ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សាលាឧទ្ធរណ៍ មិនឲ្យអ្នកនាង សេង ធារី នៅក្រៅឃុំឡើយ
01, Sep 2022 , 3:53 pm        
រូបភាព
ពីឆ្វេងដៃទៅ អ្នកស្រី មូរ សុខហួរ ឈរនៅលេខទី២ និងស្រ្តីជាពលរដ្ឋខ្មែរផ្សេងទៀត ដែលមាននិន្នាការប្រឆាំង ពេលចូលរួមធ្វើបាតុកម្ម បាននាំគ្នាតែងខ្លួនតាមអ្នកនាង សេង ធារី ដែលកាលពីមិនទាន់ជាប់ឃុំ អ្នកនាង តែងខ្លួនជានាងសេរីភាព ជារូបសំណាកតំណាងឲ្យសេរីភាព នៅសហរដ្ឋអាម៉េរិក។ រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ
ពីឆ្វេងដៃទៅ អ្នកស្រី មូរ សុខហួរ ឈរនៅលេខទី២ និងស្រ្តីជាពលរដ្ឋខ្មែរផ្សេងទៀត ដែលមាននិន្នាការប្រឆាំង ពេលចូលរួមធ្វើបាតុកម្ម បាននាំគ្នាតែងខ្លួនតាមអ្នកនាង សេង ធារី ដែលកាលពីមិនទាន់ជាប់ឃុំ អ្នកនាង តែងខ្លួនជានាងសេរីភាព ជារូបសំណាកតំណាងឲ្យសេរីភាព នៅសហរដ្ឋអាម៉េរិក។ រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ
សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធមិនដោះលែងអ្នកនាង សេង ធារី ដែលជាពលរដ្ឋខ្មែរ-អាម៉េរិកាំង ពីពន្ធនាគារ តាមការស្នើសុំរបស់លោក ជូង ជូងី មេធាវីរបស់អ្នកនាងឡើយ។ ការបដិសេធរបស់សាលាឧទ្ធរណ៍ ធ្វើឡើងក្នុងសវនាការ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ។



លោក ជូង ជូងី មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗដូច្នេះថា៖«ក្នុងសវនាការ មានការខ្វែងគំនិតគ្នារវាង [ខ្ញុំ ជា] មេធាវីរបស់អ្នកនាង សេង ធារី និងតំណាងម​ហាអយ្យការ។ ចំពោះការបដិសេធ [មិនដោះលែងអ្នកនាង សេង ធារី] ចៅក្រម មិនបានបញ្ជាក់ហេតុផលច្បាស់លាស់ទេ»។ 


អ្នកនាង សេង ធារី តែងខ្លួនធ្វើជានាងសេរីភាព ដែលជារូបសំណាកតំណាងឲ្យសេរីភាព នៅសហរដ្ឋអាម៉េរិក ពេលអ្នកនាង ទៅចូលរួមស្តាប់ការប្រកាសសាលក្រម នៅតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ François Camps 

លោកមេធាវី ប្រាប់ថា លោក មានវត្តមានក្នុងសវនាការ តែអ្នកនាង សេង ធារី អវត្តមាន។ លោក សម្តែងការសោកស្តាយ ដែលមន្រ្តីពន្ធនាគារ ពុំបានដឹកអ្នកនាង សេង ធារី ទៅកាន់សវនាការនៃសាលាឧទ្ធរណ៍។ 
លោក ផ្តល់ព័ត៌មានថា លោក នឹងទៅជួបអ្នកនាង សេង ធារី ​នៅពន្ធនាគារក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាពីផ្លូវច្បាប់ជាមួយអ្នកនាង។ លោក បន្តថា បើអ្នកនាង ចង់ប្តឹងសាទុក្ខទៅតុលាការកំពូល ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លោក នឹងធ្វើតាមអ្នកនាង។ 
  

លោកមេធាវីលោក ជូង ជូងី ចេញពីសវនាការឧទ្ធរណ៍នាពេលកន្លងមក។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រុមអ្នកប្រឆាំង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូហ្សែត សហរដ្ឋអាម៉េរិក ដើម្បីជំរុញឲ្យសហរដ្ឋអាម៉េរិក ជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងអ្នកនាង សេង ធារី និងអ្នកជាប់ឃុំដទៃទៀត។ មេដឹកនាំប្រឆាំង មានលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ ជាដើម ក៏បានចូលរួមក្នុងបាតុកម្មនេះដែរ។ 
 
បច្ចុប្បន្ន អ្នកនាង សេង ធារី ដែលជាមេធាវីកម្រិតអន្តរជាតិ និងធ្លាប់ធ្វើការផ្នែកសិទ្ធិមនុស្សជាមួយអង្គការសង្គមស៊ីវិលច្រើនឆ្នាំនៅកម្ពុជា កំពុងជាប់ឃុំនៅពន្ធនាគារ​ខេត្តព្រះវិហារ។ លោកមេធាវី ជូង ជូងី លើកឡើងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា មកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ពុំទាន់ឆ្លើយតបនឹងលោកនោះទេ ពាក់ព័ន្ធនឹងសំណើរបស់លោក ដែលស្នើសុំឲ្យផ្ទេរអ្នកនាង សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារ យកទៅឃុំនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញវិញ។ លោក ដាក់សំណើនេះទៅអគ្គនាយកដ្ឋានពន្ធនាគារ កាលពីចុងខែសីហា ឆ្នាំ២០២២។ 
  

រូបពីទំព័រហ្វេសប៊ុករបស់ពន្ធនាគារខេត្តព្រះវិហារ

អ្នកនាង សេង ធារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខតុលាការភ្នំពេញ និងដឹកយកទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីសាលក្រមស្តីពីការផ្ទន្ទាទោសអ្នកនាង និងអ្នកប្រឆាំងប្រមាណ៤០នាក់ទៅ៥០នាក់ផ្សេងទៀត ត្រូវបានប្រកាសចប់។ ជាប់ពន្ធនាគារនៅរាជធានីភ្នំពេញបានតែ១ថ្ងៃ សមត្ថកិច្ច ក៏ដឹកអ្នកនាង យកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ។ 
 
មនុស្សប្រមាណ៤០ទៅ៥០នាក់ ដែលមានទាំងអ្នកនាង សេង ធារី ផងនោះ ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រមដាក់ទោសក្នុងសំណុំរឿងតែមួយជាមួយគ្នា ពីបទរួមគំនិតក្បត់ [ជាតិ] និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ ពួកគេ រងបទចោទទាំង២នេះ ដោយសារតុលាការ រកឃើញថា ពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។

ទោសដែលអ្នកទាំងអស់ខាងលើ ត្រូវជាប់ពន្ធនាគារ មាន៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ អ្នកជាប់ទោស៥ឆ្នាំ មិនត្រូវស្ថិតក្នុងពន្ធនាគារឡើយ ព្រោះទោស៥ឆ្នាំនេះ ត្រូវព្យួរ។ ចំពោះអ្នកនាង សេង ធារី អ្នកនាង ស្ថិតក្នុងចំណោមអ្នកដែល ត្រូវជាប់ទោស៦ឆ្នាំ។ 

លោក ជួង ជូងី បកស្រាយថា ថ្វីបើតុលាការភ្នំពេញ ប្រកាសសាលក្រមអំពីការដាក់ទោសអ្នកនាង សេង ធារី រួចហើយក៏ដោយ តែសាលាក្រមនោះ ពុំទាន់ចូលជាស្ថាពរឡើយ ដ្បិតលោក បានដាក់បណ្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។ លោក បន្ថែមថា ការដែលសាលក្រម មិនទាន់ក្លាយជាស្ថាពរនេះហើយ ដែលតុលាការ មិនអាចឃុំអ្នកនាងបាន ព្រោះអ្នកនាង មិនទាន់ក្លាយជាអ្នកទោស (ទណ្ឌិត)។ ដោយសំអាងលើហេតុផលនេះ លោកមេធាវី ក៏ដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងអ្នកនាង សេង ធារី តែត្រូវបដិសេធ៕  
 

Tag:
 សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com