អន្តរជាតិ
ប្រធានាធិបតីពូទីន ចុះហត្ថលេខាលើក្រឹត្យពង្រីកកម្លាំងយោធារុស្ស៊ីដល់ជាង២លាននាក់
26, Aug 2022 , 12:29 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៥ ខែសីហា បានចុះហត្ថលេខាលើក្រឹត្យច្បាប់មួយ ដែលបញ្ជាឱ្យបង្កើនកម្លាំងយោធាដល់ជាង ២លាននាក់ ក្នុងនោះយោធាបំពេញកាតព្វកិច្ចនឹងកើនដល់១,១៥លាននាក់។ កន្លងមក រុស្ស៊ីមានទាហានបំពេញកាតព្វកិច្ចជាង១៣ម៉ឺននាក់ប៉ុណ្ណោះ។

 
មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយរយៈពេល ៦ខែហើយ ខណៈកម្លាំងទ័ពរុស្ស៊ី ក៏បានបាត់បង់ច្រើនដែរ។ ខណៈពេលប្រតិបត្តិការយោធាពិសេសនៅតែបន្ត លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យច្បាប់មួយនៅថ្ងៃទី២៥ ខែសីហា ដើម្បីពង្រីកទំហំយោធារុស្ស៊ី។ 
 
ក្រិត្យមួយនេះ នឹងអនុញ្ញាតឱ្យរុស្ស៊ីបង្កើនកម្លាំងយោធាពី ១,៩លាននាក់ ដល់២,០៣លាននាក់ ពោលគឺបង្កើនប្រមាណជាង១០ម៉ឺននាក់។​ កន្លងមកទ័ពបំពេញកាតព្វកិច្ចរុស្ស៊ីមានត្រឹមជាង១៣ម៉ឺននាក់ប៉ុណ្ណោះ ខណៈចំនួនទាហានផ្សេងទៀតជាទ័ពបម្រុង។ ប៉ុន្តែតាមរយៈក្រឹត្យថ្ងៃទី២៥ ខែសីហា វាជាការបង្កើនទ័ពបំពេញកាតព្វកិច្ចរហូតដល់ ១,១៥លាននាក់។  ការពង្រីកកម្លាំងយោធានោះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ខាងមុខ។ 
 
ការបន្ថែមចំនួនយោធារបស់រុស្ស៊ីបែបនេះ ទំនងបំពេញចំនួនទ័ពដែលបានបាត់បង់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ចាប់តាំងពីផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ីបានបញ្ចេញតួលេខ ជុំវិញការបាត់បង់កម្លាំងយោធាខ្លួនតែ១៣៥១នាក់ប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះ រុស្ស៊ីមិនទាន់ធ្វើបច្ចុប្បន្នភាពលើទិន្នន័យនោះឡើយ។ ក្រុមប្រទេសលោកខាងលិច បានអះអាងថា កម្លាំងទ័ពរុស្ស៊ីអាចបាត់បង់ច្រើនជាងតួលេខខាងលើដល់ ១០ដង ខណៈអ៊ុយក្រែនវាយតម្លៃថា ទ័ពរុស្ស៊ី បាត់បង់៤៥០០០នាក់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Al Jazeera។ 
 
យ៉ាងណាមិញ​ វិមានក្រេមឡាំង បាននិយាយការពារថា រុស្ស៊ីនឹងរើសតែទាហានជាប់កុងត្រា និងស្ម័គ្រចិត្តប៉ុណ្ណោះ ដើម្បីឱ្យចូលរួមក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ 
 
តាមច្បាប់របស់រុស្ស៊ី បុរសដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់២៧ឆ្នាំ មានកាតព្វកិច្ចមួយឆ្នាំសម្រាប់វិស័យយោធា ប៉ុន្តែប្រជាជនរុស្ស៊ីជាច្រើនរូបដែលរស់នៅក្នុងក្រុងមូស្គូ និងក្រុងសំខាន់ៗផ្សេងទៀត បានព្យាយាមគេចវេះពីកាតព្វកិច្ចមួយនេះ ក្រោមហេតុផលសុខភាព និងការពន្យារពេលសម្រាប់និស្សិត ដែលរៀននៅសកលវិទ្យាល័យ។
 
ក្នុងមួយឆ្នាំ រុស្ស៊ីប្រកាសរើសទាហានថ្មីចំនួន ២ដង ដោយលើកទី១ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា និងលើកទីពីរ ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា។ នៅចុងខែមីនាកន្លងទៅ លោកពូទីន បានបញ្ជាឱ្យរើសទាហានថ្មីចំនួន ១៣៤៥០០នាក់ និងចុងឆ្នាំ២០២១ រើសចំនួន១២៧៥០០នាក់។ 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រុស្ស៊ីបានបញ្ជាក់ថា ការបង្កើនរើសចំនួនទ័ពដ៏ច្រើនបែបនេះ មានគោលបំណងធ្វើទំនើបកម្មលើកម្លាំងយោធា និងការលម្អការត្រៀមខ្លួន ក្នុងការប្រយុទ្ធ៕ 
 

Tag:
 រុស្ស៊ី
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com