អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
WHO អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ក្រោយមានការចម្លងជំងឺអុតស្វាលើសត្វឆ្កែ
19, Aug 2022 , 10:59 pm        
រូបភាព
គ្រូពេទ្យពិនិត្យអ្នកជំងឺអុតស្វាម្នាក់នៅទីក្រុងលីម៉ា។ រូបថត AFP
គ្រូពេទ្យពិនិត្យអ្នកជំងឺអុតស្វាម្នាក់នៅទីក្រុងលីម៉ា។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
អង្គការ​សុខភាព​ពិភព​លោក (WHO) នៅថ្ងៃទី១៧​ ខែសីហា អំពាវនាវឱ្យអ្នកដែលកើតជំងឺអុតស្វាជៀសវាងមានទំនាក់ទំនងជាមួយសត្វចិញ្ចឹម​។ ការអំពាវនាវនេះ ធ្វើឡើងក្រោយមានការរាយការណ៍ពីករណីឆ្លងជំងឺនេះលើសត្វឆ្កែមួយក្បាល ដែលនេះជាករណីលើកដំបូងនៃការចម្លងជំងឺអុតស្វាពីមនុស្សទៅសត្វ។

 
ករណីចម្លងជំងឺអុតស្វាពីមនុស្សទៅសត្វ ត្រូវបានចុះក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃទី១០ ខែសីហា។​ នេះជាករណីចម្លងជំងឺអុតស្វាពីមនុស្សទៅឆ្កែជាលើកដំបូង ដែលកើតនៅទីក្រុងប៉ារីស។ បុរស​ពីរនាក់នៅ​​ទីក្រុង​ប៉ារីស​​ដែល​រស់នៅ​ជាមួយ​គ្នា ​ឆ្លង​ជំងឺ​អុតស្វា​នៅដើម​ខែមិថុនា​។ ដប់ពីរថ្ងៃបន្ទាប់ពីពួកគេមានរោគសញ្ញា ឆ្កែរបស់ពួកគេដែលមានអាយុ៤ឆ្នាំ ក៏ចាប់ផ្តើមបង្ហាញរោគសញ្ញាផងដែរ។ 
 
ទាក់ទងនឹងករណីនេះ អ្នកដឹកនាំបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកសម្រាប់ជំងឺអុតស្វា លោកស្រី Rosamund Lewis បានប្រាប់អ្នកយកព័ត៌មានថា កាលពីមុនមានតែការឆ្លងមេរោគពីសត្វទៅមនុស្សប៉ុណ្ណោះដែលត្រូវបានរាយការណ៍។ ប៉ុន្តែនេះគឺជាករណីដំបូងហើយ ដែលអ្នកជំនាញកំពុងសិក្សាអំពីការចម្លងពីមនុស្សទៅសត្វ។ 
 
យ៉ាងណាមិញ លោកស្រីសង្កត់ធ្ងន់ថា នេះ​ជា​ព័ត៌មាន​ថ្មី​ បុន្តែវា​មិន​មែន​ជា​ព័ត៌មានដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ហើយ​វាក៏​ជា​អ្វី​ដែល​​ត្រូវ​ប្រុង​ប្រយ័ត្ន​ផងដែរ។ លោកស្រីក៏បានអំពាវនាវឱ្យម្ចាស់សត្វចិញ្ចឹម គួរតែនៅដាច់ដោយឡែកពីសមាជិកគ្រួសារដែលឆ្លង។ ​ លោកស្រីបន្ថែមថា ការគ្រប់គ្រងកាកសំណល់របស់អ្នកជំងឺគឺមានសារសំខាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងមេរោគទៅសត្វដទៃទៀតនៅខាងក្រៅផ្ទះផងដែរ។
 
សូមបញ្ជាក់ថា ជំងឺ​អុតស្វា​ ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅក្នុងសត្វស្វា ហើយត្រូវបានរក្សាទុកសម្រាប់ស្រាវជ្រាវនៅដាណឺម៉ាកក្នុងឆ្នាំ១៩៥៨។ ជំងឺនេះត្រូវបានគេរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ និងមានការរីករាលដាលចាប់តាំងពីពេលនោះមក ដែលភាគច្រើនត្រូវបានរកឃើញនៅបណ្តាប្រទេសមួយចំនួនដូចជានៅអាហ្វ្រិកខាងលិច និងកណ្តាលជាដើម។
 
មកទល់ពេលនេះ នៅទូទាំងពិភពលោកមានករណីឆ្លងជំងឺ​អុតស្វាជាង៣៥,០០០ករណី ត្រូវបានបញ្ជាក់ចាប់តាំងពីដើមឆ្នាំ២០២២មក នៅក្នុងប្រទេសចំនួន៩២ ហើយមនុស្ស១២នាក់បានស្លាប់។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕
 

Tag:
 WHO
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com