អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីតួកគី និងប្រមុខ UN បង្ហាញក្ដីបារម្ភសុវត្ថិភាពរោងចក្រ Zaporizhzhia របស់អ៊ុយក្រែន ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស នាជំនួបនៅទីក្រុង Lviv ។ រូបថត AFP
× អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងប្រធានាធិបតីតួកគី នៅថ្ងៃទី១៨ ខែសីហា បានបង្ហាញពីក្ដីបារម្ភជុំវិញការវាយប្រហារនៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។
ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ នៅទីក្រុង Lviv របស់អ៊ុយក្រែន ថ្ងៃទី១៨ ខែសីហា។ ជំនួបនេះ ផ្ដោតលើការធានាសុវត្ថិភាពរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ទីដែលយោធាអ៊ុយក្រែន និងរុស្ស៊ីកំពុងបាញ់គ្នាទៅមក។
បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង Lviv បញ្ចប់ លោក ហ្គូតេរ៉េស ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅរោងចក្រផលិតថាមពលនេះ ហើយអំពាវនាវឱ្យដកអាវុធ និងកងទ័ពយោធាចេញពីទីនោះ។
នេះ មិនមែនជាលើកទីមួយទេដែលប្រមុខ UN បានអំពាវនាវឱ្យបង្កើតតំបន់គ្មានយោធានៅជុំវិញរោងចក្រ Zaporizhzhia ដែលជារោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរធំជាងគេនៅអឺរ៉ុប។
«សព្វាវុធមិន ត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀង ពិតជាត្រូវការជាចាំបាច់ដើម្បីរៀបចំរោងចក្រ Zaporizhzhia ឡើងវិញ និងធានាសុវត្ថិភាពនៃតំបន់នោះ»។ លោក ហ្គូតេរ៉េស និយាយបែបនេះ។
ចំណែកលោក ហ្សេលេនស្គី បានលើកឡើងថា រដ្ឋាភិបាលខ្លួនយល់ព្រមធ្វើតាមរាល់វិធានការសមស្របចំពោះរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ ដោយធ្វើការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ មេដឹកនាំអ៊ុយក្រែនរូបនេះបានជំរុញឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនជាបន្ទាន់ដោយគ្មានលក្ខខណ្ឌចេញពីតំបន់រោងចក្រ Zaporizhzhia ក៏ដូចជាបញ្ឈប់ការបង្ករឿង និងការវាយប្រហារ។
មេដឹកនាំតួកគី តៃយីប អ៊ែរដូហ្កាន់ ក្នុងសន្និសីទសារព័ត៌មាននាទីក្រុង Lyiv បានលើកឡើងថា លោកបារម្ភ និងមិនចង់ឱ្យមានគ្រោះមហន្តរាយដោយនុយក្លេអ៊ែរដូចព្រឹត្តិការណ៍ Chernobyl ម្ដងទៀតទេ។ លើសពីនេះ លោក អ៊ែរដូហ្កាន់ ក៏បានប្ដេជ្ញាបន្ដជួយរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយនៅតែជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន៕
© រក្សាសិទ្ធិដោយ thmeythmey.com