អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រេសិតពិសេសUN ទទូចឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ការអនុវត្តទោសប្រហារជីវិត
18, Aug 2022 , 2:29 pm        
រូបភាព
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer ជួបជាមួយលោកមីន អ៊ុងឡាំង មេដឹកនាំយោធា នៅក្នុងថ្ងៃទី១៧ ខែសីហា។ រូបភាពយកពីសារព័ត៌មាន The Global New Light of Myanmar
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer ជួបជាមួយលោកមីន អ៊ុងឡាំង មេដឹកនាំយោធា នៅក្នុងថ្ងៃទី១៧ ខែសីហា។ រូបភាពយកពីសារព័ត៌មាន The Global New Light of Myanmar
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Noeleen Heyzer នៅថ្ងៃទី១៧ ខែសីហា បានទទូចឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងអ្នកនយោបាយដែលជាប់ឃុំ និងបញ្ឈប់ការអនុវត្តទោសប្រហារជីវិត ក្នុងជំនួបជាមួយលោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។  
Relate 118204 118222

 
ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ាចាប់តាំងពីកាន់តំណែងនៅក្នុងឆ្នាំ២០២១ លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជួបជាមួយមន្រ្តីយោធាមីយ៉ាន់ម៉ា រួមទាំងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី១៧ ខែសីហា។ លោកស្រី Heyzer បានផ្តើមទស្សនកិច្ចចាប់ពីថ្ងៃទី១៦ ខែសីហា។ 
 
«ទស្សនកិច្ចរបស់ខ្ញុំ បានបញ្ជូនសារព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ និងស្នើឱ្យមានចំណាត់ការច្បាស់លាស់ ដើម្បីកាត់បន្ថយជម្លោះ និងការឈឺចាប់របស់ប្រជាជនស៊ីវិល»។ លោកស្រី Heyzer បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៧ ខែសីហា ដោយបន្តថា ទស្សនកិច្ចនោះ មិនមានជាការទទួលស្គាល់ភាពស្របច្បាប់របស់របបសឹកឡើយ។ 
 
ក្នុងជំនួបជាមួយលោក មីន អ៊ុងឡាំង មន្រ្តីអង្គការសហប្រជាជាតិរូបនេះ បានទទូចឱ្យយោធាមីយ៉ាន់ម៉ា​បញ្ឈប់ការអនុវត្តទោសប្រហារជីវិត និងដោះលែងអ្នកនយោបាយ។ មិនតែប៉ុណ្ណោះ ប្រេសិតអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា ក៏បានស្នើសុំជួបលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំស៊ីវិលផង។ បើតាមមន្រ្តីអង្គការសហប្រជាជាតិរូបនេះ លោកស្រីស៊ូជីជាភាគីដ៏សំខាន់ក្នុងកិច្ចចរចារបស់លោកស្រី ជាមួយភាគីពាក់ព័ន្ធទាំងអស់។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៧ ខែសីហា លោក Zaw Min Tun អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ ជួបជាមួយបុគ្គល ដែលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌឡើយ។ 
 
ស្របគ្នានេះ សារព័ត៌មាន The Global New Light of Myanmar បានចុះផ្សាយថា លោក មីន អ៊ុងឡាំង និងលោកស្រី Heyzer បានពិភាក្សាពីការផ្តោះប្តូរលើការលើកតម្កើងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិ។ 
 
មកទល់ពេលនេះ គ្មានឡើយច្រកចេញនយោបាយនៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ ស្ថានភាពកាន់តែស្មុគស្មាញថែមទៀត ក្រោយយោធាមីយ៉ាន់ម៉ាអនុវត្តទោសប្រហារជីវិតលើក្រុមប្រឆាំងចំនួន ៤រូប ដែលបង្កឱ្យសហគមន៍អន្តរជាតិ រួមទាំងអាស៊ានរិះគន់យ៉ាងខ្លាំង។
 
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់មន្រ្តីអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយលោកស្រីស៊ូជី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំបន្ថែម។ មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ត្រូវជាប់ពន្ធនាគារសរុបចំនួន ១៧ឆ្នាំ៕  
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com