អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឯកអគ្គរដ្ឋទូត EU៖ ជំហររបស់យើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកគឺមិនប្រឆាំងនឹងនរណាម្នាក់ទេ
17, Aug 2022 , 11:11 am        
រូបភាព
លោក Sujiro Seam ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំរដ្ឋប៉ាស៊ីហ្វិក។ រូបថតពីហ្វេសប៊ុកសហភាពអឺរ៉ុបប្រចាំប៉ាស៊ីហ្វិក
លោក Sujiro Seam ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំរដ្ឋប៉ាស៊ីហ្វិក។ រូបថតពីហ្វេសប៊ុកសហភាពអឺរ៉ុបប្រចាំប៉ាស៊ីហ្វិក
 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅរដ្ឋកោះប៉ាស៊ីហ្វិកនៅថ្ងៃទី១៦ ខែសីហា លើកឡើងថា EU កំពុងធ្វើការដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចនិងការប្តេជ្ញាចិត្តផ្នែកសន្តិសុខថ្មី ប៉ុន្តែវត្តមាននេះ មិនមែនដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ។



ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters អំឡុងទស្សនកិច្ចនៅនូវែលសេឡង់ឯកអគ្គរដ្ឋទូត EU ប្រចាំរដ្ឋប៉ាស៊ីហ្វិក លោក Sujiro Seam បាននិយាយថា EU ត្រូវបានស្គាល់ជាដៃគូអភិវឌ្ឍនៅក្នុងប៉ាស៊ីហ្វិកជាយូរមកហើយ ហើយ EU ក៏ចង់ឱ្យស្គាល់ជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រក្នុងតំបន់ផងដែរ។
 
បច្ចុប្បន្ន មហាអំណាចធំៗកំពុងប្រកួតប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ ដោយអាម៉េរិក និងអូស្ត្រាលីបង្កើនការចូលរួមនៅក្នុងតំបន់ប៉ាស៊ីហ្វិកនេះ បន្ទាប់ពីចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយកោះសូឡូម៉ុនក្នុងឆ្នាំនេះដែរ។
 
«សារសំខាន់នៃភូមិសាស្ត្រមហាសមុទ្រប៉ាស៊ីហ្វិកត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា រួមទាំងសហភាពអឺរ៉ុបផងដែរ»។ លោក Seam បានបន្តបែបនេះក្នុងកិច្ចសម្ភាសដដែល។ 
 
គួរបញ្ជាក់ថា EU មានវត្តមានជាយូរមកហើយនៅក្នុងប៉ាស៊ីហ្វិកដែលភាគច្រើនតាមរយៈទំនាក់ទំនងរបស់បារាំងជាមួយប្រទេសនៅតំបន់ប៉ូលីនេស៊ី។ នៅឆ្នាំ ២០២១ កន្លងទៅ EU បានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកជាផ្លូវការ ហើយបានប្រកាសការផ្តល់ជំនួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធជាសកលចំនួន ៣០០ ពាន់លានអឺរ៉ូ។ ពាក់ព័ន្ធនឹងគម្រោងនេះ លោក Seam បានបញ្ជាក់ថាវាកំពុងជួយជំរុញទំនាក់ទំនង EU និងប្រទេសនៅតំបន់ប៉ាស៊ីហ្វិកឱ្យកាន់តែជិតស្និទ្ធ។
 
បើតាមមន្រ្តីដដែល EU មានគម្រោងអភិវឌ្ឍន៍ច្រើនដែលកំពុងដំណើរការនៅក្នុងតំបន់ ហើយកំពុងសម្លឹងមើលបន្ថែមទៀត។ សព្វថ្ងៃ អឺរ៉ុប កំពុងបញ្ចប់គម្រោងដែលចំណាយប្រាក់៥លានអឺរ៉ូលើការសិក្សាពីកំពង់ផែមួយនៅលើកោះ Kiritimati របស់គីរីបាទី។
 
ក្នុងកិច្ចសម្ភាសនេះដែរ លោក Se​am បាននិយាយថា ផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការជំរុញវត្តមានរបស់ EU នៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺផ្តល់ឱកាសសេដ្ឋកិច្ច ហើយខ្លួនបានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មជាមួយរដ្ឋាភិបាលប៉ាស៊ីហ្វិកមួយចំនួន និងកំពុងចរចាកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយតុងហ្គាផងដែរ​៕
 

Tag:
 អឺរ៉ុប
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com