អន្តរជាតិ
អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលីនិយាយការពារខ្លួន ក្រោយរងការរិះគន់រឿងកាន់តំណែងរដ្ឋមន្រ្តីជាសម្ងាត់
18, Aug 2022 , 11:19 am        
រូបភាព
លោក ស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
លោក ស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
លោក ស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី នៅថ្ងៃទី១៧ ខែសីហា បានអះអាងថា លោកបានកាន់តំណែងរដ្ឋមន្រ្តី៥ជាសម្ងាត់អំឡុងពេលមានជំងឺឆ្លងរាតត្បាត គឺក្រោមហេតុផលការទទួលខុសត្រូវប៉ុណ្ណោះ។ អតីតប្រមុខរដ្ឋាភិបាលរូបនេះ បាននិយាយការពារថា ការកាន់តំណែងនោះ មិនបានជ្រៀតជ្រែកកិច្ចការរដ្ឋមន្រ្តីទាំង៥ ឡើយ។

 
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស នៅថ្ងៃទី១៦ ខែសីហា បានថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកស្កុត មូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលីនៅចន្លោះឆ្នាំ ២០១៨ ដល់២០២២ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាល ហិរញ្ញវត្ថុ ធនធាន មហាផ្ទៃ និងរតនាគារ នៅចន្លោះឆ្នាំ២០២០ និង២០២១។ យ៉ាងណាមិញ ការតែងតាំងនេះ មិនមានពិធីស្បថចូលកាន់តំណែងផ្លូវការឡើយ។ បញ្ហាខាងលើ ត្រូវបាន លោក អាល់បានីស ចាត់ទុកជារឿងមិនធ្លាប់មាន និងជាការប្រមូលផ្តុំអំណាច។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៧ ខែសីហា លោក ស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តី បានលើកឡើងថា លោក បានដឹកនាំប្រទេស ក្នុងពេលមានបញ្ហាជាច្រើន ជាពិសេសជំងឺឆ្លង ហើយការកាន់តំណែងរដ្ឋមន្រ្តីចំនួន៥ នោះជាការទទួលខុសត្រូវរបស់លោក។ 
 
«ជានាយករដ្ឋមន្រ្តី ខ្ញុំអាចយល់ត្រឹមបានថា វាជាទម្ងន់នៃការទទួលខុសត្រូវ ដែលមាននៅលើស្មារបស់ខ្ញុំ និងមិនមានអ្នកផ្សេងឡើយ»។ លោក មូរីសុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកមិនបានគ្រប់គ្រងក្រសួងទាំង៥ នោះឡើយ។ បន្ថែមពីនេះ អតីតប្រមុខរដ្ឋាភិបាលអូស្រ្តាលី បានបន្តនិយាយការពារថា គ្មានរដ្ឋមន្រ្តីណាមួយ ត្រូវបានជ្រៀតជ្រែកកិច្ចការឡើយ លើកលែងតែកិច្ចការមួយពាក់ព័ន្ធនឹងរដ្ឋមន្រ្តីធនធានធម្មជាតិប៉ុណ្ណោះ ដោយលោកបានច្រានចោលគម្រោងធនធានមួយ។ 
 
ទាក់ទិននឹងគម្រោងធនធាននោះ លោកមូរីសុន មិនបានប្រាប់ទៅកាន់រដ្ឋមន្រ្តីធនធានឡើយ ដោយសារវាជាស្ថានការណ៍បន្ទាន់។ 
 
បន្ថែមពីនេះ រដ្ឋមន្រ្តីចំនួន៣ នៃក្រសួងចំនួន៥ មិនបានដឹងពីការកាន់តំណែងរបស់លោកមូរីសុនឡើយ។ ជុំវិញបញ្ហានោះ អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបញ្ជាក់ថា ការមិនដឹងរបស់រដ្ឋមន្រ្តីទាំងនោះ បញ្ជាក់ពីការមិនជ្រៀតជ្រែករបស់លោកចំពោះកិច្ចការពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
លើសពីនេះ លោកមូរីសុន បានថ្លែងទៀតថា ការកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃ និងរតនាគារ គឺដោយសារមានការពាក់ព័ន្ធនឹងការចរចានាវាមុជទឹករបស់សម្ព័ន្ធយោធាត្រីភាគី AUKUS ជាមួយអាម៉េរិក និងអង់គ្លេស។  
 
កន្លងមក អគ្គទេសាភិបាល បានអះអាងថា ការកាន់តំណែងដោយសម្ងាត់របស់លោកមូរីសុន ជារដ្ឋមន្រ្តី ដោយមិនមានពិធីស្បថចូលកាន់តំណែងជាផ្លូវការ គឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ អគ្គទេសាភិបាលអូស្រា្តលី គឺតំណាងឱ្យមហាក្សត្រនៅអូស្រ្តាលី នៅក្នុងពិធីស្បថកាន់តំណែង៕
 

Tag:
 អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com