អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា នឹងផ្ដល់ផ្ទះសម្បែងនិងការការពារសន្តិសុខដល់ក្រុមជន​ភៀសខ្លួនរ៉ូហ៊ីងយ៉ា
17, Aug 2022 , 11:29 pm        
រូបភាព
ជនមូស្លីមរ៉ូហ៊ីងយ៉ា រស់នៅក្នុងជំរំមិនរៀបរយក្នុងទីក្រុងញូវដែលី។ រូបថត AFP
ជនមូស្លីមរ៉ូហ៊ីងយ៉ា រស់នៅក្នុងជំរំមិនរៀបរយក្នុងទីក្រុងញូវដែលី។ រូបថត AFP
ដោយ ឈួន ឈីវអ៊ីង នយោបាយ នយោបាយអន្តរជាតិ ()
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលស្នាក់នៅទីក្រុងញូវដែលី នឹង​ទទួល​បានផ្ទះល្វែង ហើយមានការ​ការពារ​សុវត្ថិភាពដែលផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌា។ នេះបើតាមការលើក​ឡើងរបស់រដ្ឋមន្ត្រីផ្ទះ​សម្បែង​ឥណ្ឌានៅថ្ងៃទី១៧ ខែសីហា។ ការផ្ដល់លំនៅដ្ឋានសមរម្យ និងមាន​ការការពារសន្ដិសុខនេះ ជាសញ្ញា​នៃការផ្លាស់ប្តូរជំហររបស់​ឥណ្ឌាចំពោះក្រុមជនជាតិ​ភាគតិចមូស្លីម ខណៈពីមុនឥណ្ឌាហាក់ដូចជា​មិន​ស្វាគមន៍​ពួកគេឡើយ។
រដ្ឋ​មន្ត្រីក្រសួងផ្ទះសម្បែង និងកិច្ចការទីក្រុងឥណ្ឌា លោក Hardeep Singh Puri នៅថ្ងៃ​ទី១៧ ខែសីហា អះអាងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តប្រមូលជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាទាំងអស់​ក្នុង​ទីក្រុងញូវដែលី ​ទៅរស់នៅក្នុងតំបន់ Bakkarwala ដោយផ្ដល់ផ្ទះល្វែង​ដែលមាន​សម្ភារប្រើប្រាស់ ផ្ដល់​បណ្ណសម្គាល់ខ្លួនរបស់​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និង​ការការពារសន្តិសុខ​ពេញ២៤ម៉ោងទៀតផង។ 
ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ជុំវិញ​បញ្ហាការ​ស្នាក់​នៅ​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុងក្រុងញូវដែលី​។ 
«ឥណ្ឌាតែងតែស្វាគមន៍អ្នកស្វែងរកការជ្រកកោនក្នុងប្រទេស»។ លោក Hardeep Singh Puri រដ្ឋ​មន្ត្រីក្រសួងផ្ទះសម្បែង និងកិច្ចការទីក្រុងឥណ្ឌាបានសរសេរបែបនេះលើបណ្ដាញ​សង្គម Twitter។ លោកបានបន្ថែមទៀតថា ឥណ្ឌាគោរពនឹងធ្វើតាមអនុសញ្ញាស្ដីពីជន​ភៀស​ខ្លួនរបស់​អង្គការសហប្រជាជាតិឆ្នាំ១៩៥១ ដោយផ្ដល់សិទ្ធជ្រកកោនទៅមនុស្ស​គ្រប់រូបមិនគិតពីពូជសាសន៍ សាសនា និងជំនឿឡើយ។
ទាក់ទិននឹងបញ្ហាសន្តិសុខ លោក Puri មិន​បាន​​លម្អិតបន្ថែមលើ​ការ​ការពារ​ពី​ប៉ូលិស​គ្រប់​ពេល​វេលា។ កន្លងមកប្រជាជនរ៉ូហ៊ីងយ៉ា​នៅឥណ្ឌាក៏ធ្លាប់រងអំពើ​ហិង្សាដែរ។​
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការជួយទំនុក​បម្រុងក្រុមជនជាតិភាគតិចមូស្លីមបែបនេះ ជាសញ្ញានៃការផ្លាស់ប្តូរជំហររបស់ឥណ្ឌា​ចំពោះក្រុមជនជាតិ​ភាគតិចមូស្លីម ខណៈពីមុនឥណ្ឌាហាក់ដូចជាមិនស្វាគមន៍ពួកគេ​ឡើយ។
កន្លងមក រដ្ឋាភិបាលឥណ្ឌារបស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី  បានព្យាយាមបញ្ជូនក្រុមជន​ជាតិ​ភាគតិចរ៉ូហ៊ីងយ៉ាឱ្យត្រលប់ទៅមីយ៉ាន់ម៉ាវិញ ខណៈពួកគេត្រូវភៀសខ្លួនពីការបៀត​បៀនដោយប្រើអំពើហិង្សាអស់ជាច្រើនឆ្នាំនៅមីយ៉ាន់ម៉ា៕ 
 

Tag:
 ឥណ្ឌា
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com