ជាតិ
ចរចាប្រាក់ឈ្នួលកម្មករ ពុំទាន់មានលទ្ធផលរួម ខណៈក្រុមប្រឹក្សាជាតិដាក់តួលេខ១៩៧ដុល្លារ
01, Sep 2022 , 4:59 pm        
រូបភាព
កិច្ចប្រជុំ ចរចាប្រាក់ខែគោលកម្មនៅថ្ងៃទី៣១សីហា ឆ្នាំ២០២២។ រូបពី  ក្រសួងការងារ
កិច្ចប្រជុំ ចរចាប្រាក់ខែគោលកម្មនៅថ្ងៃទី៣១សីហា ឆ្នាំ២០២២។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ តួលេខនៃគោលជំហររបស់និយោជិតនិងនិយោជក ក្នុងការចរចាគ្នា មានគម្លាតគ្នា ១៧ដុល្លារ ខណៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគណនាឈ្នួលគោលកម្មករត្រឹម១៩៧.៨៦ដុល្លារ។

 
ក្នុងកិច្ចប្រជុំជិត៥ម៉ោង នៃការចរចាប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០២៣ មានបីភាគី រួមមាន តំណាងកម្មករនិយោជិត តំណាងនិយោជក និងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែពុំទាន់កំណត់តួលេខរួមនៅឡើយទេ។ 
 
ដើមឡើយភាគីនិយោជិត បានដាក់តួលេខ២១៥ សម្រាប់ការចរចាប្រាក់អប្បបរមាកម្មករឆ្នាំ២០២២។ ចំណែក និយោជក ដាក់តួលេខ១៩៤ដុល្លារ។ ប៉ុន្តែក្រោយប្រជុំផ្ទៃក្នុងបីលើក ភាគីនិយោជិត សម្រេចចុះតួលេខនៅត្រឹម២១៣ដុល្លារ។ ជាមួយគ្នានេះដែរ និយោជកក៏បានសម្រេចដំឡើងតួលេខ ដល់១៩៦ដុល្លារ ក្រោយពេលប្រជុំផ្ទៃក្នុងរបស់ពួកគេ ចំនួនពីរលើក។ 
 
ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដោយបញ្ជាក់ថា ភាគីទាំងបី បានពន្យល់គោលជំហរគ្នាទៅវិញទៅមក ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។  
 
ចំណែក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក៏បានគណនាតួលេខ១៩៧.៨៦ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ នៅឆ្នាំ២០២៣ផងដែរ។ ការកំណត់នេះ ធ្វើឡើងតាមលក្ខណបច្ចេកទេស និងបម្រែបបម្រួលទិន្នន័យនៃលក្ខណវិនិច្ឆ័យមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមា។ 
 
ជំនួបត្រីភាគីនេះ ខាងភាគីរដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យល់បន្ថែមពីចំណុចនានា ផងដែរ។ ជាលទ្ធផល ពួកគេឯកភាពគ្នា បន្តការចរចា នៅថ្ងៃទី១៣ កញ្ញា ទៀត។ 
សូមជម្រាបថា ប្រាក់ខែគោលកម្មករក្នុងវិស័យកាត់ដេរ នៅកម្ពុជា ឆ្នាំ២០២២ គឺ១៩៤ដុល្លារ ។ កាលណោះ ការចរចាប្រាក់ខែគោល បានឡើងត្រឹមតែ២ដុល្លារប៉ុណ្ណោះ ដោយរដ្ឋាភិបាល ជាអ្នកសម្រេចបន្ថែម៕ 
 
 
 
 
 
 
 
 
 
 
 

Tag:
 ប្រាក់ឈ្នួលកម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com