ជាតិ
រដ្ឋ ​ចំណាយ​ថវិកា​ជិត២លានដុល្លារក្នុងមួយឆ្នាំ ដើម្បី​សម្អាត​បរិស្ថាននៅមូលដ្ឋាន
31, Aug 2022 , 10:59 pm        
រូបភាព
រូបពី Thmey Thmey
រូបពី Thmey Thmey
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលចំណាយថវិការប្រមាណ ៨ពាន់លានរៀលក្នុងមួយឆ្នាំ (ជិត២លានដុល្លារ) ដល់ទីប្រជុំជន និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២៨ក្រុង ដើម្បីសម្អាតបរិស្ថាន។


លោក នេត្រ ភក្រ្តា បានឲ្យដឹងថា ក្រសួងបានផ្ដល់នូវធនធានថវិកា និងសម្ភារជាច្រើន សម្រាប់ការអនុវត្តការងារនេះដល់រដ្ឋបាល ស្រុក-ខណ្ឌ ដើម្បីធានាបាននូវការគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជនឲ្យបានល្អ។ បើតាមលោក នេត្រ ភក្ត្រា ក្រសួងបានផ្ដល់ថវិកាសេវាអនាម័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិចំនួន ៨ពាន់លានរៀល ក្នុងមួយឆ្នាំៗដោយគិត ចាប់ពីឆ្នាំ២០១៥-២០២២ ដល់២៨ក្រុង ដើម្បីសម្អាតទីក្រុងបរិស្ថាន។ 
 
ទន្ទឹមនឹងនេះ ក្រសួងក៏បានផ្ដល់រថយន្តដឹកសំរាមដល់រដ្ឋបាលក្រុង ស្រុក និងថ្នាក់ក្រោមជាតិចំនួន៥៨គ្រឿង, ម៉ូតូកង់បីដឹកសំរាម ១១៨គ្រឿង ,ឡដុតសំរាម ៦៦គ្រឿង, ធុងចម្រោះទឹក តាមរយៈមន្ទីបរិស្ថាន ១២៩ គ្រឿង និងធុងសំរាមធំចំណុះ ១៤ម៉ែត្រគូប ៦៨ធុងផងដែរ។ 
 
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងបរិស្ថាន» នាថ្ងៃទី ៣០ ខែសីហា លោក បញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា មានសំណល់រឹងសំរាមជាង១ ម៉ឺនតោនក្នុងមួយថ្ងៃ ស្មើជាង៤លានតោនក្នុងមួយឆ្នាំ។ ក្នុងនោះ សំណល់សរីរាង្គប្រមាណ៦០ភាគរយ សំណល់ប្លាស្ទិកប្រហែល២០ភាគរយ និងសំណល់ទូទៅ១០ភាគរយ។
 
អ្នកនាំពាក្យរូបនេះបន្ថែមថា កំណើនសំរាមតាមទីក្រុង-ស្រុក មាន ១០ភាគរយ ទៅ១២ភាគរយក្នុងមួយឆ្នាំ ហើយសំណល់១០០ភាគរយ មានប្រមាណ៥០ភាគរយប៉ុណ្ណោះ ត្រូវបានប្រមូលចាក់ចោលទីលាន ។ ក្រៅពីនេះ ត្រូវបានបោះចោលក្នុងប្រភពទឹក និងការដុតកម្ទេចចោលផងដែរ។ បើតាមលោក ភក្ត្រា ក្នុងមួយថ្ងៃ សំណល់ទំាងនេះ​ ត្រូវបានប្រមូលយកទៅចាក់ចូលទីលានសរុប ៥៥១៧តោន ស្មើ២,០១៣,៩២៤តោន ក្នុងមួយឆ្នាំ។ 
 
គួរជម្រាបផងដែរថា ក្រសួងកំពុងជំរុញគោលការណ៍ប្រតិបត្តិមេត្រីបរិស្ថាន តាមគ្រឹះស្ថានអប់រំ វត្តអារាម នឹងរៀបចំបន្ទប់ទឹកសាធារណៈ រួមទាំងដំឡើងម៉ាស៊ីនចម្រោះទឹកតាម សាលារៀន ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកទៀតផង។ ចំណែកផលិតផលចាន និងស្លាបព្រា ត្រូវបានជំរុញឲ្យផលិតឡើងដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដោយពុំមានការនាំចូលវត្ថុធាតុដើមឡើយ។ នេះបើតាមលោក នេត្រ ភក្ត្រា៕
 

Tag:
 សង្គម
  សេដ្ឋកិច្ច
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com