ជាតិ
ករណីជំនឿលោក ខឹម វាសនា! សម្តេចអង្វរក្រុមគ្រួសារបែកបាក់ឲ្យត្រូវគ្នាវិញ ហើយមានរថយន្តចាំដឹកទៅផ្ទះ
31, Aug 2022 , 9:39 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃពុធនេះ បានអំពាវនាវដល់បណ្តាក្រុមគ្រួសារដែលបែកបាក់គ្នាដោយសារជំនឿលើលោក ខឹម វាសនា ឲ្យមានការត្រូវរ៉ូវគ្នាវិញ ហើយចំពោះករណីក្រុមអ្នកជឿ មានបំណងវិលត្រឡប់ទៅមូលដ្ឋានវិញ អាជ្ញាធរមានរៀបចំរថយន្តសម្រាប់ដឹកពួកគេ ជាមួយនឹងបាយទឹក។

 
សម្តេចបានបញ្ជាឲ្យត្រៀមរថយន្តពីភូមិភាគ៤ និងកងពលធំលេខ២ លើការត្រៀមដឹកអ្នកអបិយជំនឿទាំងនោះ វិលត្រឡប់ទៅផ្ទះវិញ។
 
សម្តេច ហ៊ុន សែន បាននិយាយសំដៅទៅលោក ខឹម វាសនា ថា៖«ខ្ញុំមិនបង្ខំឲ្យឯកឧត្តមបោះបង់ចោល ដែលខ្លួនឯងអាងជាព្រះព្រហ្មនោះទេ»។ សម្តេចបានបញ្ជាក់ថា លោក ខឹម វាសនា អាចរក្សាជំនួប ប៉ុន្តែមិនត្រូវមានការរារាំងអ្នកចង់ត្រឡប់ទៅផ្ទះវិញនោះឡើយ។
 
ទោះជាយ៉ាងណាក៏ដោយ សម្តេចបានអំពាវនាវដល់អ្នកមានជំនឿទាំងអស់វិលត្រូវទៅផ្ទះវិញ ព្រោះរដ្ឋាភិបាលគ្មានគោលដៅដោះស្រាយដីធ្លីដល់អ្នកទាំងនោះឡើយ។ សម្តេចបាននិយាយបែបកំប្លែងថា លោក ខឹម វាសនា អាចយកដី១២ហិចតារបស់ខ្លួនទៅដោះស្រាយបាន។
 
«បើលោក ខឹម វាសនា ជេរខ្ញុំសូមកុំប្រកាន់ជាមួយគាត់»។ នេះជាការស្នើរបស់សម្តេច ហ៊ុន សែន៕
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com