អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់ ស្របពេលប្រធានាធិបតីកូរ៉េខាងត្បូងកាន់តំណែងបាន១០០ថ្ងៃ
17, Aug 2022 , 3:39 pm        
រូបភាព
មីស៊ីលប្រដេញរបស់កូរ៉េខាងជើង ដែលបានបាញ់កាលពីខែមករា កន្លងទៅ។ រូបភាព៖ KCNA
មីស៊ីលប្រដេញរបស់កូរ៉េខាងជើង ដែលបានបាញ់កាលពីខែមករា កន្លងទៅ។ រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែសីហា បានបាញ់មីស៊ីលប្រដេញចំនួន ២គ្រាប់ទៅក្នុងសមុទ្រលឿង។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការមីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងក្នុងថ្ងៃ លោកយូន សុកយ៉ល កាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង បាន១០០ថ្ងៃ។

 
ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនដាក់អាម៉េរិក ក៏ដូចជាកូរ៉េខាងត្បូង ដែលទើបតែមានមេដឹកនាំថ្មី។ ក្នុងថ្ងៃលោកយូន សុកយ៉ល ចូលកាន់តំណែងប្រធានាធិបតី​កូរ៉េខាងត្បូងបាន១០០ថ្ងៃ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រដេញចំនួនពីរគ្រាប់ជាថ្មី ទៅក្នុងសមុទ្រលឿង។ 
 
«យោធាកូរ៉េខាងត្បូង បានចាប់សញ្ញាមីស៊ីលប្រដេញចំនួន ពីរគ្រាប់ ដែលបាញ់ដោយកូរ៉េខាងជើង ចេញពីតំបន់ Onchon ក្នុងខេត្ត  South Pyongan ទៅក្នុងសមុទ្រលឿងព្រឹកនេះ»។ មន្រ្តីយោធាកូរ៉េខាងត្បូងបញ្ជាក់បែបនេះ តែមិនបានប្រាប់ពីប្រភេទនៃមីស៊ីលប្រដេញ​ និងពេលវេលាដែលបានបាញ់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ទន្ទឹមនេះ មន្រ្តីយោធាដដែល បានបន្ថែមថា មន្រ្តីចារកិច្ចកូរ៉េខាងត្បូង និងអាម៉េរិកកំពុងវិភាគលើការបាញ់នោះ ហើយយោធាកូរ៉េខាងត្បូង បានត្រៀមខ្លួនជាស្រេច។
 
ក្នុងថ្ងៃចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង បាន១០០ថ្ងៃ លោកយូន បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលក្រុងសេអ៊ូល គ្មានចេតនាបង្កសត្រូវជាមួយក្រុងព្យុងយ៉ាងឡើយ ហើយមានឆន្ទៈផ្តល់ជំនួយ និងគម្រោងអភិវឌ្ឍជាច្រើន ក្នុងករណីកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ។ ក្នុងទិវាសេរីភាពកូរ៉េខាងត្បូង លោកយូន ក៏បានលើកឡើងបែបនេះដែរ។ 
 
មិនតែប៉ុណ្ណោះ ក្នុងថ្ងៃទី១៧ ខែសីហាដដែល ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា រដ្ឋាភិបាលរបស់ខ្លួន មិនចង់ឱ្យស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើង ផ្លាស់ប្តូរដោយកម្លាំងយោធា ឬគ្មានហេតុផលទេ តែកូរ៉េខាងត្បូង ក៏មិនអាចធានាផ្នែកសន្តិសុខសម្រាប់កូរ៉េខាងជើងដែរ៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com