ជាតិ
សម្តេច ហ៊ុន សែន ឱ្យ​រដ្ឋមន្ត្រី​វប្បធម៌ពិនិត្យឡើង​វិញ​លើ​កម្មវិធីប្រកួត​បវរកញ្ញា ​
31, Aug 2022 , 3:09 pm        
រូបភាព
ហាក់​បង្ហាញ​អារម្មណ៍​តាន​តឹង​ចិត្ត សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានជំរុញ​​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោក​ស្រី ភឿង​ សកុណា ឱ្យ​ត្រួត​ពិនិត្យមើល​​កម្ម​វិធី​ Miss Grand Cambodia ឡើង​វិញ ក្រោយ​ពី​មានមហាជន​​រិះ​គន់​ច្រើ​នពី​​កម្ម​វិធី​នេះ​។

 
 
ក្នុង​ពិធី​​បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួន២បន្ថែមទៀត នាព្រឹក​​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ប្រមុខ​រដ្ឋាភិបាល បាន​​មាន​ប្រសាសន៍​​ថា អ្នក​រៀប​ចំ​កម្ម​វិធី​ Miss Grand Cambodia គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​រិះ​គន់​របស់​មហាជន​ ទៅ​នឹង​​ការ​រៀប​ចំ​កម្ម​វិធី​នេះ​។ 
 
អ្វី​ដែល​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ផ្ដោត​​ខ្លាំង​នោះ​ គឺកម្ម​វិធី Miss Grand Cambodia បាន​​ច្រាន​ចោលលិខិត​របស់​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង ដែល​ឱ្យ​​កម្មវិធីនេះ សូម​ទោស​ចំពោះ​ការ​បង្ហាញ​ឈុត​នីមួយ​ៗ ដែល​បេក្ខនារី​តំណាង​ខេត្ត​ស្ទឹង​ត្រែង​បាន​ស្លៀក​​ ដោយ​​បង្ហាញ​ភាព​ស៊ិចស៊ី​។ 


រូប_ពី_ហ្វេសប៊ុក_ផេក Miss Grand Cambodia

សម្ដេច​បញ្ជាក់​បន្ថែម​ដូច្នេះ​៖«ខ្ញុំ​ក៏​សូម​ឱ្យ​ពិនិត្យ​ឡើង​វិញ អាបវរកញ្ញា​ស្អី​នៀក។ ឃើញ​គេ​បង្ហោះ​ចុះ​បង្ហោះ​ឡើង មើល! ​សុំ​ហៅ​គ្នា​មក​ធ្វើ​ការ​មើល​? រឿង​វា​យ៉ាង​ម៉េច បាន​ជា​វា​ទៅ​អ៊ី​ចឹង​ តំណាង​បាវិត តំណាង​ប៉ោយ​ប៉ែត​ សុទ្ធ​តែ​ល្បែង​ ហ្នឹង​គេ​ក៏​លុប​ចោល​ហើយ។ ប៉ុន្តែ​តំណាង​ស្ទឹង​ត្រែង គេ​ទាត់​ចោល»។ 
 
សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី៣១​ ខែ​សីហា ឆ្នាំ​២០២២នេះ ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ Miss Grand Cambodia បាន​ឆ្លើយ​តប​ទៅ​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​វិញ ដោយ​ត្រឹម​តែ​សរសេរ​សំណេរ​ខ្លី​ មាន​​​ភ្ជាប់​រូប​   សម្លៀក​បំពាក់​ឈុត​តំណាង​ខេត្ត​ស្ទឹង​ត្រែង ជា​មួយ​លិខិត​ឆ្លើយ​តប​របស់​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​ ថា“តើ​ត្រូវ​សូម​ទោស​យ៉ាង​ម៉េចទៅ បើ​ឈុត​នេះ​មិន​មាន​អី​ខុស​ផង!​។ 
 
លោក​ ម៉ែន គុង នាយក​រង​រដ្ឋ​បាល​សាលាខេត្ត​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ តាម​ទូរសព្ទ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា​ ឆ្នាំ​២០២២​នេះ​ថា រដ្ឋ​បាល​ខេត្ត​​គាំ​ទ្រ កម្ម​វីធី​ Miss Grand Cambodia 2022 ចំពោះ​ការបង្ហាញ​ឈុត​តំណាង​ខេត្ត​ស្ទឹង​ត្រែង ដែល​មិនធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខេត្ត​ខ្លួន​។ 


លោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក្នុង​ដំណាក់​កាល​នៃ​ការ​បង្ហាញ​ឈុត​នីមួយ​ៗ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ខេត្ត​ស្ទឹង​ត្រែង ឃើញ​មាន​ឈុត​ស៊ិចស៊ី ដូច្នេះ​លោក ម៉ែន​ គុង​ សុំ​ឱ្យអ្នក​រៀប​ចំ​កម្ម​វិធី​ Miss Grand Cambodia បក​ស្រាយ​ឱ្យ​ប្រជា​ជន​ខេត្ត​ស្ទឹង​ត្រែង​យល់​ឱ្យ​បាន​ច្បាស់​​​​។ ដ្បិត​អី នា​យក​រង​រដ្ឋ​បាល​សាលាខេត្តរូប​នេះ យល់​ឃើញ​ថា វា​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់តម្លៃ​​ប្រពៃណី​ ទំនៀម​ទម្លាប់​ដ៏​ល្អ​របស់​​ខេត្តស្ទឹង​ត្រែង​​។
 
លោក ឡុង​ ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់​ ThmeyThmey តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា ថា​ក្រុម​ការ​ងារ​ជំនាញ​របស់​លោក បាន​កោះ​ហៅ​អ្នក​រៀប​ចំ​កម្ម​វិធី Miss Grand Cambodia ទៅ​ស្ដី​បន្ទោស​​រួច​រាល់​ហើយ​ ចំពោះ​ការ​បង្ហាញ​ឈុត​​ល្បែង​ស៊ី​សង ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ពាល់​​ដល់​សង្គម​។ យ៉ាង​ណា​ក៏​ដោយ រឿង​ឈុត​ដំណាង​ខេត្ត​ស្ទឹង​ត្រែង លោក​​មិន​បាន​បញ្ជាក់​ច្បាស់​ឡើយ​ ដោយ​ទុក​ឱ្យ កម្ម​វិធី​ Miss Grand Cambodia ជា​អ្នក​បក​ស្រាយ​។ ប៉ុន្តែ​លោក​​សូម​ឱ្យ​សាធារណជន​ បែង​ចែក​ឱ្យ​ច្បាស់ ថា​ឈុត​មួយ​ណា​ជា​ឈុត​ដំណាង​ខេត្ត ហើយ​ឈុត​មួយ​ណា​ ដែល​តំណាង​ឱ្យ​កម្ម​វិធី​​ មុន​នឹង​រិះ​គន់​។
 


លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូប_ខាងមុខ)
 
កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្ម​វិធី​ Miss Grand Cambodia ក៏​ដូច​ជា​ផលិត​កម្ម​មហាហង្ស ដែល​ជា​​អ្នក​រៀប​ចំ​​កម្ម​វិធី បាន​ចេញ​លិខិត​​បំភ្លឺ​ និង​សម្ដែង​ការ​សោក​ស្ដាយ​​ ចំពោះ​ការ​បង្ហាញ​ឈុត​ដំណាង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​បង្ហាញ​ពី​ល្បែង​ស៊ីសង​ ក្រោយ​ពី​មាន​ការ​រិះ​គន់​ខ្លាំង​ពី​មហាជន​។ 
 
មិន​ត្រឹម​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បង្ហាញឈុត​​ល្បែង​ស៊ីសង និង​ការ​មិន​ឆ្លើយ​តប​ទៅ​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង ពី​សំណាក់​កម្មវិធី Miss Grand Cambodia ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្ដេច​ក៏​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​ចំពោះ​របៀប​របប​នៃ​ការ​បង្ហាញ​ក្នុង​កម្ម​វិធី​នោះ​ដែរ​។ 
 
«ហើ​យ​អ្វី​ដែល​សំខាន់​ គឺ​ស្រែក​អាឡេអាឡូ​ពេញ​តែ​ទឹក​ពេញ​តែ​ដី ហ្នឹង​គឺ​ជា​ភារកិច្ច​របស់​ក្រសួង​វប្បធម៌ ធ្វើ​ការ​ភ្លាម​ៗ។ អត់​ទេ! ថ្ងៃ​ក្រោយ​សុំ​ឱ្យ​មើល​អាហ្នឹង​ឡើង​វិញ​បន្តិច។ ខ្ញុំ​មិន​ថា​ខុស​ថា​ត្រូវ​យ៉ាង​ម៉េច​ទេ ក៏​ប៉ុន្តែ​មតិមហាជន​ គឺ​សម្ដែង​នូវ​ការ​សោក​ស្ដាយ យើង​ត្រូវ​ស្ដាប់​សំឡេង​នេះ​ផង​ ហើយ​ត្រូវ​កែ​តម្រូវ​។ ក្មួយ​ៗ​ដែល​ជា​អ្នក​ទៅ​សម្ដែង​ អត់​មាន​កំហុស​ទេ ព្រោះ​គេ​ឱ្យ​សម្ដែង​យ៉ាង​ម៉េច ទៅ​តែ​សម្ដែង​បែប​នោះ គេ​ឱ្យ​ស្លៀក​អី ត្រូវ​តែ​ស្លៀក​តាម​គេ​អ៊ីចឹង​។ បើ​មិន​ស្លៀក​តាម​គេ វា​មិន​ត្រូវ​ស្ដង់​ដា​ប្រកួត​។ ដូច្នេះ​មិន​ខុស​អ្នក​ទៅ​ប្រកួត​ទេ វា​ខុស​អ្នក​ចាត់​ការ វា​ខុស​អ្នក​ដឹក​នាំ»​។ នេះ​ជា​ការ​បន្ថែម​របស់​សម្ដេច​។ 
 
សាធារណជន​ តែង​តែ​បង្ហាញ​ការធុញ​ទ្រាន់ នៅ​ពេល​ដែល​ឃើញ​មាន​កម្ម​វិធី​ណា​មួយ ឬ​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ ធ្វើ​​ទង្វើ​ឆ្គាំឆ្គង​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​សិល្បៈ វប្បធម៌​ និង​អត្តសញ្ញាណ​ជាតិ​ដដែល​ៗ។ រាល់​ដង​ ពួក​គេ​ទាំង​នោះ​គ្រាន់​តែ​សូម​ទោស និង​ឆ្លើយ​ថា​មិន​ដឹង​ក៏​រួច​ខ្លួន​។
 
សាធារណជន និង​អ្នក​វិភាគ​​ ធ្លាប់​បាន​ផ្ដល់​យោបល់​ថា ក្នុង​ករណី​ជន​ក្នុង​វិស័យ​សិល្បៈ​ និង​វប្បធម៌ ប្រព្រឹត្ត​ខុស​លើក​ទី​មួយ មិន​​ត្រូវ​ត្រឹម​តែ​ហៅ​ទៅ​អប់​រំ និង​ណែនាំ​ឡើយ ប៉ុន្តែ​ត្រូវ​តែ​កំណត់​ឱ្យ​ពួក​គេ​ទៅ​ធ្វើ​ការ​ងារ ជា​ប្រយោជន៍ណាមួយ​​ជួយ​សង្គម​ ក្នុង​រយៈ​ពេល​​កំណត់​ណា​មួយ​ ដើម្បី​ឱ្យ​ពួក​គេ​រៀង​ចាល​។ អ្នក​វិភាគថា​វិធី​បែប​នេះ​ ចំណេញ​ទាំង​បុគ្គល​នោះ​ផ្ទាល់​ខ្លួន ​ទាំង​ក្រសួង ទាំង​សង្គមជាតិ​ ហើយ​​នេះ​គឺ​​ជាវិធី​​បណ្ដុះ​សីលធម៌​សង្គម​ យ៉ាង​មាន​ប្រសិទ្ធភាព ដ្បិត​អី​ប្រទេស​ជឿន​លឿន​ក្នុង​ពិភព​លោក​ បាន​អនុវត្តន៍​ជោគ​ជ័យ​រួច​មក​ហើយ​​។ ប៉ុន្តែ​បើ​ពួក​គេ​នៅ​តែ​មិន​រៀង​ចាល គួរ​តែពិន័យ​ឱ្យ​ធ្ងន់​ជាង​នោះ​៕
 
 
 
 

Tag:
 សិល្បៈ​
  សម្ដេច​
  ហ៊ុន សែន​
  Miss Grand Cambodia
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com