ជាតិ
NGO និងសហជីព រិះគន់ការដំឡើងឋានៈលោក ឈូក បណ្ឌិត ហើយស្នើរដ្ឋាភិបាលបកស្រាយ
03, Sep 2022 , 6:29 pm        
រូបភាព
ភ្នំពេញ៖ សង្គមស៊ីវិល និងសហជីព យល់ថា ការដំឡើងឋានរន្តសក្តិដល់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងស្វាយរៀង ឲ្យឡើងតំណែង គឺជាការជំរុញឲ្យមន្ត្រីផ្សេងៗមិនខ្លាចញញើតនឹងប្រព្រឹត្តបទល្មើ់ស។


 
តាមការស្នើសុំរបស់រដ្ឋាភិបាល ប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ សម្រេចចេញព្រះរាជក្រឹត្យ ដំឡើងឋានរន្តសក្តិ លោក ឈូក បណ្ឌិត ពីវរមន្រី្តថ្នាក់លេខ៣ ទៅឧត្តមមន្រី្តថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ មីនា ឆ្នាំ២០២២ ក្នុងកម្រងឯកសាររាជកិច្ច ចេញថ្ងៃទី៣១សីហា។
 
ជុំវិញការតែងតាំងខាងលើ មានមតិរិះគន់ច្រើន ដោយភ្ជាប់នឹងរឿងរ៉ាវនៃបទល្មើសរបស់លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មកររោងចក្រកៅវ៉េ(Kaoway) បណ្ដាលឲ្យរងរបួស៣នាក់នាអំឡុងឆ្នាំ២០១២។
 
ទាក់ទិនរឿងនេះ មេសហជីព លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា យល់ថា ជារឿងអាក្រក់បំផុតដែលដំឡើងតំណែងដល់ ខណៈមន្រី្តរូបនេះ ប្រព្រឹត្តបទល្មើសបាញ់ប្រហារលើកម្មករ។ ធ្ងន់ធ្ងរជាងនេះ ទៅទៀត ក្នុងសង្គមកម្ពុជា តែអនុញ្ញាតឲ្យជនដៃមានអំណាចកាន់តែធំឡើងៗ។ ជាក់ស្ដែង លោកលើកពីករណីអង្គរក្សរបស់នាយករដ្ឋមន្រី្ត វាយតំណាងរាស្រ្តនាពេលកន្លងមក បន្ទាប់ពីអនុវត្តទោសចប់ គឺត្រូវបានដំឡើងតំណែង។

លោ​កក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​។ 
 
«ករណីឈូក បណ្ឌិត ពុំមែនថ្មីទេ ដែលជាជនដៃដល់ បាទដៃប្រលាក់ឈាម ក្រោយអនុវត្តទោសប្រមាណមួយឆ្នាំ មានតែឈ្មោះ តែរាងកាយនៅក្រៅពន្ធានាគារ ហើយក៏ត្រូវផ្ដល់ឬដំឡើងតំណែងវិញ»។ លោក រ៉ុង ឈុន លើកឡើងបែបនេះ តាមរយៈកិច្ចសម្ភាសតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃទី២ កញ្ញា។
 
រីឯលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ពុំយល់ពីការតែងតាំងលោក ឈូក បណ្ឌិត ឡើយ។ ករណីនេះ នឹងបង្កភាពឈឺចាប់ដល់ជនរងគ្រោះ។ ដូចគ្នានឹងការលើកឡើងរបស់ លោក រ៉ុង ឈុន ដែរ លោក ប៉ាវ ស៊ីណា យល់ឃើញថា ការដំឡើងឋានរន្តសក្តិដល់មន្រី្តរូបនេះ នឹងផ្ដល់ជាគំរូភាព ជនមានអំណាចដទៃទៀត អាចនឹងប្រើប្រាស់ឥទ្ធិពលទៅប្រព្រឹត្តទង្វើខុសច្បាប់ដូចគ្នាដែរ។
 
មេសហជីពរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃនេះ យ៉ាងដូច្នេះ៖ «ការបាញ់បោះ ប្រព្រឹត្តអំពើខុសច្បាប់ ហើយបែរជាអនុវត្តទោសបន្តិចបន្តួច បន្ទាប់មកទទួលបាន តំណែងកាន់តែធំ វាដូចជាជំរុញឲ្យបុគ្គលដែលមានអំណាច កាន់តែប្រព្រឹត្តខុសច្បាប់ មិនខ្លាចនឹងបង្ករូបភាពដ៏អាក្រក់ឡើយ ខណៈកម្មករ ពលរដ្ឋប្រើសិទ្ធិស្របច្បាប់ដើម្បីទាមទារសិទ្ធិនិងអត្ថប្រយោជន៍របស់ពួកគេ»។
 
មន្ត្រីសង្គមស៊ីវិល លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ក៏រិះគន់ ករណីនេះដែរ។ លោកប្រាប់ទៅរដ្ឋាភិបាលឲ្យគិតគូរឡើងវិញ ចំពោះការដំឡើងតំណែងនេះ។

លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃCYN។ រូបពីហ្វេសប៊ុកលោក គីមហុង
 
រដ្ឋាភិបាល គួរវាយតម្លៃឲ្យច្បាស់លាស់ លើបុគ្គលដែលត្រូវដំឡើងឋានរន្តសក្តិ ដោយពិនិត្យមើលឥរិយាបទសមរម្យ។ នេះជាការស្នើសុំរបស់លោក ហេង គីមហុង ដោយអះអាងថា ការរិះគន់របស់មហាជន ក៏ដូចជាសង្គមស៊ីវិល មេសហជីព ជុំវិញការដំឡើងតំណែងដល់មន្ត្រីដែលធ្លាប់ប្រព្រឹត្តខុសច្បាប់ ពិសេសប្រើតួនាទីបម្រើរាស្រ្ត ទៅធ្វើបាបរាស្រ្តដែលជាទង្វើដ៏អាក្រក់បែបនេះ ពុំមានជាការរើសអើងឡើយ។
 
លោក ហេង គីមហុង ពន្យល់បន្តថា រដ្ឋាភិបាលត្រូវមានតម្លាភាពចំពោះពលរដ្ឋ ដោយចេញមុខបកស្រាយជាចំហរ ទៅកាន់មហាជនពីការសម្រេចរបស់ខ្លួន ខណៈដំឡើងឋានរន្តសក្តិដល់ជនដែលគ្មានវិជ្ជាជីវៈក្នុងការបំពេញការងារ។ «វិធានការរដ្ឋាភិបាលគួរមានការផ្សព្វផ្សាយជាចំហរ ពីមូលហេតុជាក់លាក់ថា ហេតុអ្វីឈ្មោះ ឈូក បណ្ឌិតនេះ ត្រូវដំឡើងតួនាទី ដែលធ្លាប់ប្រើប្រាស់ហិង្សា អាវុធ លើពលរដ្ឋ ទើបមហាជនបាត់ចម្ងល់»។ ទន្ទឹមនឹងនេះ លោក គីមហុង ដែលតាមដានព្រឹត្តិការណ៍សង្គម ពុំដែលឃើញមានសកម្មភាពលេចធ្លោណាមួយ ក្នុងការបំពេញឡើយ ជុំវិញកិច្ចការងាររបស់លោក ឈូក បណ្ឌិត នាពេលកន្លងមក។
 
ទន្ទឹមនឹងនេះ លោក ប៉ាវ ស៊ីណា ក៏ចូលរួមបកស្រាយដែរ ថាការរិះគន់ លើការដំឡើងតួនាទីនេះ ពុំមែនជាការប្រកាន់អតីតកាល ឬរើសអើងឡើយ។ ការរិះគន់នេះ មានហេតុផលសំខាន់ជាច្រើន ដូចលោក និងសង្គមស៊ីវិលដែលបានលើកឡើងខាងលើ ហើយហេតុផលចម្បងនោះ គឺបទល្មើសដែលលោក ឈូក បណ្ឌិត ប្រើអាវុធបាញ់លើកម្មករ ត្រូវបានតុលាការសម្រេចសម្រាលទោសឲ្យទាបបំផុត។ ករណីនេះ ប្រព្រឹត្តបទល្មើស និងការដាក់ទោស បើប្រៀបធៀបគ្នាទៅពុំសមឡើយ។


លោក ប៉ាវ ស៊ីណា កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាននៅព្រឹកថ្ងៃទី២២ មិថុនា ពេលយកលិខិតទៅដាក់នៅក្រសួងការងារ។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា)
 
លោក រ៉ុង ឈុន ក៏ប្រៀបធៀបករណីខ្លួនឯងដែរ ខណៈមន្ត្រីប្រព្រឹត្តបទល្មើសនៅតែអាចដំឡើងតួនាទី។ ប៉ុន្តែ លោក និងសមាជិក នៃសមាគមគ្រូបង្រៀនឯករាជ្យខ្លះ ត្រូវឈប់ចេញពីមន្រី្តក្របខណ្ឌទៅវិញ។ លោកចាត់ទុកជារឿងអយុត្តិធម៌បំផុត។
 
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មានថ្មីៗពុំអាចទាក់ទងខាងក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យ ឲ្យពន្យល់បកស្រាយបានឡើយ។
 
លក្ខណៈសម្បត្តិមូលដ្ឋាន ក្នុងការដំឡើងឋានរន្តសក្តិ គឺត្រូវគោរពវិន័យការងារបានត្រឹមត្រូវ មានស្មារតីទទួលខុសត្រូវ សម្រេចភារកិច្ចដែលប្រគល់ឲ្យ និងមានសីលធម៌ល្អ។ នេះបើយោងតាម មាត្រា១១ ក្នុងជំពូកទី៦ ស្ដីពីការដំឡើងថ្នាក់ និងការដំឡើងឋានន្តរស័ក្តិ នៃព្រះរាជក្រឹត្យស្ដីពី «លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការក្រសួងមហាផ្ទៃ» ដែលប្រកាសឲ្យប្រើប្រាស់នៅអំឡុងដើមឆ្នាំ២០០០។
 
ជាធម្មតារយៈពេលអប្បបរមានៃការឡើងថ្នាក់មន្ត្រីរាជការនេះ គឺត្រូវកម្រិត២ឆ្នាំម្ដង។ ដូច្នេះ ដើម្បីបានឡើងថ្នាក់នេះ គឺត្រូវចុះឈ្មោះក្នុងតារាងឡើងថ្នាក់។ ប៉ុន្តែ ករណី មន្រី្តរាជការណា បំពេញការងារមានស្នាដៃល្អពិសេស ត្រូវដំឡើងថ្នាក់ជាស្វ័យប្រវត្ដិ ដោយពុំគិតពីលក្ខខ័ណ្ឌអតីតភាពឡើយ។ នេះបើតាមជំពូកទី៤ ស្ដីពីការដំឡើងឋានន្តរស័ក្តិ  ឬឡើងថ្នាក់ មាត្រា២០ នៃច្បាប់ស្ដីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
 
មាត្រា៣៨ ក្នុងច្បាប់ដដែលនេះចែងថា អ្នករាជការទាំងអស់ ត្រូវបង្ហាញថាខ្លួនមានសមត្ថភាពក្នុងវិជ្ជាជីវៈ ក្នុងមុខងារ ហើយត្រូវទទួលខុសត្រូវពីកំហុស និងការឆ្គាំឆ្គងវិជ្ជាជីវៈព្រមទាំងបទល្មើសដែលខ្លួនបានធ្វើ។
 
ករណីកំហុសនិងការការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ត្រូវអនុវត្តទណ្ឌកម្មខាងវិន័យ ហើយករណីខ្វះខាតឬបាត់បង់សម្បទានវិជ្ជាជីវៈអាចត្រូវដាក់ឲ្យចូលនិវត្តន៍ ឬបញ្ឈប់ការងារ។ នេះបើតាមមាត្រា៣៩ ខណៈមាត្រា៤០ចែងថា ទណ្ឌកម្មថ្នាក់ទី១ គឺស្ដីបន្ទោស ឬលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ។  លើសពីនេះ ទណ្ឌកម្មថ្នាក់ទី២ ក្នុងមាត្រា៤០ដដែល កំណត់ថា ត្រូវស្ដីបន្ទោសជាទម្ងន់ ដាក់ឲ្យនៅទំនេរគ្មានប្រាក់ខែ បន្ថយឋានន្តរស័កក្តិ ដាក់ឲ្យចូលនិវត្តន៍ ឬអាចបណ្ដេញចេញពីមុខដំណែងជាមន្ត្រីរាជការ។
 
សូមជម្រាបថា លោក ឈូក បណ្ឌិត ជាអតីតអភិបាលក្រុងស្វាយរៀង ដែលកាលនោះឆ្នាំ២០១២ លោកបានបាញ់កម្មករ៣នាក់ឲ្យរបួស ក្នុងអំឡុងពេលតវ៉ា។ លោកត្រូវតុលាការឲ្យជាប់ទោស១ឆ្នាំ៦ខែ ដោយបង្ករបួសដោយអចេតនា ហើយតម្រូវឲ្យបង់ជំងឺចិត្ត៣៨លានរៀល៕ 

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងស្វាយរៀងដែលបានបាញ់​ទៅ​លើ​ហ្វូង​កម្មករ​បណ្ដាលឲ្យកម្មករ៣នាក់នៃ​រោងចក្រ​ Kaoway ក្នុង​ខេត្ត​ស្វាយរៀង រងរបួស កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។​ រូបថត​ដោយ VOA ហេង រស្មី

Tag:
 ឋានរន្តសក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com