ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស៤ នឹងជួប គ.ជ.ប នៅថ្ងៃស្អែក ដើម្បី​ស្នើសុំកែនីតិវិធីបោះឆ្នោត
30, Aug 2022 , 10:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប (កណ្ដាល) ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ រូបពី គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប (កណ្ដាល) ក្នុងកិច្ចប្រជុំនាពេលកន្លងមក។ រូបពី គ.ជ.ប
ភ្នំពេញ៖ បក្សនយោបាយ៤ នឹងជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីស្នើឲ្យកែប្រែនីតិវិធីបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប ថា សំណើទាំងអស់ មិនមែនសុទ្ធតែត្រូវកែនោះទេ ។

 
ដំណើរតស៊ូមតិរួមគ្នារបស់គណបក្សឆន្ទៈខ្មែរ កែទម្រង់កម្ពុជា ភ្លើងទៀន និងបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននាំគ្នាដាក់សំណើរទៅ គ.ជ.ប និង រដ្ឋសភា ដើម្បីស្នើសុំជួបជជែក កែទម្រង់នៃការបោះឆ្នោត។ 
 
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឲ្យដឹងថា តំណាងបក្សទាំង៤ខាងលើ នឹងទៅជួប គ.ជ.ប ហើយពិគ្រោះយោបល់ជាមួយគ្នា ជុំវិញដំណើរការបោះឆ្នោត នៅថ្ងៃទី៣១សីហា។ ចំណុចសំខាន់ៗ ដែលបក្សទាំង៤នឹងលើកឡើង ពិភាក្សាគ្នា ទាក់ទងការចុះឈ្មោះបោះឆ្នោតឲ្យមានរយៈវែងជាងមុន ,ដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព ,កុំឲ្យមានវត្តមានសមត្ថកិច្ចនៅក្បែរការិយាល័យបោះឆ្នោត និងនីតិវិធីរាប់សន្លឹកឆ្នោតជាដើម។ 


 
«ទាំងនេះ  សុទ្ធតែជាចំណុចសំខាន់ ដែលយើងស្នើសុំទាមទារ ឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតក្រោយៗ មានការទុកចិត្តបាន ពុំមានការប្រេះឆា និងបញ្ហាប្រឈមណាមួយកើតឡើងក្រោយពេលបោះឆ្នោត»។ លោក សាម អ៊ីន លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣០សីហា។ 
 
ការជួបជជែកគ្នានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ស្វាគមន៍រាល់សំណើ និងអនុសាសន៍។ សំណើរទាំងនោះ គ.ជ.ប នឹងពិនិត្យ ហើយកំណត់បែងចែកតាមប្រភេទ ព្រោះមានសំណើខ្លះមានលក្ខខណៈបច្ចេកទេស និងស្ថិតក្រោមស្ថាប័នផ្សេងជាអ្នកអនុវត្ត។ ជាមួយគ្នាដែរ រាល់សំណើ ភាគី គ.ជ.ប នឹងពន្យល់បកស្រាយ ដើម្បីឲ្យយល់ពីដំណើរការអនុវត្តនីតិវិធី។ 
 
ទន្ទឹមនឹងនេះ អ្នកនាំពាក្យ គ.ជ.ប​ ពន្យល់ថា៖ «រាល់ការស្នើទាំងអស់ គឺត្រូវតែស្របតាមចាប់និងនីតិវិធី ហើយរាល់នីតិវិធីដែល គ.ជ.ប ដាក់ទៅ គឺសុទ្ធតែស្របតាមច្បាប់ជាធរមាន»។ 
 
ជំនួបជាមួយបក្សនយោបាយទាំង៤ នេះ ភាគី គ.ជ.ប គឺមានលោក​ ហង្ស ពុទ្ធា ជា​ប្រធាន​ដឹកនាំ លោក​ ទេព នីថា អគ្គលេខាធិការ គជប លោក​ សោម សូរីដា អគ្គលេខាធិការរង លោក​ តុប ឫទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​បច្ចេកទេស ព្រមទាំង លោក​ កែ រិទ្ធិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន សេវាកម្ម​ច្បាប់ និង​បច្ចេកទេស។ 
 
ដើម្បីកែទម្រង់ការបោះឆ្នោតនេះ បក្សទាំង៤ ក៏បានដាក់សំណើសុំជួបរដ្ឋសភាដែរ ប៉ុន្តែ ត្រូវបានរដ្ឋសភា បដិសេធ។ ការស្នើសុំជួបរដ្ឋសភា ដើម្បីជជែកពីការកែប្រែច្បាប់បោះឆ្នោត ព្រោះស្ថាប័ននីតិបញ្ញត្តិនេះ មានសិទ្ធិ។ នេះជាការបញ្ជាក់របស់ លោក សាម អ៊ីន ហើយបន្ថែមថា ការបដិសេធរបស់រដ្ឋសភា ធ្វើឡើងក្រោមហេតុផលថា ពុំមានច្បាប់បញ្ញត្តិណាចែងឲ្យរដ្ឋសភាជួបជាមួយបក្សក្រៅរដ្ឋាភិបាលឡើយ។ 
 
ចំណុចនេះ លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​បកស្រាយវិញថា រដ្ឋសភា គឺមាន១២៥សំឡេង។ ដូច្នេះករណីជួបជាមួយបក្សក្រៅរដ្ឋាភិបាល គឺពិបាកជួប ហើយក៏គ្មានច្បាប់ឬនីតិវិធីណាចែងឲ្យជួបដែរ។  
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣០សីហានេះ លោក ប៉េងឡុង ប្រាប់បែបនេះ៖ «សភាអនុវត្តតាមនីតិវិធីច្បាប់ ហើយពួកគាត់ចង់ជួបសភា! មនុស្ស១២៥នាក់ ទើបហៅថាសភា តើឲ្យជួបអ្នកណា? ស្នើជួបសម្ដេច ហេង សំរិន ប៉ុន្តែលោកអព្យាក្រឹត្យ។ អ៊ឺចឹង លោកពិបាកសម្រេច។ ដូច្នេះ វាអត់មានមូលដ្ឋានច្បាប់ក្នុងជួបទេ ហើយបើជួបទៅ លទ្ធផលគាត់យកទៅបកស្រាយផ្តេស​តែ​ផ្តាស ធ្វើឲ្យខូចឈ្មោះសភាដែរ»។ 
 
យ៉ាងណា លោក សាម អ៊ីន យល់ឃើញថា ច្បាប់ពុំមែនចែងក៏ពិតមែន ប៉ុន្តែច្បាប់ក៏ពុំបានហាមឃាត់មិនឲ្យជួបដែរ។ លោក សោកស្ដាយនៅពេលរដ្ឋសភា មានចិត្តចង្អៀត ពុំទទួលយកមតិយោបល់របស់បក្សដទៃ ខណៈក្នុងរដ្ឋសភាមានតែឯកបក្ស។ បើតាមអគ្គលេខាធិបក្សGDP រូបនេះ រដ្ឋសភាគួរបើកគំនិតយោបល់ទទួលយកមតិពីគ្រប់ជ្រុង ដើម្បីកែលម្អ៕ 
 

Tag:
 នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com