អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក សាកល្បងមីស៊ីលអន្តរទ្វីប​ Minuteman III ក្រោយពន្យារពេលដោយសារភាពតានតឹងនៅតៃវ៉ាន់
17, Aug 2022 , 1:59 pm        
រូបភាព
មីស៊ីលបាលីស្ទិក Minuteman III នាការសាកល្បងកន្លងមក។ រូបថតពីក្រសួងការពារជាតិអាម៉េរិក
មីស៊ីលបាលីស្ទិក Minuteman III នាការសាកល្បងកន្លងមក។ រូបថតពីក្រសួងការពារជាតិអាម៉េរិក
យោធាអាម៉េរិក បានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប Minuteman III បន្ទាប់ពីពន្យារពេលដោយសារភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែសីហា យោធាអាម៉េរិក បញ្ជាក់ថា ការតេស្តមីស៊ីលនេះនឹងជួយផ្ទៀងផ្ទាត់សុវត្ថិភាព ប្រសិទ្ធភាព និងការត្រៀមលក្ខណៈ​នៃ​ប្រព័ន្ធសព្វាវុធរបស់អាម៉េរិកផងដែរ។

 
ខណៈភាពតានតឹងនៅតែកើនឡើងនៅច្រកសមុទ្រកោះតៃវ៉ាន់ ក្រុងវ៉ាស៊ីនតោនបានពន្យារពេលសាក​ល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប Minuteman III ។ ការតេស្តមីស៊ីលនេះ ក៏​ត្រូវ​បាន​លុបចោល​ម្ដង​ដែរ​កាលពីខែមេសា ខណៈមានភាពតានតឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ខណៈដែលស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់នៅតែក្ដៅ អាម៉េរិកក៏សម្រេចបាញ់សាកល្បងមីស៊ីលនេះដោយមិនពន្យារពេលទៀតឡើយ។
 
សេចក្ដីថ្លែងការណ៍របស់យោធាអាម៉េរិកចេញថ្ងៃទី១៦ ខែសីហា បានបញ្ជាក់ពីការបាញ់មីស៊ីលអន្តរទ្វីបនេះ ទោះបីស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់មិនទាន់ធូរ ស្រាលខ្លាំងនៅឡើយ។
 
«ការបាញ់មីស៊ីលសាកល្បងទាំងនេះបានជួយផ្ទៀងផ្ទាត់សុពលភាព សុវត្ថិភាព ប្រសិទ្ធភាព និងការ​ត្រៀមលក្ខណៈរបស់ប្រព័ន្ធសព្វាវុធអាម៉េរិក»។ សេចក្ដីថ្លែងការណ៍ខាងលើសរសេរ​បែបនេះ រួចបន្តថា ការធ្វើតេស្តបែបត្រូវបានធ្វើឡើងប្រហែល៣០០ដងរួចមកហើយ ហើយការតេស្តនេះមិនមែនជា​ការឆ្លើយតបនឹងព្រឹត្តិការណ៍សកលណាមួយនោះទេ។
 
ត្រង់នេះយោធាអាម៉េរិកចង់សំដៅលើការតេស្តមីស៊ីល នឹងមិនមែនជាការឆ្លើយតបនឹងភាពតានតឹងថ្មីៗ​ដែលចិនបានធ្វើសមយុទ្ធយោធាជាច្រើនដងក្បែរតៃវ៉ាន់នោះឡើយ។
 
ជាទូទៅ កងទ័ពអាកាសអាម៉េរិកធ្វើតេស្តមីស៊ីល Minuteman III ចំនួនបួនគ្រាប់​ក្នុង​មួយ​ឆ្នាំដោ​យ​គ្រោងទុកជាច្រើនខែ និងជួនកាលច្រើនឆ្នាំជាមុន។ ការលុបចោល ឬការពន្យារ​ពេល​ការ​ធ្វើ​តេស្ត​ដោយ​សារតែបារម្ភពីការបង្កហេតុ ជារឿងកម្រមានណាស់។
 
មីស៊ីល Minuteman III ដែលមានសមត្ថភាពនុយក្លេអ៊ែរផលិតដោយក្រុមហ៊ុន Boeing ជាអាវុ​ធ​ដ៏​សំខាន់សម្រាប់ឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់យោធាអាម៉េរិក។ មីស៊ីលនេះ អាចបាញ់បានចម្ងាយលើសពី​៩,៦៦០គីឡូម៉ែត្រ ហើយអាចធ្វើដំណើរក្នុងល្បឿនប្រហែល២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com