អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​យោធា​មី​យ៉ាន់​ម៉ា​ រិះគន់​អាស៊ាន ក្រោយត្រូវផាត់ចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​
18, Aug 2022 , 10:29 am        
រូបភាព
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា Zaw Min Tun។ រូបថត Xinhua
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា Zaw Min Tun។ រូបថត Xinhua
របបយោធាមីយ៉ាន់ម៉ា បានរិះគន់អាស៊ានចំៗ ក្រោយត្រូវបានផាត់ចេញពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ ដែលរៀបចំនៅដើមខែសីហានេះ។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បានចោទប្រកាន់អាស៊ានថា ធ្វើតាមសម្ពាធខាងក្រៅ។


 
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅតែមិនមានវត្តមានតំណាងមីយ៉ាន់ម៉ា។​ រដ្ឋមន្ត្រីការបរទេសរបបយោធា មិនត្រូវបានអញ្ជើញឡើយ ឯមីយ៉ាន់ម៉ាក៏មិនបញ្ជូនតំណាងមិនមែននយោបាយតាមការអញ្ជើញរបស់អាស៊ានដែរ។ កង្វះវឌ្ឍនភាពក្នុងការអនុវត្តផែនការ៥ចំណុច ធ្វើឱ្យសមាជិកអាស៊ានជាច្រើនមិនសប្បាយចិត្តឡើយ។
 
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានរិះគន់កិច្ចប្រជុំនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែសីហាថា ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះកិច្ចប្រជុំមិនគួរត្រូវបានហៅថាជាកិច្ចប្រជុំកំពូលអាស៊ានទេ។ 
 
«អ្វីដែលពួកគេ (អាស៊ាន) ចង់បានគឺឱ្យយើងចូលតុជជែក និងពិភាក្សាជាមួយពួកភេរវករ»។​ លោក Zaw Min Tun បានសង្កត់ធ្ងន់បែបនេះ។ ពួកភេរវករនេះលោក Zaw Min Tun សំដៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកាន់អាវុធប្រឆាំងនឹងយោធា។
 
លើសពីនេះ លោកក៏បាននិយាយថា អាស៊ានកំពុងរំលោភលើគោលនយោបាយផ្ទាល់ខ្លួននៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសមួយ ខណៈមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងសម្ពាធពីខាងក្រៅ។
 
យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតដោយធ្វើរដ្ឋប្រហារមួយកាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកក្រុមយោធាបានបង្រ្កាបបាតុកម្មពីពលរដ្ឋយ៉ាងឃោឃៅ។ ថ្មីៗ​នេះ របប​យោធា​ក៏ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​នយោបាយ និងការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំទៀតពីបទអំពើពុករលួយផងដែរ៕
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com