ជាតិ
ក្រសួងដែនដី បារម្ភពីសំណង់ជាប់គាំង ដែលអាចខូចគុណភាព លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ សីហា ឆ្នាំ២០២២។ រូបដោយ វតី
× ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម កំពុងបារម្ភពីគុណភាពសំណង់ ដែលផ្អាកការសាងសង់យូរ អាចបង្កគ្រោះថ្នាក់ និងខូចគុណភាព។
ជាង២ឆ្នាំនេះ សំណង់ជាច្រើនបានជាប់គាំងដោយសារបញ្ហាសេដ្ឋកិច្ច បណ្ដាលមកពីជំងឺកូវីដ-១៩ រាតត្បាតជាសកល។ លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម បានបញ្ជាក់ថា សំណង់ជាប់គាំងទុកចោលយូរឆ្នាំនេះ អាចនឹងខូចគុណភាព។ បើតាមលោក លី រស្មី សំណងជាប់គាំងនេះ ភាគច្រើននៅខេត្តព្រះសីហនុ។
ក្រោយចប់សន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការគណៈរដ្ឋមន្រី្ត លោក លី រស្មី បានឆ្លៀតប្រាប់ក្រុមអ្នកសារព័ត៌មានបន្ថែមទៀតយ៉ាងដូច្នេះ៖ «សំណង់ទុកចោលយូរនឹងមានបញ្ហាគុណភាព ប៉ុន្តែដើម្បីឆ្លើយតបនឹងបញ្ហានេះ គឺត្រូវមានការថែទាំសមស្រប ដើម្បីឲ្យសំណង់ហ្នឹងរក្សាគុណបានយូរ។ ព្រោះសំណង់ដែលផ្អាកទុកចោលលើសពី៥ឆ្នាំទៅនឹងខូចគុណភាព តែបើមានការថែទាំតាមលក្ខណៈបច្ចេកទេសខ្លះប្រហែលមិនអ្វីទេ។ ខ្ញុំមានការបារម្ភពីសំណងដែលនៅសេសសល់មិនបានបន្តដំណើរការទៅមុខ»។
លោក សេង ឡូត អគ្គនាយករដ្ឋបាលនៃក្រសួងរៀបចំដែនដី បានបន្ថែមថា សំណង់អគារដែលជាប់គាំង ក្នុងខេត្តព្រះសីហនុ មានប្រមាណ៨០ទៅ១០០អគារប៉ុណ្ណោះ។ បញ្ហានៃការជាប់គាំង មិនមានដំណើរការសាងសង់នេះ គឺដោយសារបញ្ហាកូវីដ-១៩ ដែលប៉ះពាលសេដ្ឋកិច្ចទូទាំងពិភពលោក។
ក្រៅពីបញ្ហាសំណង់ជាប់គាំងនេះ លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញក៏បានរកឃើញ គម្រោងមួយចំនួន បានបើកការដ្ឋានសាងសង់ហើយ ទើបរៀបចំឯកសារមកសុំសិទ្ធិសាងសង់តាមក្រោយក៏មានដែរ។
ដើម្បីពង្រឹងគុណភាពនិងគ្រប់គ្រងវិស័យសំណង់ រដ្ឋាភិបាល បានបង្កើតច្បាប់ស្ដីពីសំណង់ នៅឆ្នាំ២០១៩ ហើយដាក់ឲ្យអនុវត្ត រួមទាំងត្រួតពិនិត្យគុណភាពសំណង់នៅដើមឆ្នាំ២០២២នេះ។ ច្បាប់នេះ គឺតម្រូវឲ្យម្ចាស់គម្រោងសុំសិទ្ធិសាង់សង់ និងត្រួតពិនិត្យពីគុណភាពសំណង់ឱ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com