អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានចារកម្មអង់គ្លេសថា លោក ពូទីន កំពុងតែចាញ់សង្គ្រាមព័ត៌មាននៅអ៊ុយក្រែន
19, Aug 2022 , 8:29 pm        
រូបភាព
លោក Jeremy Fleming ប្រធានចារកិច្ច សន្តិសុខ និងសន្តិសុខសាយប័ររដ្ឋាភិបាលអង់គ្លេស។ រូបថត AFP
លោក Jeremy Fleming ប្រធានចារកិច្ច សន្តិសុខ និងសន្តិសុខសាយប័ររដ្ឋាភិបាលអង់គ្លេស។ រូបថត AFP
ប្រធានស្ថាប័នស៊ើបការណ៍សម្ងាត់ GCHQ របស់ចក្រភពអង់គ្លេសលោក Jeremy Fleming នៅ​ថ្ងៃ​ទី​១៩ ខែសីហា បានលើកឡើងថា រុស្ស៊ីបរាជ័យក្នុងការប្រមូលយកព័ត៌មានក្នុងលម្ហ​អ៊ីនធឺណិត​ដើម្បី​ប្រឆាំងអ៊ុយក្រែន។ យ៉ាងណាមិញ លោក Fleming ព្រមានថា យុទ្ធនាការព័ត៌មានមិនពិត​របស់​រុស្ស៊ី​ដែលមាននៅគ្រប់ទីកន្លែងនៅតែជារឿងមួយដែលគួរឱ្យបារម្ភ។

 
ក្នុងបទពិចារណកថាមួយរបស់កាសែត The Economist ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ប្រធាន ស្ថាប័ន GCHQ លោក Jeremy Fleming បានបញ្ជាក់ថា ទាំងក្រុងកៀវ និងក្រុងមូស្គូ បានប្រើប្រាស់​សមត្ថភាពអ៊ីនធឺណិតក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែលោកកត់សម្គាល់ថា ភាគីរុស្ស៊ីកំពុងតែបាត់បង់ សមត្ថភាពក្នុងការប្រមូលព័ត៌មាននៅអ៊ុយក្រែន និងលោកខាងលិច។
 
«រហូត​មក​ដល់​ពេល​នេះ​ប្រធានាធិបតី ​ពូទីន បាន​ចាញ់​សង្គ្រាម​ព័ត៌មាន​ទាំង​ស្រុង​នៅ​អ៊ុយក្រែន និង​លោក​ខាង​លិច»។ លោក Fleming​ លើកឡើងបែបនេះ រួចបញ្ជាក់ថា ទោះបីនេះ​ជារឿង​មួយ​​គួរ​ឱ្យ​អបអរសាទរក្ដី ក៏ប៉ុន្តែលោកខាងលិចនិងអ៊ុយក្រែន មិនគួរមើលស្រាលលើយុទ្ធនាការព័ត៌មាន​មិន​ពិត​របស់​រុស្ស៊ី​កំពុង​វាយលុកនៅ​កន្លែង​ផ្សេង​ៗលើពិភពលោកនោះឡើយ។ យុទ្ធនាការព័ត៌មាន​មិន​ពិត ជា​ផ្នែកមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្ររុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែនដែលចាប់ផ្ដើមនៅខែកុម្ភៈ។
 
ប្រធានស្ថាប័ន GCHQ រូបនេះអះអាងទៀតថា រុស្ស៊ីបានដាក់ពង្រាយមេរោគ WhisperGate ដើម្បី​បំផ្លាញប្រព័ន្ធកុំព្យូទ័ររបស់ប្រព័ន្ធរដ្ឋាភិបាលអ៊ុយក្រែនផងដែរ។ មេរោគ WhisperGate ធ្លាប់ត្រូវបាន​រុស្ស៊ីប្រើប្រាស់លើស៊ីរី និងបាល់កង់។ យ៉ាងណាមិញ លោកបញ្ជាក់ថា GCHQ អាចស្ទាក់ចាប់ និង​ផ្តល់​ការព្រមានទាន់ពេលវេលា។
 
ដោយមិននិយាយលម្អិតច្រើន លោក Fleming ក៏មិនភ្លេចបន្លិចសមត្ថភាពអង់គ្លេសវិញដែរ។ មន្រ្តីដដែល និយាយថា កងកម្លាំងប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេស​អាចឆ្លើយតបនឹងរុស្ស៊ី​ដោយការដាក់ពង្រាយអង្គភាពយោធាដែលប្រើប្រាស់ឧបករណ៍វាយលុកអ៊ីនធឺណិត៕
 
 

Tag:
 រុស្ស៊ី
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com