អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកប្លីងខិន ប្តេជ្ញាបន្តដាក់សម្ពាធលើរុស្ស៊ីរហូតដល់អធិបតេយ្យអ៊ុយក្រែនត្រូវបានគោរព
24, Aug 2022 , 2:05 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៣ ខែសីហា បានសន្យាបន្តដាក់សម្ពាធលើប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបក្សពួក រហូតដល់សិទ្ធិរបស់ប្រជាជន និងអធិបតេយ្យរបស់អ៊ុយក្រែន ត្រូវបានគោរព។ មិនតែប៉ុណ្ណោះ ប្រមុខការទូតអាម៉េរិករូបនេះ បានប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ និងសន្តិសុខ និងការគាំទ្រផ្នែកការទូតដល់អ៊ុយក្រែនផង។

 
អ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហា ប្រាព្ធទិវាឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១។ ពិធីដ៏សំខាន់នេះ ធ្វើឡើងស្របពេលរុស្ស៊ីបានឈ្លានពាននៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន បានរយៈ ៦ខែហើយ។ ស្របពេលទិវាមួយនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ដែលតំណាងឱ្យប្រជាជនអាម៉េរិក បានអបអរទិវាឯករាជ្យអ៊ុយក្រែន និងបានប្តេជ្ញាដាក់សម្ពាធលើរុស្ស៊ីជាថ្មី រហូតដល់មានការដកទ័ពចេញពីអ៊ុយក្រែន។ 
 
«យើងត្រូវតែបង្កើនការដាក់សម្ពាធជាអន្តរជាតិលើលោកប្រធានាធិបតីពូទីន និងបក្សពួក រហូតដល់សិទ្ធិរបស់ប្រជាជនអ៊ុយក្រែន និងអធិបតេយ្យរបស់ពួកគេ ត្រូវបានគោរព»។ លោក ប្លីងខិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូមួយបង្ហោះលើបណ្តាញសង្គម Twitter ទៅកាន់កិច្ចប្រជុំវេទិកាគ្រីមេ នៅថ្ងៃទី២៣ ខែសីហា។ 
 
ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបន្តថា សហគមន៍អន្តរជាតិ ត្រូវតែបន្តផ្តល់ជំនួយមនុស្សធម៌ និងសន្តិសុខ រួមទាំងការគាំទ្រផ្នែកការទូតសម្រាប់ប្រជាជនអ៊ុយក្រែន ដែលមានភាពក្លាហានក្នុងការការពារសិទ្ធិរបស់ខ្លួន។ ក្នុងវីដេអូដដែល លោកប្លីងខិន បានពន្យល់ថា គ្មានប្រទេសណាមួយអាចកម្រិតព្រំដែនប្រទេសដទៃឡើងវិញ ដោយកម្លាំងយោធាឡើយ ដែលគោលការណ៍នេះ ត្រូវបានចែងយ៉ាងច្បាស់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងសណ្តាប់ធ្នាប់អន្តរជាតិ។ 
 
មិនតែប៉ុណ្ណោះ លោកប្លីងខិន បានអះអាងថា អាម៉េរិកបានឃើញរុស្ស៊ីរៀបចំរដ្ឋបាលអាយ៉ងនៅក្នុងទីក្រុងរបស់អ៊ុយក្រែនជាច្រើន ដូចអ្វីដែលក្រុងមូស្គូ បានធ្វើនៅគ្រីមេ រួមទាំងការធ្វើប្រជាមតិនៅក្នុងទីក្រុងទាំងនោះផង។ 
 
គិតត្រឹមពេលនេះ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ៦ខែហើយ ដោយរុស្ស៊ីបានគ្រប់គ្រងយ៉ាងពេញលេញតំបន់លូហាន និងបន្តផ្តោតប្រតិបត្តិការនៅតំបន់ដូណេត្ស។ សង្រ្គាមមួយនេះ បានធ្វើឱ្យប្រជាជនស៊ីវិលរបស់អ៊ុយក្រែនរាប់ពាន់នាក់របួស និងបាត់បង់ជីវិត៕ 
 

Tag:
 អាម៉េរិក រុស្ស៊ី អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com