សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមគ្រោងផលិតបន្ទះឈីប សម្រាប់នាំចេញ និងផ្គង់ផ្គង់ក្នុងស្រុក
17, Aug 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានស្តាប់ការណែនាំអំពីផលិតផលឧបករណ៍បច្ចេកវិទ្យាខ្ពស់ដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន Viettel។ រូបពី Viettel ។
នាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានស្តាប់ការណែនាំអំពីផលិតផលឧបករណ៍បច្ចេកវិទ្យាខ្ពស់ដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន Viettel។ រូបពី Viettel ។
ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់វៀតណាម Viettel បានស្នើទៅនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ពីបំណងរបស់ខ្លួនក្នុងការផលិតបន្ទះឈីបដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ បន្ថែមពីលើការផ្តល់សេវាទូទាត់តាមអេឡិចត្រូនិក។ សំណើនេះត្រូវបានលើកឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី នៅឯទីស្នាក់កណ្តាលក្រុមហ៊ុន Viettel កាលពីថ្ងៃទី១៦ សីហា។



គម្រោងនេះត្រូវបានលើកឡើងស្របពេលដែលមានការខ្វះខាតបន្ទះឈីបសកលនាពេលថ្មីៗនេះ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម និងពាណិជ្ជកម្ម ដែលជំរុញឱ្យប្រទេសមួយចំនួនងាកទៅផលិតបន្ទះឈីបខ្លួនឯងដែលជាផ្នែកមួយការពារសន្តិសុខជាតិ។
 
លោក Tao Duc Thang អគ្គនាយកក្រុមហ៊ុន Viettel និយាយថា តាមរយៈការផលិតបន្ទះឈីប ខ្លួនចង់ដាក់ពង្រាយកម្មវិធីបំប្លែងឌីជីថលជាតិ សម្រាប់សេវាប្តូរប្រាក់ និងសេវាទូទាត់តាមអេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ពីគណនីធនាគារមួយទៅគណនីធនាគារមួយទៀត។
 
ក្រៅពីការផលិតបន្ទះឈីប ក្រុមហ៊ុនមួយនេះ ក៏ចង់បានការអនុញ្ញាតឱ្យមានការស្រាវជ្រាវបច្ចេកវិទ្យាថាមពលបៃតង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងវិស័យដឹកជញ្ជូន ភស្តុភារ ទីក្រុង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។
 
បើតាមលោក Tao Duc Thang ប្រសិនបើវៀតណាម​សកម្ម​ក្នុង​បច្ចេកវិទ្យាផលិត​បន្ទះ​ឈីប នោះ​វា​នឹង​ធានា​ដល់​តម្រូវការ​ក្នុងស្រុក​ក៏ដូចជា​ការនាំចេញ។
ចំណែកលោក Pham Minh Chinh លើកឡើងថា Viettel គួរតែស្រាវជ្រាវ និងផលិតបន្ទះឈីប ដើម្បីបម្រើដល់ដំណើរការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព រួមទាំងការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលផងដែរ។ 
 
បច្ចុប្បន្ននេះ មិនមានក្រុមហ៊ុនច្រើនទេនៅលើពិភពលោក ដែលចូលរួមក្នុងឧស្សាហកម្មផលិតបន្ទះឈីប។ ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេចំនួនបីរបស់ពិភពលោកគឺ TSMC, Samsung និង Intel ។ ការកើនឡើងនៃគ្រឿងអេឡិចត្រូនិច និងឧស្សាហកម្មរថយន្ត ស្របពេលនិងការរាតត្បាតជំងឺកូវីដ-១៩ គឺជាមូលហេតុចម្បងនៃការខ្វះខាតបន្ទះឈីប៕
 

Tag:
 វៀតណាម បន្ទះឈីប
© រក្សាសិទ្ធិដោយ thmeythmey.com