ជាតិ
ស្រូវជិត២ម៉ឺនហិកតា ត្រូវបានខូចខាតដោយជំនន់ទឹកភ្លៀង
07, Sep 2022 , 7:59 pm        
រូបភាព
 ស្រូវពង្រោះរាប់រយហិកតា ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ស្រូវពង្រោះរាប់រយហិកតា ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ស្រូវពលរដ្ឋជិត ២ម៉ឺនហិកតា ត្រូវបានខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះខេត្តកំពង់ធំ រងគ្រោះខ្លាំងជាងគេ ដោយមានស្រូវខូចប្រមាណ៧៦០០ហិកតា។ នេះបើយោងតាមរបាយការ​ណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។



បច្ចុប្បន្ន ខេត្តចំនួន១៦ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ និងកំពត។ ចំណែក ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ ត្បូងឃ្មុំ ប៉ៃលិន សៀមរាប ព្រះសីហនុ តាកែវ និងក្រុងភ្នំពេញ ប៉ះពាល់ស្រូវកសិករជាង៤,៥ម៉ឺនហិកតា ក្នុងនោះខូចខាតជិត២ម៉ឺនហិកតា និងសង្រ្គោះបាន២,៥ម៉ឺនហិកតា។ 
 
ការដាំស្រូវវស្សាឆ្នាំ២០២២នេះ មានសភាពយឺតយ៉ាវ និងពុំទាន់សម្រេចតាមផែនការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឡើយ ដោយសារបញ្ហាភ្លៀងធ្លាក់ជាប់តាំងពីដើមឆ្នាំមក។ ជាក់ស្ដែង មកដល់ពេលនេះ ការដាំដុះស្រូវវស្សាសម្រេចបាន២,៥ លានហិកតា នៃផែនការសរុបជាង២,៦លានហិកតា។ 
 
សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងខ្យល់កន្រ្តាក់ ដែលអាចកើតឡើងចន្លោះថ្ងៃទី៧ដល់១៣ ខែកញ្ញា ដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពោធទាប (ITCZ) និងខ្យល់មូសុងនិរតីបងក្នុងល្បឿនមធ្យមទៅបង្គួរ៕ 
 
 
 
 

Tag:
 កសិកម្ម
  គ្រោះមហន្តរាយ
  ស្រូវខូច
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com