ជាតិ
៥ឆ្នាំមកនេះ ក្រសួងព័ត៌មាន ផ្ដល់បណ្ណព័ត៌មានដល់អ្នកសារព័ត៌មានជាង១ម៉ឺននាក់
01, Sep 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល៥ឆ្នាំនេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណសារព័ត៌មានចំនួនជាង២០០០អាជ្ញាបណ្ណ ហើយផ្ដល់បណ្ណសារព័ត៌មានដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១ម៉ឺននាក់។

 
របាយការណ៍ដែល​បង្ហាញ​ដោយ ​ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ​​ក្រសួង​ព័ត៌មាន បាន​លំអិត​ថា រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ក្រសួងបានចេញ​អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតបន្តអាជ្ញាបណ្ណព័ត៌មានគ្រប់ប្រភេទបានចំនួន២១៥៤អាជ្ញាបណ្ណ។ ជាមួយគ្នាដែរ ក្រសួង បានចេញបណ្ណអ្នកសារព័ត៌មាន និងបន្តសុពល​ភាពបណ្ណសារព័ត៌មានជាតិ និងអន្តរជាតិចំនួន​១០០៣៣បណ្ណ។ 
 
របាយការណ៍ ដដែលបង្ហាញថា បច្ចុប្បន្ននេះ អង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន២១៥៤អង្គភាព ដែលផ្សាយបែបបុរាណ និងបែបទំនើប។ ចំនួន២១៥៤នេះ គឺមានការកើនឡើង៥៥៨អង្គភាព បើធៀបនឹងឆ្នាំ២០១៨។ ចំពោះចំនួនកើនឡើងនេះ លោក មាស សុភ័ណ្ឌ ដែល​ជាអ្នកនាំពាក្យក្រសួងផងដែរនោះ បានវាយតម្លៃថា កម្ពុជាមានសេរីភាពពេញលេញក្នុងការចេញផ្សាយព័ត៌មាន។ 
 
ក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផល៥ឆ្នាំ របស់ក្រសួងព័ត៌មានដែល​រៀបចំនៅទីស្តីការគណរដ្ឋមន្ត្រី​នោះ  នាព្រឹក​ថ្ងៃទី១ ខែកញ្ញានោះ លោក មាស សុភ័ណ្ឌ បានលើកឡើងថា នៅកម្ពុជាទោះស្ថិតក្នុងកាលៈទេសៈណា ក៏ដោយ ជាក់ស្ដែង នាអំឡុងពេលបិទខ្ទប់នៃការរីករាលដាលកូវីដ-១៩ ក្រសួងបានជួយសម្របសម្រួលដល់អ្នកសារព័ត៌មានជាង១ពាន់នាក់ ចុះយកព័ត៌មាននៅ​តំបន់បិទខ្ទប់។ 
 
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ​ ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីអំឡុងឆ្នាំ២០២០ ដល់បច្ចុប្បន្ន ក្រសួងរកឃើញព័ត៌មានក្លែងក្លាយ៤៦៥៧មាតិកា។ ចំពោះករណីព័ត៌មានក្លែងក្លាយទាំងនេះ ក្រសួងពុំបានបញ្ជូនសំណុំរឿងទៅតុលាការឡើយ។ ប៉ុន្តែ ក្នុងចំណោម៤៦៥៧មាតិកានេះ មាន១៧០មាតិកា ក្រសួងព័ត៌មានសម្រេចបញ្ជូនទៅឲ្យក្រសួងពាក់ព័ន្ធជាអ្នកដោះសា្រយ។
 
«ព័ត៌ក្លែងក្លាយបានជះឥទ្ធិពលខ្លាំងណាស់ដល់ប្រទេសជាតិ ជាក់ស្តែងការឃោសនាពីគ្រោះធម្មជាតិជាដើម។ ការផ្សាយព័ត៌មានក្លែងក្លាយនេះ មិនមែនមានតែពេលបច្ចុប្បន្ននេះទេ គឺមានយូរហើយ ប៉ុន្តែពេលបច្ចុប្បន្ននេះ គឺមានការ ផ្សព្វផ្សាយលឿនដែលយើងពិបាកគ្រប់គ្រង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក មាស សុភ័ណ្ឌ។
 
ទន្ទឹមនឹងនេះ លោកបានឲ្យដឹងថា ក្រសួងព័ត៌មានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ៕ 
 
 
 
 

Tag:
 ព័ត៌មានក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com