អន្តរជាតិ
មរណភាពតារាភាពយន្តជើងចាស់ថៃ លោក សម្បត្តិ មេថានី ក្នុងអាយុ៨៥ឆ្នាំ
19, Aug 2022 , 6:41 am        
រូបភាព
ដោយ: ធីតា
កំពូលតារាភាពយន្តថៃ លោក សម្បត្តិ មេថានី (Sombat Metanee) បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំនៅគេហដ្ឋានរបស់ខ្លួនក្នុងក្រុងបាងកក កាលពីថ្ងៃទី១៨ ខែសីហា។ យោងតាមការផ្សាយរបស់កាសែត The Nation ក្រុមគ្រួសារទៅដាស់លោកពីដំណេកនៅពេលព្រឹក ប៉ុន្តែពេលនោះ ឃើញលោកបានផុតដង្ហើមទៅហើយ។

 
លោក សម្បត្តិ មេថានី ជាម្ចាស់កំណត់ត្រា Guinness World Record ក្នុងនាមជាតារាភាពយន្តដែលសំដែងរឿងបានច្រើនជាងគេលើពិភពលោក (Most Film Appearances) ដែលមានដល់ទៅ៦១៧រឿង បើគិតចាប់តាំងពី១៩៦១មក។ ប៉ុន្តែបើតាមទិន្នន័យផ្ទាល់ខ្លួន លោកបានសម្តែងដល់ទៅជាង២០០០រឿង រួមផ្សំទាំងការសម្តែងនៅតាមទូរទស្សន៍ និងល្ខោន។
 
 
កើតនៅឆ្នាំ១៩៣៧ នៅខេត្តអ៊ូបុន ហើយនៅឆ្នាំ១៩៥៩ លោកបានរៀបការជាមួយអ្នកស្រី Kanchana ដែលជាមិត្តភក្តិ និងជាអ្នកជិតខាងពីកុមារភាព។ ពួកគាត់មានកូន៥នាក់ ដោយកូនច្បងឈ្មោះ Siricoup ធ្លាប់ជាតារាភាពយន្ត និងបច្ចុប្បន្នជាកីឡាករប្រណាំងរថយន្តមួយរូប។
 
 
លោកទទួលបានពានរង្វាន់ជាច្រើនក្នុងអាជីពរបស់លោក ដោយនៅខែធ្នូ ឆ្នាំ២០១៦ ក្រុមប្រឹក្សាវប្បធម៌ជាតិថៃ ប្រកាសជ្រើសរើសលោកជានិមិត្តរូបនៃសិល្បករជាតិផ្នែកសំដែង។លោកសម្បត្តិ មេធានី មានសកម្មភាពសម្តែងចន្លោះពីឆ្នាំ១៩៦០ ដល់ឆ្នាំ២០១៧។ 
 
ជាមួយគ្នានេះ តារាភាពយន្តជើងចាស់រូបនេះ ក៏បានប្រឡូកចូលនយោបាយផងដែរ ដោយកាលពីឆ្នាំ២០០៦ បានជាប់ជាសមាជិកព្រឹទ្ធសភាក្រុងបាងកក ប៉ុន្តែក្រោយមក ត្រូវបានរំលាយដោយរដ្ឋប្រហារ។
 
នៅឆ្នាំ២០០៧ លោកបានក្លាយជាអនុប្រធាននៃគណបក្សនយោបាយមួយឈ្មោះ Pracharaj ប៉ុន្តែមិនទទួលបានជោគជ័យពីការបោះឆ្នោតនោះឡើយ។ នៅឆ្នាំ២០១១ លោកបានចូលរួមជាមួយបក្សភឿថៃ ដោយសារតែលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រួសារថាក់ស៊ីន ជាពិសេសប្អូនស្រីទាំង៣រូបរបស់អតីតនាយករដ្ឋមន្ត្រី គឺ Yingluck, Yaowapa និង Yaowaret។
 
យោងតាមការស្រាវជ្រាវរបស់ក្រុមព្រះសុរិយា កំពូលតារាភាពយន្តថៃ រូបនេះ ក៏ទទួលបាននូវការគាំទ្រខ្លាំងផងដែរពីទស្សនិកជនខ្មែរ នៅមុនឆ្នាំ១៩៧៥ ជាពិសេសលោកជាតួឯកមួយដួងក្នុងខ្សែភាពយន្តរឿង ជីវិតផ្សងព្រេង ឬ ស្នេហ៍ឆ្លងវេហា ដែលជាសហផលិតកម្មរវាងកម្ពុជា និងថៃកាលពីឆ្នាំ១៩៧០។ ក្នុងរឿងនោះ លោក  សម្បត្តិ មេថានី ជាដៃគូស្នេហាជាមួយលោកស្រី ឌី សាវ៉េត , តារាប្រុសដ៏ល្បីល្បាញ ជា យុទ្ធថន ជាដៃគូជាមួយតារាភាពយន្តដ៏ល្បីល្បាញ អារ៉ាន់យ៉ាណាវង្ស ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com