរួមមាន ថៃ ចិន កូរ៉េ ជប៉ុន បារាំង អង់គ្លេស និងសិក្សាអន្តរជាតិ។
 
គួររំឭកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (វ.ស.ន.ប) ឬភាសាអង់គ្លេស Institute for International Studies and Public Policy (IISPP)។
 
ក្នុងវិទ្យាស្ថាននេះ មានដេប៉ាតឺម៉ង់ចំនួន៤ រួមមាន ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ដែលមានមុខជំនាញទំនាក់ទំនងអន្តរជាតិ និង មុខជំនាញកិច្ចការអន្តរជាតិ, ដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ ដែលមានមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ មុខជំនាញសេដ្ឋកិច្ចឌីជីថល មុខជំនាញសេដ្ឋកិច្ចគ្រប់គ្រង មុខជំនាញសេដ្ឋកិច្ចវិភាគនិងគ្រប់គ្រងហានិភ័យ និងមុខជំនាញសេដ្ឋកិច្ចនយោបាយអន្តរជាតិ។
 
ដោយឡែកដេប៉ាតឺម៉ង់ទី៣ គឺដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ ដែលមានមុខជំនាញវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ និងមុខជំនាញគោលនយោបាយសាធារណៈ។ ដេប៉ាតឺម៉ង់ទី៤គឺ សិក្សាវៀតណាម ដែលមានមានមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។
 
ក្រៅពីនេះក្នុងវិទ្យាស្ថាននេះ ក៏មានបង្កើត មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍, មជ្ឈមណ្ឌលខេមរសិក្សា និង មជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ផងដែរ៕
 

Tag:
 ThmeyThmeu25
  ដេប៉ាតឺម៉ង់វៀតណាម
  ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com