អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកយូន៖ កូរ៉េខាងត្បូង មិនចង់ឱ្យស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើងផ្លាស់ប្តូរដោយកម្លាំងទ័ពឡើយ
17, Aug 2022 , 12:09 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព៖ AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៧ ខែសីហា បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល មិនអាចផ្តល់ការធានាផ្នែកសន្តិសុខសម្រាប់ក្រុងព្យុងយ៉ាងបានទេ។ យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏មិនចង់ឱ្យស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើងផ្លាស់ប្តូរ ដោយគ្មានហេតុផល ឬដោយកម្លាំងទ័ពឡើយ។

 
ទំនាក់ទំនងអន្តរកូរ៉េ នៅតែមិនទាន់មានភាពល្អប្រសើរឡើយ បើទោះរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្តូរក្បាលម៉ាស៊ីននៅក្នុងខែឧសភា កន្លងមកក៏ដោយ។ ក្នុងសន្និសីទសារព័ត៌មានមួយស្របពេលចូលកាន់តំណែងជាប្រធានាធិបតីបាន១០០ថ្ងៃ លោក យូន សុកយ៉ល បានបញ្ជាក់ជាថ្មីពីបញ្ហាអន្តរកូរ៉េ។ 
 
«ការធានាសន្តិសុខ ជាអ្វីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងមិនអាចធ្វើបានឡើយ»។ លោកយូន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៧ ខែសីហា ដោយបន្តថា ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូង មិនចង់ឱ្យស្ថានភាពបច្ចុប្បន្នរបស់ក្រុងព្យុងយ៉ាងផ្លាស់ប្តូរ ដោយគ្មានហេតុផល និងដោយកម្លាំងយោធាឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
កន្លងមក មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បានដាក់ចេញផែនការជួយកែលម្អសេដ្ឋកិច្ចកូរ៉េខាងជើង តាមរយៈគម្រោងវិនិយោគធំៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងករណីប្រទេសជិតខាងរបស់ខ្លួនមួយនេះ លុបចោលកម្មវិធីនុយក្លេអ៊ែរ។ លោកយូន ក៏បានសន្យាជួយពង្រីកផលិតផលកសិកម្ម ធ្វើទំនើបកម្មមន្ទីរពេទ្យ រចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងអនុវត្តការវិនិយោគអន្តរជាតិសម្រាប់កូរ៉េខាងជើងផង។ 
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់លោកយូន បានបង្ហាញចំណាត់ការដ៏តឹងរ៉ឹងនៅចំពោះមុខកូរ៉េខាងជើង។ ថ្មីៗនេះ បន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់មីស៊ីលប៉ាលីស្ទិកទៅក្នុងសមុទ្រខាងកើត ក្រុងសេអ៊ូល ជាមួយសម្ព័ន្ធមិត្តបានបាញ់មីស៊ីលទៅសមុទ្រខាងកើតដែរ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូង បានសម្ញែងយន្តហោះចម្បាំងរបស់ខ្លួនថែមទៀត៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com