អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្រ្តីអ៊ុយក្រែន ទៅអាល្លឺម៉ង់ដើម្បីស្វែងរកជំនួយយោធាបន្ថែម
05, Sep 2022 , 9:29 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល (ឆ្វេង) និងនាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmygal (ស្ដាំ)។ រូបថត AFP
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល (ឆ្វេង) និងនាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmygal (ស្ដាំ)។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmygal បានទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់នៅថ្ងៃទី៤ ខែកញ្ញាក្នុងគោលបំណងស្វះស្វែងរកជំនួយយោធាបន្ថែម រួមជាមួយក្តីសង្ឃឹមថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសនាំមុខគេដែលជួយក្រុងកៀវអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស។

 
ទៅដល់ទីក្រុងបែរឡាំង នាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmygal បានជួបបន្តបន្ទាប់គ្នាជាមួយអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល និងប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier នៅថ្ងៃទី៤ ខែកញ្ញា។ លោក Shmygal ជាមន្រ្តីអ៊ុយក្រែនឋានៈខ្ពស់បំផុតដំបូងគេហើយដែលទៅបំពេញទស្សនកិច្ចនៅទឹកដីអាល្លឺម៉ង់ ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរហាក់មិនសូវសមប្រកបឡើយនៅប៉ុន្មានខែចុងក្រោយនេះជុំវិញការផ្តល់ជំនួយយោធាយឺតយ៉ាវ។
 
ទន្ទឹមនឹងការជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញ ទស្សនកិច្ចនេះ ជាការប៉ុនប៉ងរបស់ក្រុងកៀវដើម្បីរកជំនួយយោធាបន្ថែមពីក្រុងបែរឡាំងដែរ។ នាយករដ្ឋមន្រ្តីអ៊ុយក្រែនក៏បានអរគុណអាល្លឺម៉ង់ចំពោះការគាំទ្រ និងសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ហើយក៏ទទួលស្គាល់ថា រដ្ឋាភិបាលក្រុងបែរឡាំងកន្លងមកបានបង្កើនជំនួយយោធាជាច្រើនរួមមានសព្វាវុធធុនធ្ងន់ដូចជា រថក្រោះ Howitze 2000 ឬប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ MARS ដែលដំណើរការបានយ៉ាងល្អក្នុងសមរភូមិ។ 
 
« អ៊ុយក្រែនសង្ឃឹមថា អាល្លឺម៉ង់នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដឹកនាំដទៃទៀតដែលស្ថិតក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន»។ ទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីរបស់លោក Shmygal បែបនេះ។ បើតាមលោក Shmygal ប្រព័ន្ធការពារដែនអាកាស ​Iris-T របស់អាល្លឺម៉ង់រំពឹងថា នឹងទៅដល់អ៊ុយក្រែនក្នុងរដូវស្លឹកឈើជ្រុះខាងមុខ។
 
នាជំនួបទ្វេភាគី លោក Shmygal បានជជែកជាមួយអធិការបតីអាល្លឺម៉ង់ អំពីការពង្រឹងសមត្ថភាពការពារជាតិ និងការគាំទ្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ នេះបើតាមសាររបស់លោក Shmygal នៅលើបណ្តាញសង្គម Twitter។ រីឯ អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់វិញបញ្ជាក់ថា អំឡុងជំនួប លោក ស្ហូល បានប្តេជ្ញាគាំទ្រអ៊ុយក្រែនមិនត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុទៀតផង។
 
នៅថ្ងៃដដែល មុនជំនួបជាមួយលោក ស្ហូល នាយករដ្ឋមន្រ្តីអ៊ុយក្រែន​ក៏បានជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក Steinmeier ផងដែរ។ លោក Shmygal លើកឡើងថា បានពិភាក្សាអំពីស្ថានយោធា ការពង្រឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ក៏ដូចជាតម្រូវការអាវុធ។ ចំណែក យោងតាមអ្នកនាំពាក្យប្រធានាធិបតីអាល្លឺម៉ង់វិញ លោក Steinmeier បានធានាលោក Shmygal ថាអាល្លឺម៉ង់នឹងបន្តឈរជាខ្នងបង្អែករបស់អ៊ុយក្រែនជានិច្ច។ 
 
សូមបញ្ជាក់ថា កន្លងមក ទំនាក់ទំនងការទូតរវាងអាល្លឺម៉ង់ និងអ៊ុយក្រែនក៏មានបញ្ហាជុំវិញគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ទៅអ៊ុយក្រែនដែរដែលទំនងជាត្រូវបានច្រានចោលដោយក្រុងកៀវ។ ប៉ុន្តែ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអ៊ុយក្រែននៅអាល្លឺម៉ង់លើកនេះទំនងជាអាចប៉ះប៉ូវវិញបានហើយ៕​
 
 
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com