ជាតិ
ជនជាតិដើមភាគតិចកួយ បន្តរកឃើញបទល្មើសព្រៃឈើ២៤៩ករណីទៀត ក្នុងព្រៃព្រះរការ​
06, Sep 2022 , 1:59 am        
រូបភាព
ទីតាំងបទល្មើសព្រៃឈើក្នុងព្រៃព្រះរការ។ រូបពីហ្វេសប៊ុករបស់ លោក ហេង គីមហុង
ទីតាំងបទល្មើសព្រៃឈើក្នុងព្រៃព្រះរការ។ រូបពីហ្វេសប៊ុករបស់ លោក ហេង គីមហុង
ភ្នំពេញ៖ សហគមន៍ជនជាតិដើមភាគតិចកួយ នៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ បន្តរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ២៤៩ករណី ក្នុងរយៈពេល៨ថ្ងៃ។ ប៉ុន្តែ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ចាត់ទុកជាព័ត៌មានមិនពិត។

 
សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ  បាននាំគ្នាចុះពិនិត្យស្ថានភាពបទល្មើសព្រៃឈើជាបន្តបន្ទាប់ចំនួនពីរលើក។ លើកទី១ គឺចាប់ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី២សីហា ហើយលើកទីពីរ ពីថ្ងៃទី២៤ដល់២៧សីហា។ 
 
សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានបង្ហាញការខកចិត្ត និងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរកឃើញបទល្មើសជាហូរហែ។ ពួកគេសរសេរលើទំព័រហ្វេសប៊ុករបស់សហគមន៍ ជនជាតិដើមភាគតិចកួយភូមិប្រមេរុថា មន្រ្តីពាក់ព័ន្ធអសមត្ថភាព ហើយបណ្ដែតបណ្ដោយ ទើបធ្វើឲ្យបទល្មើសព្រៃឈើកើតមានឥតឈប់ឈរក្នុងដែនជម្រកសត្វព្រៃព្រះរការ។ 
 
ក្រុមជនជាតិភាគតិចកួយភូមិប្រមេរុអះអាងយ៉ាងដូច្នេះ៖ «យើងរកឃើញបទល្មើសព្រៃឈើកើតឡើងចំនួន ២៤៩ករណី ដែលក្នុងនោះមានក្តារបន្ទះបន្សល់ទុកចោលចំនួន២៨៦សន្លឹក, ឈើតាប់ចំនួន៣១៣សន្លឹក, ប្រទះឃើញរទេះក្របីកំពុងដឹកឈើចំនួន៣គ្រឿង, គោយន្តចំនួន២គ្រឿងផងដែរ»។ 
 
ក្នុងពេលចុះពិនិត្យចំនួនពីរលើកនេះ ពួកគេ បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ ដែលភាគច្រើន ជាប្រភេទដើមឈើទាល ពពេល គគី ត្រាច និងក្រឡាញ់ ជាដើម។ 
 
ប៉ុន្តែ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បដិសេធលើករណីដែល ប្រជាសហគមន៍រកឃើញនេះ។ លោក បានឲ្យដឹងថា ក្រុមសហគន៍ខាងលើចុះពិនិត្យតែម្នាក់ឯង ពុំបានសហការជាមួយអាជ្ញាធរឡើយ។ ដូច្នេះ លោកចាត់ទុករបាយការណ៍ ដែលពួកគេនេះ ជាករណីមិនពិតឡើយ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ប្រធានមន្តីររូបនេះ បាននិយាយថា៖ «បើក្រុមអ្នកសារព័ត៌មាន ឬក្រុមណាចង់ដឹងថាតំបន់ហ្នឹង(ព្រៃព្រះរការ​) មានករណីដូចសហគមន៍លើកឡើងមែនឬអត់ អាចចុះមកពិនិត្យជាមួយក្រុមការងារមន្ទីរបាន ហើយក្រុមសហគមន៍កន្លងមក ចេះតែធ្វើរបាយការណ៍តែម្នាក់ឯងប៉ុណ្ណោះ ខ្ញុំមិនយកជាការទេ»។ 
 
ករណីបទល្មើសព្រៃឈើនៅក្នុងព្រៃព្រះរការនេះ កន្លងមកត្រូវបានសហគមន៍ខាងលើរកឃើញជាបន្តបន្ទាប់ ហើយអាជ្ញាធរ និងមន្រី្តពាក់ព័ន្ធក៏តែងតែច្រានចោលផងដែរ។ 
 
 
យ៉ាងណាក្ដី សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ អំពាវនាវម្តងហើយម្តងទៀតដល់អាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការរារាំងសិទ្ធិសេរីភាពក្នុងការចូលរួមចំណែកការពារព្រៃឈើ ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងបើកទូលាយដល់អង្គការសង្គមស៊ីវិល សាធារណជន ក្នុងការរួមចំណែកធ្វើសកម្មភាពការពារធនធានធម្មជាតិផង។ លើសពីនេះ 
អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ ឲ្យមានតម្លាភាព និងការទទួលខុសត្រូវ ហើយបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានផងដែរ៕ 
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com