អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រសួងពាណិជ្ជកម្មថៃ ពិចារណាសំណើដំឡើងថ្លៃមីកញ្ចប់
17, Aug 2022 , 4:42 pm        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ក្រសួងពាណិជ្ជកម្មថៃ នឹងពិចារណាសំណើដំឡើងថ្លៃមីកញ្ចប់ក្រោយពេលក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេទាំងប្រាំនៅថៃ ស្នើសុំអនុញ្ញាតលើការដំឡើងថ្លៃមីកញ្ចប់ខណៈថ្លៃដើមផលិតកម្មកើនដែរនោះ។

 
ក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេទាំងប្រាំនៅថៃមានដូចជា ក្រុមហ៊ុនមីកញ្ចប់ម៉ាម៉ាជាដើម ដាក់លិខិតរួមគ្នានៅថ្ងៃទី១៦ ខែសីហា ទៅកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងចំណុះក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំដំឡើងតម្លៃមីកញ្ចប់របស់ខ្លួនពី០,១៧ដុល្លារទៅ០,២៣ដុល្លារក្នុង​មួយ​កញ្ចប់។ 
 
ទាក់ទងនឹងសំណើនេះ​ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បញ្ជាឱ្យនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ពិចារណាលើសំណើរបស់ក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេទាំងប្រាំ ដើម្បីអនុញ្ញាតឱ្យពួកគេដំឡើងថ្លៃមីខណៈថ្លៃដើមផលិតកម្មមានការកើនឡើង។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bangkok Post។ 
 
លោកទទួលស្គាល់ថា ថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនផលិតមីកញ្ចប់ក្នុងស្រុកទាំងនោះកើនឡើងយ៉ាងខ្លាំង រួមទាំងថ្លៃថាមពល អគ្គិសនី តម្លៃឧស្ម័ន ថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើមដូចជាស្រូវសាលី និងប្រេងបន្លែជាដើម។ យ៉ាងណាមិញ តាមទស្សនៈរបស់លោក ការ​ដំឡើង​ថ្លៃ​មីកញ្ចប់​ចំនួន០,០៥៧ ដុល្លារក្នុង​មួយ​កញ្ចប់ពី​០,១៧ដុល្លារទៅ​០,២៣ដុល្លារ ជាតម្លៃដែល​ខ្ពស់​ពេកហើយ ហើយ​ការ​កើនឡើង​យ៉ាង​ខ្លាំង​បែប​នេះ​នឹងអាច​ប៉ះពាល់​ដល់​អ្នក​មាន​ចំណូល​ទាប។ 
 
លោកបន្ថែមថា ការត្រូវអនុញ្ញាតឱ្យក្រុមហ៊ុនផលិតមីកញ្ចប់ដំឡើងថ្លៃ ឬយ៉ាងណានោះ គឺត្រូវអាស្រ័យលើការសម្រេចចិត្តរបស់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ដែលនឹងសិក្សា និងវិភាគតម្លៃផលិតកម្មរបស់ពួកគេនៅពេលក្រោយ។ លោកក៏ណែនាំនាយកដ្ឋានថា ការកែតម្រូវតម្លៃនេះ ប្រសិនបើត្រូវអនុម័ត គួរតែស្របតាមតម្លៃផលិតកម្មពិតប្រាកដរបស់អ្នកផលិត និងមានផលប៉ះពាល់តិចបំផុតដល់អ្នកប្រើប្រាស់។
 
ចំណែកអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង លោក Wattanasak Sur-iam និយាយថាអាជ្ញាធរយល់ច្បាស់ពីការលំបាករបស់អ្នកផលិត ហើយនាយកដ្ឋានរបស់លោកពិភាក្សាជាង២០​ដងហើយអំពីការកើនឡើងតម្លៃជាមួយក្រុមហ៊ុនផលិត។ លោកក៏​សង្កត់ធ្ងន់​ថា នាយកដ្ឋាន​​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ពិចារណា​លើ​សំណើ​របស់​ក្រុមហ៊ុន​ផលិត​មីកញ្ចប់ទាំងនោះ ប៉ុន្តែ​ការ​អនុម័ត​អាច​ប្រែប្រួល​អាស្រ័យ​លើ​ការ​ចំណាយ​របស់​ក្រុមហ៊ុនផលិត​នីមួយៗ។
 
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតមីកញ្ចប់នីមួយៗទាំងប្រាំព្យាយាមដំឡើងតម្លៃរបស់ខ្លួនចាប់តាំងពីពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីតម្លៃនៃវត្ថុធាតុដើមសំខាន់ៗដែលប្រើសម្រាប់ការផលិតកើនឡើង៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com