ជាតិ
សង្គមជាតិ
លោក សៅ សុខា៖ ការតែងតាំងមេអាវុធហត្ថ គ្មានបក្សពួក-គ្រួសារនិយមទេ, ខ្ញុំ ក៏មានកូនប្រុសដែរ តែមិនតែងតាំង
04, Sep 2022 , 11:15 pm        
រូបភាព
 លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយ: ថ្មីៗ
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញពីសុក្រិតភាពក្នុងការតែងតាំងមេបញ្ជាកងរាអាវុធហត្ថហត្ថ ដោយលោក អះអាងថា ការតែងតាំងមេកងរាជអាវុធហត្ថណាម្នាក់ គឺផ្អែកលើសមត្ថភាព និងគុណសម្បត្តិផ្សេងទៀត ដោយមិនជាប់ព័ន្ធនឹងបក្សនិយម ឬគ្រួសារនិយមឡើយ។


 
លោក សៅ សុខា បានលើកករណីខ្លួនផ្ទាល់ មកធ្វើជាឧទាហរណ៍ ដើម្បីបញ្ជាក់ថា ពិតជាគ្មានបក្សពួកនិយម និងគ្រួសារនិយម ក្នុងជួរកងរាជអាវុធហត្ថ។ ដើម្បីធ្វើជាគំរូដល់គេ លោក សុខចិត្តមិនស្នើឲ្យមានការតែងតាំងកូនប្រុសរបស់លោក ធ្វើជាមេកងរាជអាវុធហត្ថនោះទេ។ 
 
ធ្វើជាអធិបតីក្នុងពិធីចូលកាន់តំណែងរបស់មេបញ្ជាការកងរាជអាវុធហត្ថថ្មីនៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក សៅ សុខា ថ្លែងដូច្នេះថា៖«កុំភ្លេច ការរៀបចំនេះ គ្មានទេ ពាក្យថា គ្រួសារនិយម បក្សពួកនិយម តំបន់និយម។ អស់លោក ជាកងរាជអាវុធហត្ថ ដឹងច្បាស់ហើយ ខ្ញុំ ក៏មានកូនប្រុសដែរ តែកូនខ្ញុំ អត់មានបានតែងតាំងឲ្យទៅធ្វើអីទេ។ កូនខ្ញុំ រៀនសូត្រ មានសញ្ញាបត្រមកពីក្រៅស្រុក១០ឆ្នាំជាង តែខ្ញុំ អត់ឲ្យមកប្រឡូកប្រឡាក់ទេ។ ដើម្បីអី? ដើម្បីខ្លួនខ្ញុំនេះ ជម្រះខ្លួនឯងសិន មុននឹងខ្ញុំ ទៅចាត់ចែងកិច្ចការជាមួយអង្គភាព»។  


លោក សៅ សុខា ថ្លែងក្នុងពិធីចូលកាន់តំណែងមេបញ្ជាការកងរាជអាវុធហត្ថថ្មីនៅខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ រូបពីវីដេអូលើទំព័រហ្វេសប៊ុក ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស
 
លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ មានប្រសាសន៍ថា មេកងរាជអាវុធហត្ថខេត្ត ដែលកាន់តំណែងបាន៥ឆ្នាំ នឹងត្រូវបានពិនិត្យម្តង ដើម្បីសម្រេចឲ្យមេកងរាជអាវុធហត្ថនោះ បន្តកាន់តំណែងទៀត បើធ្វើកិច្ចការបានល្អ ឬត្រូវដកចោល បើធ្វើកិច្ចការមិនបានល្អ។ លោក ប្រាប់ថា បើការដឹកនាំ មានបញ្ហាច្រើន ឬធ្វើការមិនកើត ត្រឹម២ឆ្នាំកន្លះប៉ុណ្ណោះ មេកងរាជអាវុធហត្ថខេត្ត អាចនឹងត្រូវដូរចេញតែម្តង ដោយមិនទុកឲ្យដល់៥ឆ្នាំឡើយ។ ម្យ៉ាងទៀត លោក បានប្រកាសថា ចាប់ពីពេលនេះទៅ មេកងរាជអាវុធហត្ថខេត្ត មិនអាចកាន់តំណែងលើសពី១០ឆ្នាំនោះទេ។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញប្រកាស តែងតាំងមេបញ្ជាការកងរាជអាវុធហត្ថថ្មីនៅតាមខេត្តចំនួន៨ រួមមាន ខេត្តកំពង់ធំ ខេត្តកំពត ខេត្តប៉ៃលិន ខេត្តតាកែវ ខេត្តកែប ខេត្តកោះកុង ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ៕   
 
 

Tag:
 សៅ សុខា
  កងរាជអាវុធហត្ថ
© រក្សាសិទ្ធិដោយ thmeythmey.com