អន្តរជាតិ
ព្យុះ​ទីហ្វុង Hinnamnor បន្តដំណើរទៅជប៉ុន ក្រោយបក់បោកលើកូរ៉េ​ខាង​ត្បូង
06, Sep 2022 , 11:59 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ព្យុះទីហ្វុង Hinnamnor បានរំកិលចេញពីកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ក្រោយពីបានបោកបក់នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស ដែលបណ្តាលឱ្យមនុស្សម្នាក់បាត់ខ្លួន និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ។ ព្យុះនេះ កំពុងឆ្ពោះសំដៅទៅជប៉ុន។

 
ទីបំផុតព្យុះទីហ្វុង Hinnamnor បានបោកបក់ដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃទីក្រុង Geoje នៅព្រឹកថ្ងៃទី៦ ខែកញ្ញាម៉ោង ៤និង៥០នាទី។ ព្យុះនេះ ក៏នាំទៅជាមួយដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់នៅតាមតំបន់មួយចំនួននៅភាគខាងត្បូងរបស់កូរ៉េ​ខាង​ត្បូង។ 
 
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) ព្យុះទីហ្វុងទី១១ សម្រាប់ឆ្នាំ២០២២ បានរំកិលចេញពីទីក្រុងឆ្នេរសមុទ្រភាគអាគ្នេយ៍អ៊ុលសានឆ្ពោះទៅសមុទ្រខាងកើត ឬសមុទ្រជប៉ុននៅព្រឹកម៉ោង៧និង១០នាទី។ ចំកណ្តាលនៃព្យុះនេះ មានល្បឿនខ្យល់អតិបរមា៤០គីឡូម៉ែត្រក្នុងមួយវិនាទីគិតត្រឹមម៉ោង ៦ព្រឹក ដែលនេះជាកម្លាំងស្រដៀងនឹងព្យុះ Maemi ដែលជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារកូរ៉េខាងត្បូងក្នុងឆ្នាំ២០០៣។
 
លើសពីនេះ ព្យុះទីហ្វុង Hinnamnor ត្រូវ​បាន​ព្យាករណ៍ថា ​នឹង​រំកិលដល់ដែនទឹក​ភាគ​ឦសាន​នៃ​កោះ Ulleung ​មុនបន្តដំណើរទៅភាគឦសានឆ្ពោះទៅទីក្រុង Sapporo របស់ជប៉ុននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៦ ខែកញ្ញា។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល និយាយថា លោក យូនបានបើកកិច្ចប្រជុំឆ្លើយតប និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធមានការប្រុងប្រយ័ត្នរហូតដល់ព្យុះទីហ្វុងនេះរលត់ទាំងស្រុងពីប្រទេស។
 
ទោះមានកម្លាំងខ្យល់ខ្លាំង ព្យុះនេះមិនបានបង្កផលប៉ះពាល់ខ្លាំងឡើយ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង នៅទីក្រុងអ៊ុលសាន បុរសដែលស្រវឹងស្រាម្នាក់អាយុ​២៥ឆ្នាំ បាត់ខ្លួនបន្ទាប់ពីធ្លាក់ចូលក្នុងទឹកអូរនៅវេលាម៉ោង១ព្រឹកអំឡុងពេលព្យុះកំពុងមានសកម្មភាព។ ព្យុះនេះក៏បណ្តាលឱ្យមានមនុស្ស៣៤៦៣នាក់នៅក្នុងនៅក្នុងខេត្ត South Gyeongsang និង South Jeolla និងទីក្រុង Busan ត្រូវបានជម្លៀសចេញ ហើយផ្ទះចំនួន២០៣៣៤ខ្នងត្រូវបានផ្តាច់អគ្គិសនីផងដែរ។
 
កប៉ាល់ចំនួន៧០ ត្រូវផ្អាកធ្វើដំណើរ ហើយជើងហោះហើរចំនួន២៥១នៅអាកាសយានដ្ឋានចំនួន ១២នៅទូទាំងប្រទេសត្រូវបានលុបចោល និងកាលវិភាគរថភ្លើងចំនួន៣៥៤ត្រូវបានកែសម្រួលឡើងវិញ។ ព្យុះនេះក៏បានធ្វើឱ្យផ្លូវជាច្រើននៅទូទាំងប្រទេសបានបិទផងដែរគិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា៕
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com