អន្តរជាតិ
ទោះត្រូវព្យួរតំណែងនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ នៅបន្តការងារជារដ្ឋមន្រ្តីការពារជាតិថៃ
26, Aug 2022 , 3:59 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្រ្តីការពារជាតិថៃ។ រូបភាព៖ AFP
លោកប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្រ្តីការពារជាតិថៃ។ រូបភាព៖ AFP
លោក ប្រាយុទ្ធ ចន្ទអូចា ដែលត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តី បានសរសេរលើបណ្តាញសង្គម Twitter ថា លោកនឹងបន្តតួនាទីជារដ្ឋមន្រ្តីការពារជាតិថៃ។ នេះជាសារលើកដំបូងរបស់លោក ប្រាយុទ្ធ ចាប់តាំងពីមានបញ្ជារបស់តុលាការធម្មនុញ្ញ។ លោក ប្រាយុទ្ធ បានកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិថៃចាប់តាំងពីឆ្នាំ២០១៩ មក ដោយបន្ថែមពីលើតួនាទីនាយករដ្ឋមន្រ្តី។


 
 
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៤ ខែសីហា បានបញ្ជាឱ្យព្យួរតួនាទីនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចន្ទអូចា ក្នុងសំឡេងគាំទ្រ៥លើ៤ រហូតដល់មានសេចក្តីសម្រេចជុំវិញការផុតអាណត្តិរយៈពេល៨ឆ្នាំរបស់លោក។ បើទោះមានការព្យួរតំណែងជាប្រមុខរដ្ឋាភិបាលក៏ដោយ លោកប្រាយុទ្ធ បានអះអាងថា លោកនៅតែបន្តតួនាទីជារដ្ឋមន្រ្តីការពារជាតិ ដែលលោកកាន់មកតាំងពីឆ្នាំ២០១៩ ផងដែរ។ 
 
«ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវជារដ្ឋមន្រ្តីការពារជាតិសម្រាប់ប្រជាជន និងថៃរាល់ថ្ងៃ»។ លោក ប្រាយុទ្ធ បានសរសេរបែបនេះនៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃទី២៥ ខែសីហា។ 
 
ក្នុងថ្ងៃទី២៦ ខែសីហា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានអះអាងថា គណៈរដ្ឋមន្រ្តីនៅតែបន្តតួនាទីរបស់ខ្លួនដដែល។ 
 
ពេលនេះ លោក Prawit Wongsuwan ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ថៃ រហូតដល់មានសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញលើអាណត្តិលោកប្រាយុទ្ធ។ 
 
កន្លងមក ប្រមុខការទូតថៃ លោកDon Pramudwinai ក៏បានបញ្ជាក់ផងដែរថា មុនការព្យួរតំណែងរបស់លោកប្រាយុទ្ធ គណៈរដ្ឋមន្រ្តីថៃ ក៏បានបើកកិច្ចប្រជុំចាត់ចែងការងារសម្រាប់រដ្ឋមន្រ្តីនីមួយៗផង បើមានការព្យួរតំណែង។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីការបរទេសរូបនេះ បានយល់ថា ការព្យួរតំណែងលោកប្រាយុទ្ធ មិនប៉ះពាល់ដល់មុខមាត់ថៃឡើយ ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាប្រធានផ្លាស់វេននៃកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច (APEC)៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com