អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មូស្គូ ព្រមានសងសឹកវិញ បើ EU អនុម័តផែនការរឹតបន្តឹងការផ្តល់ទិដ្ឋាការឱ្យពលរដ្ឋរុស្ស៊ីជាផ្លូវការ
05, Sep 2022 , 5:29 pm        
រូបភាព
ទិដ្ឋភាពវិមានក្រេមឡាំងក្នុងរដ្ឋធានីមូស្គូ។ រូបថត Xinhua
ទិដ្ឋភាពវិមានក្រេមឡាំងក្នុងរដ្ឋធានីមូស្គូ។ រូបថត Xinhua
ដោយ:
ក្រុងមូស្គូ នឹងចាត់វិធានការសងសឹកវិញឱ្យខ្លាំងក្លា ប្រសិនបើសហភាពអឺរ៉ុប (EU) អនុម័តលើការរឹតបន្តឹងផ្តល់ទិដ្ឋាការឱ្យប្រជាជនរុស្ស៊ីជាផ្លូវការ។ នេះបើតាមការលើកឡើងរបស់អ្នកពាក្យវិមានក្រេមឡាំង Dmitry Peskov នៅថ្ងៃទី៤ ខែកញ្ញា។

 
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាលើការផ្អាកកិច្ចព្រមព្រៀងផ្តល់ទិដ្ឋាការរវាង EU និងរុស្ស៊ី។ នេះស្ថិតក្នុងកិច្ចព្រមព្រៀងកម្រិតនយោបាយមួយដែលត្រូវរុញទៅស្ថាប័នសម្រេចចិត្ត EU បន្តទៀត ប៉ុន្តែបើត្រូវបានអនុម័តជាផ្លូវការ ចំនួនទិដ្ឋាការជាច្រើនដែលរដ្ឋ EU ចេញឱ្យប្រជាជនរុស្ស៊ីនឹងត្រូវបានកាត់បន្ថយ ហើយដំណើរការដើម្បីទទួលបានទិដ្ឋាការក៏កាន់តែពិបាកជាងមុនដែរ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ប្រាប់ទូរទស្សន៍ក្នុងស្រុកនៅថ្ងៃទី៤ ខែកញ្ញាថា​ រុស្ស៊ីកំពុងត្រួតពិនិត្យយ៉ាងដិតដល់ពីការសម្រេចចិត្តរបស់ EU។ ដោយមិនលម្អិតពីជំហានសងសឹក លោក Peskov អះអាងថា ទោះសម ឬមិនសម ការសងសឹកនោះប្រាកដណាស់នឹងជាផលប្រយោជន៍របស់រុស្ស៊ី។ 
 
សូមបញ្ជាក់ថា បើទោះជាកិច្ចព្រមព្រៀងនេះមិនឈានដល់សេចក្តីសម្រេចចុងក្រោយរបស់ EU ក៏ដោយ រដ្ឋអឺរ៉ុបមួយចំនួនដែលជាប់ព្រំដែនរុស្ស៊ីដូចជា ហ្វាំងឡង់ អេស្តូនី ឡេតូនី លីទុយអានី និងប៉ូឡូញកន្លងមកអះអាងថា នឹងចាត់វិធានការលើបម្រាមទិដ្ឋាការនេះត្រឹមកម្រិតថ្នាក់ជាតិ៕​
 
 
 
 
 

Tag:
 រុស្ស៊ី
  EU
© រក្សាសិទ្ធិដោយ thmeythmey.com