ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ស្ថាប័នសិទ្ធិមនុស្ស បង្កើតហិបតាមពន្ធនាគារ ដើម្បីឲ្យអ្នកជាប់ឃុំដាក់លិខិតសុំតវ៉ា
18, Aug 2022 , 7:30 pm        
រូបភាព
លោក ជិន ម៉ាលីន ថ្លែងទៅកាន់អ្នកកាសែត ក្រោយការបញ្ចប់ជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក ជិន ម៉ាលីន ថ្លែងទៅកាន់អ្នកកាសែត ក្រោយការបញ្ចប់ជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ រូបពីទំព័រហ្វេសប៊ុករបស់លោក
ដោយមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបង្កើតប្រអប់ម្យ៉ាង ដែលហៅថា «ប្រអប់តវ៉ា» នៅតាមពន្ធនាគារទូទាំងប្រទេស ដើម្បីឲ្យអ្នកជាប់ឃុំ រួមទាំងសាច់ញាតិរបស់អ្នកជាប់ឃុំ ដែលមិនសុខចិត្តពីបញ្ហាអ្វីមួយ ដាក់លិខិត សំបុត្រ ឬពាក្យបណ្តឹង ដើម្បីសុំតវ៉ា។ នេះជាការអះអាងរបស់លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ 



លោក ជិន ម៉ាលីន បញ្ជាក់ដូច្នេះថា៖«គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកកាន់ គ្រប់គ្រងប្រអប់តវ៉ានេះផ្ទាល់តែម្តង មិនអាចមានអ្នកណាអាចបើកបាននោះទេ។ អ៊ីចឹង ពេលដែលក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះទៅត្រួតពិនិត្យស្ថានភាពតាមពន្ធនាគារ អាចពិនិត្យមើលពាក្យបណ្តឹងរបស់ជនជាប់ឃុំ និងសាច់ញាតិ ដើម្បីពិនិត្យនិងដោះស្រាយ»។
 
លោក ជិន ម៉ាលីន បានបញ្ចេញព័ត៌មានអំពីគម្រោងបង្កើតប្រអប់តវ៉ានៅតាមពន្ធនាគារនេះ ដល់ក្រុមអ្នកកាសែត ក្រោយពីបញ្ចប់ជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ អ្នកនាំពាក្យរូបនេះ លើកឡើងថា លោក កែវ រ៉េមី បានជម្រាបពីស្ថានភាពពន្ធនាគារ ដោយរួមទាំងគម្រោងបង្កើតប្រអប់តវ៉ានៅតាមពន្ធនាគារនេះផងដែរ ដល់លោក វិទិត មុតតាបន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ 
 
អ្នកនាំពាក្យ បន្តថា លោក កែវ រ៉េមី ថែមទាំងបានជម្រាបលោក វិទិត មុតតាបន អំពីការងាររបស់មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការចុះទៅអប់រំមន្រ្តីពន្ធនាគារ ដើម្បីឲ្យពួកគេ យល់ដឹងអំពីសិទ្ធិមនុស្ស សិទ្ធិរបស់ជនជាប់ឃុំ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា។ 


លោក វិទិត មុតតាបន ឈរជាប់ស្រ្តីពាក់អាវក្រហម និងលោក កែវ រ៉េមី ឈរជាប់លោក វិទិត មុតតាបន ថតរួមគ្នា នាឱកាសភាគីទាំង២ជួបពិភាក្សាគ្នា នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន)។ 
 
លោក ជិន ម៉ាលីន ផ្តល់ព័ត៌មានបន្ថែមដល់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា ក្រោយជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ គណៈកម្មាធិការសិទ្ធិមនុស្ស ក៏ទទួលបានការយល់ព្រមក្នុងការបង្កើតប្រអប់តវ៉ានៅតាមពន្ធនាគារ។ លោក និយាយថា នៅពេលចុះទៅពិនិត្យមើលស្ថានភាពនៅតាមពន្ធនាគារ មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងចាក់សោរបើកប្រអប់តវ៉ានេះ ដើម្បីយកសំបុត្រ លិខិត ឬពាក្យបណ្តឹង ទៅជជែកនិងដោះស្រាយជាមួយខាងពន្ធនាគារ។ 
 
លោក ថ្លែងបែបនេះថា៖«បើតាមខ្ញុំដឹង កន្លងមក ខាងពន្ធនាគារ ដូចជាមានការដាក់ប្រអប់សំបុត្រពីស្ថាប័នផ្សេងៗទៀតដែរ ខ្ញុំមិនច្បាស់ តែប្រអប់បណ្តឹងតវ៉ារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់មាននៅឡើយទេ ហើយនឹងរៀបចំដាក់ ពេលនីតិវិធីបែបបទរដ្ឋបាលផ្លូវការ ត្រូវបានបញ្ចប់»។ 
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា បច្ចុប្បន្ននេះ តាមពន្ធនាគារ មានដាក់ប្រអប់ប្រភេទផ្សេងៗមួយចំនួនហើយ ដើម្បីឲ្យអ្នកជាប់ឃុំ ដាក់លិខិត ឬសំបុត្រសុំតវ៉ា។ ប្រអប់ដែលលោក លើកឡើងទាំងនោះ មានដូចជា ប្រអប់ ដែលគ្រប់គ្រងដោយគណៈកម្មាធិការជាតិប្រឆាំងទារុណណកម្ម និងប្រអប់ ដែលគ្រប់គ្រងដោយប្រធានពន្ធនាគារ ជាដើម។ 
 
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ និយាយតាមការសង្កេតឃើញរបស់ខ្លួនដូច្នេះថា៖«[ការដាក់លិខិតក្នុងប្រអប់តាមពន្ធនាគារនេះ] មិនសូវមានច្រើនទេ មានរឿងតិចតួច ប្រធានពន្ធនាគារដោះស្រាយដោយផ្ទាល់»។

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ ដោយពាក់កណ្តាល ជាអ្នកជាប់ឃុំ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕ 
 

Tag:
 កែវ រ៉េមី
  វិទិត មុតតាបន
  ជិន ម៉ាលីន
  សិទ្ធិមនុស្ស
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com