ជាតិ
ទើបដឹងកូននៅចម្ការលោក ខឹម វាសនា ក្រោយបាត់ពីផ្ទះគ្មានដំណឹង៧ខែ
02, Sep 2022 , 9:43 am        
រូបភាព
សៀមរាប៖ អ្នកស្រី គង់ ចាន់ថូ អាយុ៤៧ឆ្នាំ បានធ្វើដំណើរទៅមកពីខេត្តកំពង់ធំរយៈពេលជាងមួយសប្ដាហ៍ហើយ ដោយចង់ជួបកូន និងនាំទៅផ្ទះវិញ ក្រោយដឹងថាកូនកំពុងស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា នាជើងភ្នំគូលែន។ កូនអ្នកស្រី ចាន់ថូ អាយុ១៨ឆ្នាំ បានបាត់ពីផ្ទះដោយគ្មានដំណឹងអ្វីសោះ ធ្វើឱ្យក្រុមគ្រួសារកើតទុក្ខជាខ្លាំង។ ទើបតែថ្មីៗនេះ គ្រួសារមួយនេះបានឃើញកូនស្រីរបស់ខ្លួននៅក្នុងការឡាយលើផេកហ្វេសប៊ុករបស់លោក ខឹម វាសនា។ កូនអ្នកស្រី ចាន់ថូ ជាសិស្សពូកែ និងជាប់អាហារូបករណ៍រៀននៅសាកលវិទ្យាល័យនៅភ្នំពេញរយៈពេល៤ឆ្នាំ តែត្រូវខកខានចូលរៀន ដោយសារជឿលង់លើការអូសទាញពីសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ដែលជាគ្រូបង្រៀន។




 
ក្រុមគ្រួសាររបស់អ្នកស្រី គង់ ចាន់ថូ មានប្ដី និងបងស្រីម្នាក់ទៀត បានធ្វើដំណើរទៅមកសៀមរាបកំពង់ធំ ដើម្បីចង់ដឹងដំណឹងរបស់កូនស្រី ដែលជឿថា កំពុងស្នាក់នៅជំរំចម្ការរបស់លោក ខឹម វាសនា។ ពលរដ្ឋជាច្រើន ដែលបាត់កូន ប្ដី ប្រពន្ធ កូន បងប្អូនជាដើម បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដែលបោះតង់មុខដីចម្ការលោក ខឹម វាសនា ក្នុងនោះក៏មានអ្នកស្រី ចាន់ថូ ផង។ 
 
កាន់រូបថតពីរសន្លឹកធំៗរបស់កូនស្រី អ្នកស្រី ចាន់ថូ សោកស្ដាយជាខ្លាំង មិនគួរកូនស្រីលង់ជឿការអូសទាញរបស់បក្សពួកលោក ខឹម វាសនា យ៉ាងដូច្នេះសោះ។ «មានអារម្មណ៍សោកស្ដាយ ដែលគាត់រើសមនុស្សខុស (ដើរតាមខុសមនុស្ស) ព្រោះគាត់ជឿខុសមនុស្ស ដោយសារតែពាក្យបំផុសបំផុល សុទ្ធតែគាត់ជាព្រហ្ម»។ នេះជាសំដីរបស់អ្នកស្រី ចាន់ថូ។
 
ក្រៅពីបង្ហាញការសោកស្ដាយចំពោះទង្វើអូសទាញមនុស្សបែបនេះ ស្រ្ដីជាម្ដាយរូបនេះ ចង់ឃើញរដ្ឋាភិបាលមានចំណាត់ការផ្លូវច្បាប់ចំពោះលោក ខឹម វាសនា រួមនិងបក្សពួកផងដែរ ដែលធ្វើឱ្យក្រុមគ្រួសារខ្លះបែកបាក់គ្នា បោះបង់ចោលការងារ និងកូនសិស្សបាត់បង់អនាគតជាដើម ដោយសារតែការអូសទាញរបស់ពួកគេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com