អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ត្អូញត្អែរពីការលំបាកក្នុងការនាំមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនចូលតុចរចា
24, Aug 2022 , 6:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២៣ ខែសីហា បានសារភាពពីការលំបាក ក្នុងការនាំលោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងសមភាគីអ៊ុយក្រែន លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលតុចរចា ដើម្បីស្វែងរកសន្តិភាព។

 
ជាង ៦ខែហើយ ដែលសង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយ ខណៈដំណោះស្រាយសម្រាប់ជម្លោះមួយនេះ មិនទាន់មានពន្លឺឡើយ។ ទាក់ទិននឹងការស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមនៅអ៊ុយក្រែ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី កាលពីចុងខែមិថុនាកន្លងទៅ បានសារភាពពីការលំបាកក្នុងការនាំមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ចូលតុចរចា។
 
«ខ្ញុំពិតជាចង់បានកន្លែងមួយសម្រាប់ចរចា នៅពេលធ្វើទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី។ ប៉ុន្តែជាក់ស្តែង ខ្ញុំដឹងច្បាស់ថា វាគឺពិបាកក្នុងការនាំលោក ហ្សេលេនស្គី និងលោកពូទីនចូលតុចរចាជាមួយគ្នា»។ លោក វីដូដូ បានសារភាពបែបនេះ នៅក្នុងវេទិកាមួយរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៅទីក្រុងហ្សាការតាខាងកើត នៅថ្ងៃទី២៣ ខែសីហា។ 
 
មេដឹកនាំឥណ្ឌូណេស៊ីរូបនេះ បានអះអាងថា ក្នុងដំណើរទស្សនកិច្ចនៅខែមិថុនាកន្លងមក លោកបានជជែកជាមួយមេដឹកនាំរុស្ស៊ី លោកពូទីន ជាង២ ម៉ោង និង៣០នាទី ខណៈការជជែកជាមួយលោក ហ្សេលេនស្គី មានរយៈពេល ១ម៉ោង និង៣០នាទី ដើម្បីស្វែងរកការចរចាសន្តិភាព។ 
 
ដោយយល់ឃើញថាកិច្ចពិភាក្សាលើដំណោះស្រាយមិនអាចទៅរួច មេដឹកនាំឥណ្ឌូណេស៊ី បានបង្វែរប្រធានបទទៅលើបញ្ហាសន្តិសុខស្បៀងអាហារវិញ។ ក្នុងអំឡុងជំនួបទ្វេភាគីកាលនោះ លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនមានស្រូវសាលីចំនួន២២លានតោននៅក្នុងស្តុក និងស្រូវសាលីចំនួន ៥៥លានតោនទើបប្រមូលផលថ្មី ខណៈរុស្ស៊ីមាន ១៣០លានតោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe។ 
 
បើតាមប្រធានាធិបតីឥណ្ឌូណេស៊ី បញ្ហានេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្តាប្រទេសអាហ្រ្វិក ដែលពឹងផ្អែកយ៉ាងខ្លាំងលើស្រូវសាលីរបស់រុស្ស៊ី និងអ៊ុយក្រែន។ យ៉ាងណាមិញ ក្រោយទស្សនកិច្ចរបស់លោកវីដូដូ គ្រាប់ធញ្ញជាតិមួយចំនួន ត្រូវបានដឹកចេញកំពង់ផែអ៊ុយក្រែនទៅទីផ្សារពិភពលោករួចហើយ ដោយសារមានការសម្របសម្រួលពីតួកគី និងអង្គការសហប្រជាជាតិ៕
 

Tag:
 ឥណ្ឌូណេស៊ី
  អ៊ុយក្រែន
 
© រក្សាសិទ្ធិដោយ thmeythmey.com