អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក និងកោះតៃវ៉ាន់នឹងចាប់ផ្ដើមកិច្ចចរចាផ្លូវការក្រោមគំនិតផ្ដួចផ្ដើមថ្មី
18, Aug 2022 , 12:29 pm        
រូបភាព
ក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិនៅថ្ងៃទី១៧ ខែសីហា បានព្រមព្រៀងគ្នាក្នុងការចាប់ផ្ដើមកិច្ចចរចា​ពាណិជ្ជកម្មក្រោមគំនិតផ្ដួចផ្ដើមថ្មី ខណៈដែលភាគីទាំងពីរចង់ទទួលបានកិច្ចព្រមព្រៀងមួយដែល​ផ្ដល់​ផលប្រយោជន៍ដល់ផ្នែកសេដ្ឋកិច្ច។ កិច្ចចរចានេះក៏បង្ហាញពីការបង្កើនការគាំទ្ររបស់អាម៉េរិក​សម្រាប់​កោះតៃវ៉ាន់ផង ខណៈចិនកំពុងតែបង្កើនអំណាចនៅក្នុងតំបន់។

 
អ្នកតំណាងពាណិជ្ជកម្មរងរបស់អាម៉េរិក លោកស្រី Sarah Bianchi បានលើកឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍មួយនៅថ្ងៃទី១៧ ខែសីហា ថា អាម៉េរិក និងតៃវ៉ាន់​បានឈានដល់​ការឯកភាព​គ្នា​លើ​ក្របខណ្ឌ​នៃកិច្ចចរចា ហើយរំពឹងថាកិច្ចចរចាជុំទីមួយនឹងប្រព្រឹត្តទៅនៅដើមរដូវស្លឹកឈើជ្រុះឬខែកញ្ញា។
 
«យើងគ្រោងនឹងបន្តកាលវិភាគដ៏មានមហិច្ឆតាសម្រាប់ការសម្រេចបានការប្តេជ្ញាចិត្តស្តង់ដារខ្ពស់និងលទ្ធផលប្រកបដោយអត្ថន័យដែលគ្របដណ្តប់លើវិស័យពាណិជ្ជកម្មទាំង១១ ក្នុងក្របខណ្ឌនៃកិច្ច​ចរចាដែលនឹងជួយកសាងសេដ្ឋកិច្ចសតវត្សរ៍ទី២១ឱ្យកាន់តែមានភាព យុត្តិធម៌ វិបុលភាព និងភាពរឹ​ង​មាំ​»​។ លោកស្រី​ Bianchi បានសង្កត់ធ្ងន់បែបនេះ។
 
ក្រោមក្របខណ្ឌនៃកិច្ចចរចាដែលបានចេញផ្សាយរួមជាមួយនឹងសេចក្តីប្រកាសខាងលើ អាម៉េរិក និង​តៃវ៉ាន់បានកំណត់របៀបវារៈដ៏រឹងមាំមួយសម្រាប់ការពិភាក្សាលើបញ្ហាដូចជា ការសម្របសម្រួល​ពាណិជ្ជកម្ម និងការដករបាំងពាណិជ្ជកម្ម។ ឯកសារនោះក៏បានលើកឡើងថា ការចាប់ផ្តើមនៃ​កិច្ច​ពិភាក្សាផ្លូវការ នឹងធ្វើឡើងក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀង​ជាមួយការ​ប្តេជ្ញា​ចិត្ត​ស្តង់ដារ​ខ្ពស់ និងលទ្ធផលប្រកបដោយអត្ថន័យសេដ្ឋកិច្ច។
 
យ៉ាងណាមិញ​ក្របខ័ណ្ឌនៃកិច្ចចរចាខាងលើមិន​បាន​បញ្ចូលពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ទូលំទូលាយ​ដែល​ជា​អ្វី​ដែល​តៃវ៉ាន់​ចង់បាន​នោះ​ទេ៕
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com