ជាតិ
វីដេអូ
លោក វ៉ី សំណាង រំពឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងផ្ដល់ភាពទាក់ទាញ និងកំណើនទេសចរខេត្តកំពង់ស្ពឺ
06, Sep 2022 , 6:59 pm        
រូបភាព
កំពង់ស្ពឺ៖ ក្រោយការសាងសង់ជាង១ឆ្នាំ កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធីបតីភាពលោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។ កីឡដ្ឋាននេះ នឹងកែប្រែសោភណ្ឌភាពខេត្តកំពង់ស្ពឺ ថែមទៀត។


 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អះអាងថា កីឡដ្ឋាននេះជាផ្នែកមួយជួយកែប្រែសោភណ្ឌភាព កិត្តិយសខេត្ត និងលើកកម្ពស់វិស័យកីឡាផងដែរ។ លើសពីនេះ លោកក៏រំពឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងផ្ដល់ភាពទាក់ទាញ ក៏ដូចជាជំរុញកំណើនទេសចរក្នុងខេត្តកំពង់ស្ពឺបន្ថែមផងដែរ។ 


 
«កាលពីមិនទាន់មានកីឡដ្ឋានហ្នឹងក៏មានមនុស្សមកលេងយ៉ាងច្រើនដែរ ព្រោះយើងមានតំបន់ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ ទេសចរណ៍ប្រវត្តិសាស្រ្ត។ បើយើងមានកន្លែងនេះមួយទៀត ខ្ញុំរំពឹងថាទេសចរណ៍នឹងបង្កើនមកលេងនេះទៀត។ គាត់មកលេងកីឡាហ្នឹងក៏បម្រើឱ្យវិស័យទេសចរដែរ»។ នេះជាការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
 
កីឡដ្ឋានខេត្តកំពង់ស្ពឺ មានចម្ងាយ​ប្រមាណ​៤គីឡូម៉ែត្រពីផ្លូវជាតិ​លេខ៤ ក្នុងភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន។ «កីឡដ្ឋានខេត្តកំពង់ស្ពឺ»  បាន​ក្លាយ​ជា​កីឡដ្ឋាន​ស្តង់ដារ​ដំបូងបំផុត​នៅក្នុងខេត្តមួយនេះ ជាពិសេស​កីឡា​បាល់ទាត់ ដែលពេញនិយម​បំផុត។ 
 
កីឡដ្ឋាននេះ ត្រូវបាន​សាងសង់ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក ហ៊ុន ម៉ានី ដែល​ជាអ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ដោយ​លោក​សម្រេច​ឲ្យមានគម្រោង​នេះ ដើម្បី​រួមចំណែក​អភិវឌ្ឍនវិស័យ​កីឡាក្នុងខេត្ត និងក្នុងក្របខណ្ឌ​កម្ពុជា​ទាំងមូល ដែល​កំពុង​ត្រៀម​ធ្វើជាម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣។
 
កីឡដ្ឋានខេត្តកំពង់ស្ពឺ ​មាន​កន្លែង​សម្រាប់អ្នក​ទស្សនា​ចំនួន​៣០០០នាក់ ដោយ​ក្រៅពីទីលាន​បាល់ទាត់ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក៏មានទីលាន​រត់​ប្រណាំង សួន​កុមារ កន្លែងហាត់ប្រាណ សំណង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និង​រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ៕
 

Tag:
 កីឡដ្ឋានខេត្តកំពង់ស្ពឺ
 វ៉ី សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com