អន្តរជាតិ
ប្រេសិតកូរ៉េខាងត្បូង ជំរុញអន្តរជាតិដាក់សម្ពាធលើចិនកុំឱ្យនិរទេសជនភៀសខ្លួនកូរ៉េខាងជើង
25, Aug 2022 , 10:29 am        
រូបភាព
ប៉ូលិសចិនដើរលើស្ពានមិត្តភាពចិន-កូរ៉េខាងត្បូងក្នុងទីក្រុង Dandong ។ រូបថត AFP
ប៉ូលិសចិនដើរលើស្ពានមិត្តភាពចិន-កូរ៉េខាងត្បូងក្នុងទីក្រុង Dandong ។ រូបថត AFP
ដោយ:
ប្រេសិតកូរ៉េខាងត្បូងផ្នែកសិទ្ធិមនុស្សកូរ៉េខាងជើង នៅថ្ងៃទី២៤ ខែសីហា បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការការទូតដើម្បីជាសម្ពាធជំរុញក្រុងប៉េកាំងឱ្យឈប់និរទេសជនភៀសខ្លួនកូរ៉េខាងជើងទៅប្រទេសខ្លួនវិញ។

 
ជនភៀសខ្លួនកូរ៉េខាងជើងទៅប្រទេសនានាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពីរទសវត្សរ៍ចុងក្រោយតាំងពីព្រំដែនរវាងចិន និងកូរ៉េខាងជើងបានបិទនៅដើមឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ចិន ជាគោលដៅមួយរបស់ជនភៀសខ្លួនកូរ៉េខាងជើងក្នុងការកន្លែងជ្រកកោន ឬទៅប្រទេសទីបីដែលមានសុវត្ថិភាពដូចជាកូរ៉េខាងត្បូងជាដើម។ ប៉ុន្តែអ្នកគ្មានវាសនាជាច្រើន ត្រូវបានបញ្ជូនទៅកូរ៉េខាងជើងក្រោមពិធីសារព្រំដែនទ្វេភាគីឆ្នាំ ១៩៨៦។ ក្រសួងការបរទេសអាម៉េរិកប៉ាន់ស្មានថា ប្រជាជនកូរ៉េខាងជើងពី៣ម៉ឺនទៅ៥ម៉ឺននាក់កំពុងតែលាក់ពួននៅចិន។
 
កន្លងមក សហគមន៍អន្តរជាតិតែងអំពាវនាវ និងរិះគន់ក្រុងប៉េកាំងជាច្រើនឆ្នាំ និងស្នើកុំឱ្យបញ្ជូនជនភៀសខ្លួនកូរ៉េខាងជើងដែលចិនចាត់ទុកថាជនចំណាកស្រុកសេដ្ឋកិច្ចខុសច្បាប់ត្រឡប់ទៅប្រទេសវិញ។ ចិនជាភាគីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ ១៩៥១ និងអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទុកបុកម្នេញដែលតម្រូវឱ្យក្រុងប៉េកាំងកុំបញ្ជូនអ្នកណាដោយបង្ខំទៅកន្លែងដែលប្រឈមនឹងហានិភ័យកាត់ទោស ឬធ្វើទុកបុកម្នេញ។
 
ទាក់ទងរឿងនេះ លោកស្រី Lee Shin-wha ប្រេសិតកូរ៉ខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើងទទូចឱ្យអន្តរជាតិអនុវត្តការទូតតាមរយៈការចរចាស្ងាត់ៗដើម្បីជំរុញឱ្យក្រុងប៉េកាំងប្រកាន់ខ្ជាប់អ្វីដែលបានចែងក្នុងអនុសញ្ញាខាងលើ។
 
«ប្រសិនបើព្រំប្រទល់បើកវិញ ជនភៀសខ្លួនជាច្រើនប្រហែលប្រឈមនឹងការបញ្ជូនទៅវិញដោយបង្ខំ ហើយបញ្ហានេះត្រូវតែបញ្ចៀសឱ្យបាន»។ លោកស្រី Lee ថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតនាក្រុងសេអ៊ូលថ្ងៃទី២៤ ខែសីហា។ 
 
លោកស្រី Lee ត្រូវបានតែងតាំងជាប្រេសិតលើបញ្ហាសិទ្ធិមនុស្សកូរ៉េខាងត្បូងនេះកាលពីខែកក្កដា បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ុលចូលកាន់តំណែងនៅខែឧសភា។ តំណែងនេះទំនេររយៈពេល ៥ ឆ្នាំមកហើយ ខណៈអតីតប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ព្យាយាមពង្រឹងទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាង៕
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com