ជាតិ
សង្គមជាតិ
សមត្ថកិច្ច បន្តចាប់បានគ្រឿងញៀន១០០គីឡូក្រាមទៀតពីបុរសចិន នៅព្រះសីហនុ
02, Sep 2022 , 9:42 am        
រូបភាព
បុរសចិន និងគ្រឿងញៀន១០០គីឡូក្រាម ត្រូវចាប់បាននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
បុរសចិន និងគ្រឿងញៀន១០០គីឡូក្រាម ត្រូវចាប់បាននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
សមត្ថកិច្ចកម្ពុជា ចាប់បានឧក្រិដ្ឋជនជាជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀន១០០គីឡូក្រាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិលើទំព័រហ្វេសប៊ុក។



ប្រតិបត្តិការរុករកឧក្រិដ្ឋជនគ្រឿញៀន និងរហូតឈានដល់ការបង្ក្រាបបានសម្រេចនេះ មានការចូលរួមពីកម្លាំងនគរបាលជាច្រើនផ្នែក រួមមាន មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានខេត្តព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាដើម។

ឧក្រិដ្ឋជននោះ ជាបុរសជនជាតិចិន ដែលមានវ័យ៣៦ឆ្នាំ។ មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា៖«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី»។

គួររម្លឹកថា ចាប់តាំងចុងឆ្នាំ២០២១មក សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅតាមបណ្តារាជធានី-ខេត្តនានា ដោយក្នុងនោះ មានទាំងខេត្តព្រះសីហនុផងដែរ។ ក្នុងករណីខ្លះ ក្រុមឧក្រិដ្ឋជន លួចផលិតកែច្នៃគ្រឿងញៀនក្នុងរោងចក្រតែម្តង ហើយភាគច្រើន ក្រុមឧក្រិដ្ឋជន ដែលត្រូវចាប់បាន ជាជនជាតិចិន ឬជាជនជាតិចិន-តៃវ៉ាន់៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com