ជាតិ
អភិបាលខេត្តព្រះវិហារ ឲ្យអ្នកនៅតាមដងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្នទឹកជំនន់
27, Aug 2022 , 6:30 pm        
រូបភាព
អាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកជន់ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២២សីហា ២០២២។ រូបពីរដ្ឋបាលខេត្តព្រះវិហារ
អាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកជន់ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២២សីហា ២០២២។ រូបពីរដ្ឋបាលខេត្តព្រះវិហារ
ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រាប់ឲ្យពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែនឡើងខ្ពស់លើសកម្រិតប្រកាសអាសន្ន។

 
នៅថ្ងៃនេះ ទឹកស្ទឹងសែនហក់ឡើងខ្លាំងកម្ពស់១១.៦០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន០.១១ម៉ែត្រ។ ហេតុដូច្នេះ អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យពលរដ្ឋ នៅក្បែងមាត់ស្ទឹងសែន និងមាត់ទន្លេមេគង្គ ប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភព។ 
 
រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី២៧សីហានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពកម្ពស់ទឹកស្ទឹងសែង និងការចូលរួមទប់ស្កាត់នូវគ្រោះមហន្តរាយជាយថាហេតុ ដោយទឹកជំនន់ទឹកភ្លៀង។ លិខិតដែលចេញ ដោយលោក គីម រិទ្ធី បានឲ្យដឹងថា ខេត្តព្រះវិហារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃនេះ។ ដូច្នេះទើបទឹកស្ទឹងហក់ឡើងខ្ពស់។ 
 
ជុំវិញការបង្ការគ្រោះទឹកជំនន់ជាយថាហេតុនេះ អភិបាលខេត្ត បានប្រាប់ទៅពលរដ្ឋបែបនេះ៖ «ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសនៅតាមស្ទឹងសែន មាត់ទន្លេមេគង្គ និងកំពុងរស់នៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ»។ 
 
ជាមួយគ្នាដែរ អភិបាលខេត្តអំពាវនាវឲ្យពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរនៅតាមមូលដ្ឋានឲ្យបានឆាប់ បើសិនជួបជួបគ្រោះទឹកជំនន់ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការដោះស្រាយនិងជួយសង្គ្រោះ។ 
 
បើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤សីហា បានព្យាករអាកាសធាតុ ឃើញមានជ្រលងសម្ពាធទាបឥណ្ណា និងរំកិលធ្លាក់ចុះជាសម្ពាធទាម(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម។ ជាមួយគ្នាដែរ សម្ពាធទាបស្ថិតនៅសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីកម្រិតមធ្យមទៅបង្គួរ។ ករណីនេះ ទើបណ្ដាលឲ្យខេត្តព្រះវិហារមានភ្លៀងជាបន្តបន្ទាប់និងទឹកស្ទឹងឡើង៕ 
 

Tag:
 ព្រះវិហារ
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com